អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ណា​ជីប រ៉ា​ហ្សា​ក់ ឡើង​សវនាការ​ជា​លើកដំបូង​អំពី​ករណី​ពុករលួយ​

470
ចែករម្លែក
  • 14
    Shares

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ណា​ជីព រ៉ា​ហ្សា​ក់ បានបង្ហាញ​ខ្លួន​នៅក្នុង​តុលាការ​កាលពី​ថ្ងៃ​ពុធ​ទី​៣​មេសា​សម្រាប់​ការចាប់ផ្តើម​សវនាការ​អំពី​ករណី​ពុករលួយ​របស់លោក គឺ​១០​ឆ្នាំ​គត់​បន្ទាប់ពី​លោក​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​លើកដំបូង​និង​រង​បរាជ័យ​បោះឆ្នោត​ដ៏​អាម៉ាស​កាលពី​ឆ្នាំមុន​ដោយសារ​ការចោទប្រកាន់​ជាច្រើន​ថា​លោក​បាន​លួច​លុយ​រាប់លាន​ដុល្លារ​ពី​មូលនិធិ​វិនិយោគ​របស់​រដ្ឋ​។​

​ការជំនុំជម្រះ​នេះ​តាមពិត​ត្រូវ​ចាប់ផ្តើម​តាំងពី​ខែកុម្ភៈ ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​ដោយសារ​បញ្ហា​នីតិវិធី​។ មេធាវី​របស់លោក​ណា​ជីប​បាន​ដាក់សំណើ​ជាបន្ទាន់​មួយ​ដើម្បី​ទប់ទល់​នឹង​ការចោទប្រកាន់​នានា ដែល​រួម​មានការ​ចោទ​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត ការលាង​លុយកខ្វក់ និង​ការរំលោភ​អំណាច​។ ចៅក្រម​តុលាការ​កំពូល​បាន​និយាយថា លោក​នឹង​ស្តាប់​សវនាការ​នៅ​កាលបរិច្ឆេទ​ថ្ងៃក្រោយ​ទៀត និង​បាន​បង្គាប់​ឱ្យ​លើក​ការកាត់ក្តី​ទៅ​ថ្ងៃក្រោយ​។​

​កាលពី ១០ ឆ្នាំមុន​នៅ​ថ្ងៃ​ពុធ​នេះ លោក​ណា​ជីប​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​៦​របស់​ម៉ាឡេស៊ី ប៉ុន្តែ​កំហឹង​ជុំវិញ​រឿងអាស្រូវ​នៅ​មូលនិធិ​វិនិយោគ 1MDB បាន​នាំឱ្យ​លោក​ចាញ់​ការបោះឆ្នោត​កាលពី​ខែឧសភា​។ ក្រុម​អ្នកស៊ើប​អង្កេត​អាមេរិក​និយាយថា​ប្រា​ក់ជាង ៤,៥ ពាន់​លាន​ដុល្លារ​ត្រូវបាន​លួច​ពី​មូលនិធិ 1MDB ដោយ​បក្ខពួក​របស់លោក​ណា​ជីប​នៅ​ចន្លោះ​ឆ្នាំ ២០០៩ និង ២០១៤​។ ពួកគេ​និយាយថា​លុយ​ទាំងនោះ​ត្រូវបាន​លាង​តាមរយៈ​គណនី​ធនាគារ​នៅក្នុង​សហរដ្ឋអាមេរិក​និង​ប្រទេស​ដទៃទៀត​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ខ្សែភាពយន្ត​ហូលីវូដ​និង​ទិញ​សណ្ឋាគារ នាវា​ប្រណីត ស្នាដៃ​សិល្បៈ គ្រឿងអលង្ការ និង​វត្ថុ​ប្រណីតៗ​ផ្សេងទៀត​។​

​ទឹកប្រាក់​ចំនួន ៧០០ លាន​ដុល្លារ​ពី​មូលនិធិ​រដ្ឋ ដែល​លោក​ណា​ជីប​បាន​បង្កើតឡើង​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ម៉ាឡេស៊ី​ត្រូវបាន​ហូរ​ចូលក្នុង​គណនី​ធនាគារ​ផ្ទាល់ខ្លួន​របស់គាត់​។​

​ក្នុងនាម​ជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​អាស៊ីអាគ្នេយ៍​តែ​ពីរ​បីនាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​នាំខ្លួន​មក​កាត់ទោស​បន្ទាប់ពី​បាត់បង់​តំណែង លោក​ណា​ជីប​បាន​បដិសេធថា​មិនបាន​ធ្វើ​ខុស​អ្វី​ទាំងអស់​។​

​បុរស​វ័យ ៦៥ ឆ្នាំ​រូបនេះ​ត្រូវបាន​ស្វាគមន៍​ដោយ​អ្នកគាំទ្រ​មួយក្រុម​តូច នៅពេលដែល​គាត់​បានមក​ដល់​សាលាដំបូង​។ ពួកគេ​ទាំងអស់គ្នា​បាន​ឱនក្បាល​គោរព​មួយ​ភ្លែត មុនពេល​លោក​ណា​ជីប​ឡើងទៅ​បន្ទប់​សវនាការ​៕ ដោយ៖ កញ្ញាដាលីស

លោក​ណា​ជីប​ឡើង​សវ​ការ​ជា​លើកដំបូង​បន្ទាប់ពី​ជ្រុះ​ពី​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំមុន