អតីត​នាយករដ្ឋមន្ត្រី​អាប់​ភិស៊ី​ត លាឈប់​ពី​សភា ក្រោយ​គណបក្ស​ប្រជាធិបតេយ្យ​គាំទ្រ​ប្រា​យុទ្ធ ជា​នាយករដ្ឋមន្ត្រី​

754
ចែករម្លែក

​អតីត​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​លោក​អាប់​ភិស៊ី​ត វេចា​ជីវ៉ា កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​៥​មិថុនា​បាន​ប្រកាសថា​លោក​នឹង​លាឈប់​ពី​សមាជិក​សភា ដោយ​ថា​លោក​មិន​អាច​​ក្បត់​ពាក្យ​សម្តី​របស់​លោក​និង​ដើរ​តាម​ការសំរេចចិត្ត​របស់​គណបក្ស​ប្រជាធិបតេ​យ្យ ដើម្បី​គាំទ្រ​ឧត្តមសេនីយ៍ប្រា​យុទ្ធ ចាន​អូ​ចា ជា​នាយករដ្ឋមន្ត្រី​ថៃ​បន្ទាប់​។​

​អាប់​ភិស៊ី​ត បាន​និយាយថា កាល​ពី​លោក​នៅ​ជា​មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ មុន​ការបោះឆ្នោត លោក​បាន​សន្យា​ថា​គណបក្ស​នឹង​មិន​គាំទ្រ​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ជា​នាយក​​រដ្ឋមន្ត្រី​បន្ទាប់​ទេ ដូច្នេះ​«​ខ្ញុំ​មិន​អាច​ចូលរួម​ប្រជុំ​សភា​ហើយ​បោះឆ្នោត​ប្រឆាំង​ការសំរេចចិត្ត​របស់​គ​ណ​បក្ស​ទេ​…​។​ខ្ញុំ​មិន​អាច​បោះឆ្នោត​គាំទ្រ​ឧត្តមសេនីយ៍ ប្រា​យុទ្ធ​ទេ​។​បោះឆ្នោត​​មាន​ន័យ​ថា​ខ្ញុំ​មិន​គោរព​ការសន្យា​របស់​ខ្ញុំ​ជាមួយ​ប្រជាជន​…»​។​

​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន​អូ​ចា និង​អ្នកនយោបាយ​ប្រឆាំង​យោធា​វ័យក្មេង ថា​ណា​ថន ចាង​រឿង​គិត​ចា​គិត ត្រូវ​ប្រជែង​គ្នា​សំរាប់​តំណែង​នាយករដ្ឋមន្ត្រី​ក្នុង​ការបោះឆ្នោត​ក្នុង​សភា​នៅ​ថ្ងៃ​ពុធ​ទី​៥​មិថុនា​នេះ បន្ទាប់ពី​ក្រុម​ប្រឆាំង​របប​សឹក​បាន​សំរេច​ជា​ចុងក្រោយ​ថា ប្រធាន​បក្ស​ធំ​បំផុត​លំដាប់​ទី​៣​នេះ សមស្រប​សំរាប់​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ទោះ​ជា​តុលាការ​ធម្មនុញ្ញ​បាន​ព្យួរ​ការងារ​សភា​របស់​លោក​ក្តី​។​

​សំរាប់​ប្លុក​ប្រឆាំង​យោធា មាន​បេក្ខជន​៣​រូប​ទៀត​មកពី​គណបក្ស​ភឿ​ថៃ តែ​លោក​ថា​ណា​ថន​មកពី​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​ដែល​ទើប​បង្កើត​ថ្មី​តែ​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង​ទទួលបាន​ការគាំទ្រ​ជាងគេ​។​

​គណបក្ស​ភឿ​ថៃ មិន​សង្ឃឹមថានឹង​ទទួលបាន​ការគាំទ្រ​ពី​សមាជិក​សភា​មកពី​ក្រៅ​ប្លុក​របស់ខ្លួន​ទេ​តែ​ដោយសារ​ចង់​បំពេញ​ការ​សន្យាថា​នឹង​រារាំង​ក្រុម​យោធា​កុំ​អោយ​បន្ត​កាន់​អំណាច​តទៅទៀត ខ្លួន​ក៏​គាំទ្រ​លោក​ថា​ណាថ​ន​ដែល​ជា​ប្រធាន​គណបក្ស​ដៃគូ ជា​បេក្ខជន​ប្រជែង​ជាមួយ​លោក​ប្រា​យុទ្ធ​ទៅ តែ​វា​ក៏​បណ្តាល​អោយ​សមាជិក​បក្ស​ភឿ​ថៃ​មួយ​ចំនួន​មិន​សប្បាយចិត្ត​ដែរ​។​

