អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក​ស្រី យី​ង​ឡាក់ សុំឱ្យ​អ្នកគាំទ្រ​កុំទៅ​តុលាការ នៅ​ថ្ងៃ​ប្រកាស​សាលក្រម​

438

​លោ​កស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ បានស្នើ​សុំឱ្យ​ក្រុម​អ្នកគាំទ្រ សម្តែង​ការគាំទ្រ​សម្រាប់​លោកស្រី ពី​ផ្ទះ​របស់​ពួកគេ នៅ​ថ្ងៃ​សុក្រ​ទី​២៥​សីហា ជាជាង​ទៅ​តុលាការ​កំពូល​នោះ សម្រាប់​ការ​ស្តាប់​ការសម្រេច​ក្តី​អំពី​ការ​វិនិច្ឆយ​ទោស​របស់​លោកស្រី ដើម្បី​ចៀសវាង “​បញ្ហា​កើតឡើង​ណាមួយ​នោះ​”​។​

​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បាន​និយាយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ស្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​(២៤​ខែសីហា​)​ថា “​ខ្ញុំ​ចង់ឱ្យ​អ្នក​ទាំងអស់គ្នា​ដែល​ព្រួយបារម្ភ​អំពីខ្ញុំ និង ចង់​ផ្តល់​ការគាំទ្រ​ខាង​ស្មារតី​ដល់​ខ្ញុំ​នោះ កុំ​ធ្វើដំណើរ​ទៅ​តុលាការ​នៅ​ថ្ងៃស្អែក ហើយ​តាមដាន​រឿងក្តី​នេះ នៅផ្ទះ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ដែល​អាច​កើតឡើង​ពី​ក្រុមមនុស្ស​ដែល​មិនមាន​បំណងល្អ​ចំពោះ​អ្នក​”​។​

​លោកស្រី បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​អ្នកគាំទ្រ​របស់លោក​ស្រី​ចំពោះ​ការតាមដាន​ព្រឹ​ត្ត​ការណ៍​មួយ​នេះ ក្នុងចំណោម​ព្រឹ​ត្ត​ការណ៍​ដ៏​សំខាន់ៗ​ទាំងឡាយ​ដែល​បាន​កើតឡើង​នៅក្នុង​នយោបាយ​ថៃ នៅពេលដែល​តុលាការ​កំពូល​ថៃ​នឹង​សម្រេច​ក្តី​អំពី​ករណី​នៃ​គម្រោង​ទិញស្រូវ​អង្ករ​ដ៏​ចម្រូងចម្រាស់​នេះ​។​

​លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​ភារកិច្ច ដែលនាំឱ្យ​មាន​អំពើពុករលួយ​និង​បាន​បាត់​ថវិការដ្ឋ​ដ៏​ច្រើន​ក្នុង​គម្រោង​នេះ​។​

​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់​ថៃ រំពឹងថា​មនុស្ស​រវាង​២.០០០​នាក់ ទៅ​៣.០០០​នាក់​នឹង​ប្រមូលផ្តុំ​គ្នា​នៅ​ពីមុខ​តុលាការ​នេះ​ដើម្បី​គាំទ្រ​លោកស្រី​។ ប៉ូលិស​ប្រហែល​៤.០០០​នាក់​ត្រូវបាន​រំពឹងថា​នឹង​ស្ថិតនៅ​ទីនោះ​ដើម្បី​ការពារ​សន្តិសុខ​៕ ដោយ៖ សុខា

លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បានស្នើ​សុំឱ្យ​ក្រុម​អ្នកគាំទ្រ សម្តែង​ការគាំទ្រ​សម្រាប់​លោកស្រី ពី​ផ្ទះ​របស់​ពួកគេ នៅ​ថ្ងៃ​សុក្រ ជាជាង​ទៅ​តុលាការ