អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ជាប់ពន្ធនាគារ​៧​ឆ្នាំ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​

526
ចែករម្លែក

​តុលាការ​មួយ​បាន​កាត់ទោស​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​ណា​វ៉ាស សារី​ហ្វ (Nawaz Sharif) ឱ្យ​ជាប់គុក ៧ ឆ្នាំ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​ធ្នូ​។​

​គណបក្ស​របស់លោក​បាន​និយាយថា ការសម្រេច​នេះ​គឺជា “​ចំណុច​ខ្មៅ​” នៅក្នុង​ប្រព័ន្ធយុត្តិធម៌​។​

​សាលក្រម​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោក​សារី​ហ្វ​ត្រូវបាន​ដក​ចេញពី​អំណាច​កាលពី​ឆ្នាំមុន​ជុំវិញ​ការចោទប្រកាន់​អំពី​ការប្រព្រឹត្ត​អំពើពុករលួយ​។​

​លោក​សារី​ហ្វ ដែល​ធ្លាប់បាន​បំពេញការងារ​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៣​របស់លោក បាន​បដិសេធ​រាល់​ការធ្វើ​ខុស​ណាមួយ​។​

​គាត់​ត្រូវបាន​ចោទប្រកាន់ថា​មានទ្រព្យ​សម្បត្តិ​លើសពី​ប្រភព​ចំណូល​ដែល​គេ​ដឹង​ហើយ​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​សាលក្រម​ត្រូវបាន​ប្រកាស​ភ្លាមៗ​។​

​គាត់​អាច​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​សាលក្រម​នេះ ដែល​ក្រោម​សាលក្រម​នេះ​គាត់​ក៏ត្រូវ​បាន​ពិន័យ ២៥ លាន​ដុល្លារ​ផងដែរ ដោយសារ​មិនបាន​បង្ហាញ​ពី​របៀប​ដែល​គ្រួសារ​របស់គាត់​បា​នប​ង្កើ​ត​រោងចក្រ​ផលិត​ដែកថែប Al Azizia Steel Mills នៅពេលដែល​គាត់​ត្រូវបាន​និរទេស​ខ្លួន​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដោយ​លោក​ភើ​វេស មូ​សា​រ៉ា​ហ្វ (Pervez Musharraf) ជា​អតីតជន​ផ្តាច់​ការដែល​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​លោក​សារី​ហ្វ​កាលពី​ឆ្នាំ ១៩៩៩​។​

​តុលាការ​ដដែល​នេះ​បានសម្រេច​ឱ្យ​លោក​សារី​ហ្វ​រួចខ្លួន​ក្នុងករណី​ទី ២ ទាក់ទង​នឹង​ជំនួញ​របស់​គ្រួសារ​គាត់​នៅ​ចក្រភព​អង់គ្លេស​។​

​យោងតាម​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់​ប៉ា​គី​ស្ថាន អង្គភាព​នេះ​នឹង​តវា​ប្រឆាំងនឹង​ការសម្រេច​ឱ្យ​រួចខ្លួន​ក្នុងករណី​ទី​២​ដល់​លោក​សារី​ហ្វ ដែល​ត្រូវគេ​បញ្ជូន​ចូល​គុក​មួយ​ថ្ងៃមុន​ថ្ងៃ​ខួបកំណើត​របស់គាត់​។​

​បន្ទាប់ពី​ត្រូវបាន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ទីក្រុង​រ៉ា​វ៉ាល់​ពី​ន​ឌី (Rawalpindi) លោក​សារី​ហ្វ​ត្រូវគេ​រំពឹងថា​នឹងត្រូវ​បញ្ជូនមក​ពន្ធនាគា​រ​ក្នុង​ទីក្រុង​ឡា​ហ័​រ​នៅ​ថ្ងៃ​អង្គារ​ទី​២៥​ធ្នូ​តាម​សំណើ​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​ណា​វ៉ាស សារី​ហ្វ