អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ត្រូវបានផ្លាស់​ពី​ពន្ធនាគារ​មក​មន្ទីរពេទ្យ​

351
ចែករម្លែក

​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ដែលមាន​ជំងឺ​លោក ណា​វ៉ា សារីហ្វ ដែល​ត្រូវ​បាន​ជាប់គុក​ពី​បទ​លាង​លុយ​និង​ពុករលួយ ត្រូវបាន​ផ្លាស់ប្តូរ​មក​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​រដ្ឋាភិបាល​​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​មាន​ជំងឺ​គាំងបេះដូង​។​

​លោក ម៉ា​យ៉ាម អូ​រ៉ា​ន់​ហ្សេ​ប អ្នកនាំពាក្យ​របស់​គណ​បក្ស​សម្ពន្ធភាព​អ៊ីស្លាម​របស់​អតីត​នាយករដ្ឋមន្ត្រី​នេះ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​តុលា​ថា ស្ថានភាព​សុខភាព​របស់​​លោក ណា​វ៉ា សារីហ្វ នឹង​មិន​អនុញ្ញាត​ឱ្យ​លោក​ផ្លាស់​ទៅ​មន្ទីរពេទ្យ​ផ្សេង​ទៀត​នោះ​ទេ​។​

​លោក ម៉ា​មូដ អា​យ៉ាស មន្ត្រីជាន់ខ្ពស់​មន្ទីរពេទ្យ​នេះ បាន​និយាយថា​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​របស់ខ្លួន មិន​បាន​យល់ព្រម​ផ្លាស់ប្តូរ លោក ណា​វ៉ា សារីហ្វ ទេ​ហើយ​លោក​ផ្ទាល់​ក៏​មិន​បាន​​ស្នើ​ដែរ​។​

​តុលាការ​ជាន់ខ្ពស់​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​កាលពី​ថ្ងៃ​សៅរ៍​បានផ្តល់​សេរីភាព​ជា​បណ្តោះអាសន្ន​ដល់​លោក ណា​វ៉ា សារីហ្វ រហូត​ដល់​ក្រុម​ចៅក្រម​២​នាក់​ផ្សេង​ទៀត សម្រេច​នៅ​ថ្ងៃ​អង្គារ​​ថា​តើ​ការកាត់ទោស​ជាប់​ពន្ធនាគារ​រយៈពេល ៧​ឆ្នាំ​លើ​រូប លោក ណា​វ៉ា សារីហ្វ​ពី​បទ​ពុករលួយ គួរតែ​ត្រូវបាន​ព្យួរ​ដោយសារតែ​ជំងឺ​របស់​លោក​ដែរ​ឬ​អត់​នោះ​។​

​សូមរ​ណ​លឹកថា លោក ណា​វ៉ា សារីហ្វ បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ចំនួន​៣​ដង​។ តុលាការ​កំពូល​បាន​ដក​លោក​ចេញពី​តំណែង​កាលពី​ឆ្នាំ ២០១៧​ចំពោះ​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​​អំពើពុករលួយ​៕​ដោយៈ​សុខា​/sn

​​លោក ណា​វ៉ា សារីហ្វ មក​ដល់​តុលាការ​ក្រុង​ឡាហ័​រ ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃទី​១១​ខែតុលា ឆ្នាំ​២០១៩