អតីត​ទីប្រឹក្សា EU ៖ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ត្រាំ​និង​ចិន ទំនង​ធ្វើឱ្យប៉ះពាល់​វិស័យសេដ្ឋកិច្ច​អាមេរិក​ភាគច្រើនបំផុត​

876
ចែករម្លែក

​អតីត​ទីប្រឹក្សា​របស់​ស​ហ​ភាព​អឺរ៉ុប (EU) លោក ប៉ាវ​ឡូ វ៉ុ​ន ស៊ីរ៉ា​ច់ (Paolo von Schirach) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក​ថា វិស័យ​ភាគច្រើន​នៅក្នុង​សេដ្ឋកិច្ច​អាមេរិក​នឹង​ទទួលរង​ផលប៉ះពាល់​ពី​ការប៉ះទង្គិច​ខាង​ពាណិជ្ជកម្ម​ដែល​កំពុងតែ​កើនឡើង​ខ្លាំង​រវាង​សហរដ្ឋអាមេរិក​និង​ចិន ក្នុងពេលដែល​ប្រទេស​ទាំង​២ ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ទ្វេភាគី​។​

​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មិថុនា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​វាយ​ពន្ធ​នាំចូល ២៥ ភាគរយ​លើ​ទំនិញ​បច្ចេកវិជ្ជា​តម្លៃ ៥០ ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ចិន ដែល​ជំ​រុញឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​វាយ​ពន្ធ​វិញ​ធ្ងន់ធ្ងរ​យ៉ាង​រហ័ស​លើ​ទំនិញ​អាមេរិក​ជាង ៦០០ មុខ​។​

​លោក​ស៊ីរ៉ា​ច និយាយថា “​វិស័យ​មួយចំនួន​ក្នុង​សេដ្ឋកិច្ច​របស់​អាមេរិក​អាច​នឹងមាន​ភាព​ធូរស្រាល​ខ្លះ ពីព្រោះ​ការ​វាយ​ពន្ធ​នឹង​ជួយ​ទប់ស្កាត់​ដៃគូ​ប្រកួតប្រជែង​ចិន​។ ប៉ុន្តែ​តម្លៃ​ខ្ពស់​ដែល​បណ្តាលមកពី​ពន្ធ​នាំចូល នឹង​បន្ត​កើនឡើង​នៅ​ទូទាំង​សេដ្ឋកិច្ច​អាមេរិក ដែល​នឹងមាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​វិស័យ​ភាគច្រើន​”​។​

​លោក​ស៊ីរ៉ា​ច់​បាន​និយាយថា​សង្គ្រាម​សេដ្ឋកិច្ច​ដែល​កំពុង​កើនឡើង​នេះ​អាចធ្វើឱ្យ​រាំងស្ទះ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត​លើ​ផ្នែក​សន្តិសុខ​។​

​លោក​ស៊ីរ៉ា​ច់​បាន​ព្រមាន​ថា “​ដោយហេតុថា​ឥឡូវនេះ​កំពុងមាន​បញ្ហា​ដ៏​ចម្រូងចម្រាស់​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​កូរ៉េខាងជើង បញ្ហា​ជម្លោះ​អំពី​សមុទ្រ​ចិន​ខាងត្បូង ដូច្នេះ​ការបន្ថែម​បញ្ហាសំខាន់​មួយទៀត​ទៅក្នុង​បញ្ជី​នេះ​ទំនងជា​បង្កឱ្យមាន​ផលវិបាក​ផ្នែក​នយោបាយ​អវិជ្ជមាន​ជាច្រើន ដែល​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​”​។​

​លោក​ស៊ីរ៉ា​ច់​បន្តថា សហរដ្ឋអាមេរិក​មាន​សិទ្ធិ​ស្របច្បាប់​ដើម្បី​តវ៉ា​ជាមួយ​ចិន​រឿង​អនុវត្ត​ពាណិជ្ជកម្ម ប៉ុន្តែ​វិធីសាស្ត្រ​របស់​ត្រាំ​មិនមែនជា​ចម្លើយ​នោះទេ​។

​អតីត​ទីប្រឹក្សា​របស់​ស​ហ​ភាព​អឺរ៉ុប​រូបនេះ​បានចង្អុលបង្ហាញ​ថា ក្រុមហ៊ុន​អាមេរិក​ជា​ញឹកញយ​ត្រូវបាន​ប្រព្រឹត្តិ​ដាក់​មិន​យុត្តិធម៌​ដោយ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ចិន​។ លោក​បន្ថែមថា​ប៉េកាំង​ជា​ញឹកញាប់​បានដាក់​កំហិត​លើ​ក្រុមហ៊ុន​អាមេរិក​ពី​ការចូល​ក្នុង​ទីផ្សារ ខណៈ​ឧបសគ្គ​មិនមែន​ពន្ធ​ដ៏​គួរឱ្យ​សង្ស័យ​និង​កាតព្វកិច្ច​ដទៃទៀត​ត្រូវបាន​ដាក់​មកលើ​វិនិយោគិន​អាមេរិក​។​

​លោក​ស៊ីរ៉ា​ច់​និយាយថា រដ្ឋាភិបាល​ចិន​ក៏បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​អាមេរិក​ចែករំលែក​កម្មសិទ្ធិបញ្ញា​បច្ចេកវិជ្ជា​ផងដែរ​ដើម្បី​ជា​ថ្នូរ​ទទួលបាន​លទ្ធភាព​ចូល​ទីផ្សារ​។ ទោះយ៉ាងណា ដំណោះស្រាយ​របស់​រដ្ឋបាល​ត្រាំ​ដើម្បី​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​នៅតែ​មិនមាន​មូលដ្ឋាន​។​

​លោក​ស៊ីរ៉ា​ច់​បាន​លើកឡើងថា “​សង្គ្រាម​ពាណិជ្ជកម្ម ដែល​ធ្វើឡើង​សម្អាង​លើ​ការពិត​ដែលថា​ប្រទេស​ចិន​មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​និង​ថា​នេះ​ជា​ល្បិចកល​នោះ គឺ​មិនមែនជា​វិធី​ល្អ​នោះទេ​។ នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម គ្រប់គ្នា​គឺជា​អ្នកចាញ់​”៕ ដោយ៖ កញ្ញាដាលីស