អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ ត្រូវបាន​ចាប់ខ្លួន​

2923
ចែករម្លែក

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកណាជីប រ៉ាហ្សាក់ កាលពីថ្ងៃពុធទី១៩កញ្ញាត្រូវបានចាប់ឃាត់ខ្លួនជាលើកទី២ បន្ទាប់ពីលោកធ្លាក់ចេញពីអំណាចក្រោយចាញ់ឆ្នោត ពាក់ព័ន្ធនឹងការតម្កល់ប្រាក់២,៦ពានលានរីងហ្គីត​(៦២៧​លានដុល្លារ)នៃមូលនិធិ 1Malaysia Development Berhad (1MDB)ទៅក្នុងគណនីផ្ទាល់ខ្លួនរបស់លោក។

ទីភ្នាក់ងារប្រឆាំងអំពើពុករលួយម៉ាឡេស៊ី និយាយថា ខ្លួនបានឃាត់ខ្លួនអតីតនាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់ ដោយសារតែការលួចលុយរាប់លានដុល្លារពីមូនិធិវិនិយោគរដ្ឋមួយ និងថាលោកប្រឈមនឹងការចោទប្រកាន់បន្ថែមនៅក្នុងតុលាការ។

ទីភ្នាក់ងារនេះបាននិយាយថា លោកណាជីបត្រូវបានចាប់ខ្លួននៅការិយាល័យរបស់លោកកាលពីថ្ងៃពុធ ហើយនឹងត្រូវនាំទៅកាន់តុលាការនៅថ្ងៃព្រហស្បតិ៍ដើម្បីប្រឈមការចោទប្រកាន់។

លោកណាជីប បានរងការចោទប្រកាន់មួយចំនួនរួចហើយ រួមមានការរំលោភទំនុកចិត្ត ការប្រព្រឹត្តអំពើពុករលួយ និងការលាងលុយ ពាក់ព័ន្ធនឹងមូលនិធិ1MDB តែលោកមិនបានឆ្លើយទទួលកំហុសទេ។

អំពីការរកឃើញប្រាក់រាប់រយលានដុល្លារនៅក្នុងគណនីផ្ទាល់របស់លោកនោះ លោកអះអាងថាវាជាប្រាក់អំណោយពីគ្រួសាររាជវង្សអារ៉ាប៊ីសាអូឌីត និងត្រូវបានផ្ទេរទៅអោយម្ចាស់ដើមវិញអស់ហើយបន្ទាប់ពីមានរឿង។

សូមបញ្ជាក់ថា លោកណាជីបបានបង្កើតមូលនិធិ1MDBពេលលោកឡើងកាន់អំណាចនៅឆ្នាំ២០០៩ ក្នុងបំណងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចតែមូលនិធិនេះបែរជាជាប់បំណុលរាប់ពាន់លាននិងកំពុងត្រូវអាមេរិកនិងប្រទេសជាច្រើនស៊ើបអង្កេតអំពីការលួចបន្លំប្រាក់កាត់ព្រំដែននិងការលាងលុយ៕ដោយ៖វាសនា

វាជាការចាប់ខ្លួនលោកណាជីបលើកទី២ ដោយលើកទី១លោកបានបង់ប្រាក់ធានាខ្លួននៅក្រៅឃុំ