អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ណា​ជីប​មិន​ព្រម​សារភាព​ទោសកំហុស​ចំពោះ​ការចោទប្រកាន់​ថ្មី ២៥ ករណី​ទាក់ទង​នឹង​មូលនិធិ 1MDB

473
ចែករម្លែក

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ណា​ជីប រ៉ា​ហ្សា​ក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ កញ្ញា មិន​ព្រម​សារភាព​ទោសកំហុស​ចំពោះ​ការលាង​លុយ​ចំនួន ២១ ករណី​និង​ការរំលោភ​អំណាច​ចំនួន ៤ ករណី ដែលជា​ចំនួន​ចោទប្រកាន់​ច្រើន​បំផុត​ធ្វើឡើង​ប្រឆាំងនឹង​រូបលោក​រហូតមកទល់​ពេលនេះ​។​

​គាត់​ត្រូវបាន​ចោទប្រកាន់​អំពី​ករណី​ថ្មីៗ​ទាំងនេះ​នៅឯ​តុលាការក្រុង​គូ​ឡា​ឡាំ​ពួ​ទាក់ទង​នឹង​លុយ​ចំនួន ៦៨១ លាន​ដុល្លារ ដែល​បានដាក់​ចូលក្នុង​គណនី​ផ្ទាល់ខ្លួន​របស់គាត់​។ លុយ​នេះ​ត្រូវបាន​គេ​ជឿថា​បានមកពី​ក្រុមហ៊ុន​មូលនិធិ​រដ្ឋ​ម៉ាឡេស៊ី 1MDB ដែលមាន​បំណុល​ជាង ៥០ ពាន់​លាន​រីង​ហ្គី​ត (១២,០៦ ពាន់​លាន​ដុល្លារ​អាមេរិក​)​។​

​ស្នងការរង​ប៉ូលិស​ជាតិ លោក នួ រ៉ា​ស៊ីដ អ៊ីប្រាហ៊ីម បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា បទចោទប្រកាន់​ចំនួន ២១ ករណី​នៃ​ការលាង​លុយកខ្វក់ “​រួមមាន ៩ ករណី​សម្រាប់​ការទទួល​យកប្រាក់​ខុសច្បាប់ ៥ ករណី​សម្រាប់​ការប្រើ​លុយ​ខុសច្បាប់ និង ៧ ករណី​សម្រាប់​ការផ្ទេរ​ប្រាក់​ខុសច្បាប់​ឱ្យទៅ​អង្គភាព​ផ្សេងទៀត​”​។​

​ការចោទប្រកាន់​ទាំងនេះ​មានន័យថា លោក​ណា​ជីប​អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​មិនតិចជាង​៥​ដង​នៃ​តម្លៃ​នៃ​សកម្មភាព​ខុសច្បាប់ ឬ ៥ លាន​រីង​ហ្គី​ត ឬ​អាច​ច្រើន​ជាងនេះទៀត​។​

​សម្រាប់​បទចោទប្រកាន់​ចំនួន ៤ ករណី​នៃ​ការរំលោភ​អំណាច គាត់​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​មិនតិចជាង ២០ ឆ្នាំ​នោះឡើយ និង​ពិន័យ​ជា​ប្រាក់​មិនតិចជាង​៥​ដង​នៃ​តម្លៃ​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ ឬ ១០.០០០ រីង​ហ្គី​ត ឬ​អាច​ច្រើន​ជាងនេះទៀត​។​

​ជាមួយនឹង​ការចោទប្រកាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​បច្ចុប្បន្ន​ប្រឈម​នឹង​ការចោទប្រកាន់​ចំនួន ៣២ ករណី​។​

​គាត់​បាន​បង្ហាញមុខ​នៅក្នុង​តុលាការ​កាលពី​ខែកក្កដា​និង​ខែសីហា​នៅពេលដែល​គាត់​ទទួលបាន​ការចោទប្រកាន់​ចំនួន​៧​ករណី​ចំពោះ​ការរំលោភ​ការជឿទុកចិត្ត ការ​សូកប៉ាន់ និង​ការលាង​លុយ​។ គាត់​ក៏​មិនបាន​សារភាព​ចំពោះ​កំហុស​ទាំងនេះ​នោះដែរ​៕ ដោយ៖ កញ្ញាដាលីស

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ណា​ជីប រ៉ា​ហ្សា​ក់