​ទោះជា​យ៉ាងណា លោក​ប្រា​យុទ្ធ ដែល​កំពុង​ស្ថិត​ក្នុង​តំណែង​នាយករដ្ឋមន្ត្រី​ស្រាប់ ត្រូវ​រំពឹងថា​នឹង​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​ដដែល បន្ទាប់​ពី​ប្លុក​យោធា​ធានា​បាន​សមាជិកសភា​ភាគច្រើន​២៥៤ រួមមាន​សមាជិក​សភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​ភូម​ចៃ​ថៃ​។​

ថ្នាក់ដឹកនាំគណបក្ស ប្រជាធិបតេយ្យ ប្រជុំសំរេចចូលរួមជាមួយក្រុមចំរុះដឹកនាំដោយ គណបក្សផាឡាំង ប្រាចារ៉ាតកាលពីថ្ងៃអង្គារ

​គណបក្ស ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​អង្គារ​បាន​សំរេច​នៅ​នាទី​ចុង​ក្រោយ​ដើម្បី​ចូលរួម​ក្រុមចំរុះ​ដឹកនាំ​ដោយ​គណបក្ស​ផា​ឡាំង ប្រា​ចា​រ៉ា​ត របស់​ក្រុម​លោក​ប្រា​យុទ្ធ​។​ទោះជា​យ៉ាងណា​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន ស្ទាក់ស្ទើរ​ក្នុង​ការបោះ​ឆ្នោត​គាំទ្រ​លោក​ប្រា​យុទ្ធ ដោយសារតែ​លោក​ជា​មេដឹកនាំ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​នៅ​ឆ្នាំ​២០១៤​។​

​សូមបញ្ជាក់​ថា​ថៃ​នៅតែ​បែកបាក់​គ្នា​យ៉ាង​ជូរ​ចត់​ក្រោយ​រដ្ឋប្រហារ​បន្តបន្ទាប់ ការប្រឆាំង​តវ៉ា​ហិង្សា​និង​រដ្ឋាភិបាល​អាយុ​ខ្លីៗ​អស់​១៥​ឆ្នាំ​ក្នុងការ​ប្រជែង​គ្នា​រវាង​ស្ថាប័ន​រាជានិយម​បែប​អភិរក្ស​និង​បណ្តា​គណបក្ស​ដែល​មាន​ការគាំទ្រ​ពី​អ្នកក្រ​និង​វណ្ណៈ​កណ្តាល​។​

​អ៊ុត​តា​ម៉ា សាវ៉ា​ណា​យ៉ាណា មេដឹកនាំ​គណបក្ស​ផា​ឡាំង ប្រចា​រ៉ា​ត បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​មួយ​ថា​«​លោក​ប្រា​យុទ្ធ​មាន​គុណសម្បត្តិ សមត្ថភាព​និង​ភាព​ជា​មេដឹកនាំ​សំរាប់​មុខ​ការ​នេះ​»​។​

​ប្រា​យុទ្ធ ក៏​មាន​ការគាំទ្រ​រឹងមាំ​ពី​ព្រឹទ្ធសភា ដែល​ជ្រើសតាំង​ឡើង​ដោយ​ក្រុម​យោធា​និង​ដាក់​សុទ្ធតែជា​ពួក​មេទ័ព​និង​សម្ពន្ធមិត្ត​យោធា​រួមទាំង​បងប្អូន​ប្រុស​បង្កើត​រប​ស់លោក​ប្រា​យុទ្ធ​ផង​៕​ប្រែ​សម្រួល​៖​វាសនា​

អាប់​ភិស៊ី​ត​ដើរចេញ​ពី​ការប្រជុំ​សភា​កាលពី​ថ្ងៃ​ពុធ ក្រោយ​ប្រកាស​លាឈប់