អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ស្បថ​នៅ​វិហារ​អ៊ីស្លាម​ថា​លោក​មិន​បាន​បញ្ជា​ឱ្យ​សម្លាប់​ស្ត្រី​ម៉ុង​ហ្គោលី​

442
ចែករម្លែក

​អតីត​មេដឹកនាំ​ម៉ាឡេស៊ី​លោក​ណា​ជីប រ៉ា​ហ្សាក់​(Najib Razak)​កាលពី​ថ្ងៃ​សុក្រ​ទី​២០​ធ្នូ​បាន​ស្បថ​នៅក្នុង​វិហារ​អ៊ីស្លាម​មួយ​ថា​លោក​មិន​បាន​បញ្ជា​ឱ្យ​សម្លាប់​ស្ត្រី​ម៉ុង​ហ្គោលី​ម្នាក់​​ដោយ​បដិសេធ​ការចោទប្រកាន់​ពី​អតីត​អង្គរក្ស​របស់​លោក​។​

​ស្ត្រី​ម៉ុង​ហ្គោលី​ដែលជា​អ្នក​បង្ហាញម៉ូត នាង​អាល់​តាន់​ទូ​យ៉ា សា​អា​រី​អ៊ី​ប៊ូ​ត្រូវបាន​បាញ់​សម្លាប់​ហើយ​សាកសព​របស់​នាង​ត្រូវបាន​បំផ្ទុះ​បំផ្លាញ​ចោល​ដោយ​គ្រឿងផ្ទុះ​កាលពី​ឆ្នាំ ២០០៦ ។​

​ការស្លាប់​របស់​នាង​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​រឿង​អាស្រូវ​មួយ​ដែល​តាម​ការចោទប្រកាន់​ថា​មាន​ការចំណាយ​ប្រាក់​ដ៏​ច្រើន​លើ​កិច្ចព្រមព្រៀង​ឆ្នាំ ២០០២ ដើម្បី​ទិញ​នាវាមុជទឹក​បារាំង​​ច្រើន​គ្រឿង ដែល​នៅ​ពេល​នោះ នាង​អាល់​តាន់​ទូ​យ៉ា សា​អា​រី​អ៊ី​ប៊ូ​បានធ្វើការ​ជា​អ្នកបកប្រែ​។​

​នៅ​សប្តាហ៍​នេះ​អង្គរក្ស​រដ្ឋាភិបាល​ម្នាក់​ដែល​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ទោស​ពី​បទ​ឃាតកម្ម​លើ​នាង បាន​ធ្វើ​ការអះអាង​ថា​ការសម្លាប់​នេះ​ត្រូវបាន​បញ្ជា​ដោយ លោក ណា​ជីប ​រ៉ា​ហ្សាក់ ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​នៅពេលនោះ ដែលនាំឱ្យ​អ្នកនយោបាយ​ជើង​ចាស់​នេះ​ធ្វើដំណើរ​ទៅ​វិហារ​អ៊ីស្លាម​មួយ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ដើម្បី​ប្រកាស​ភាព​គ្មាន​ទោសពៃរ៍​​របស់លោក​។​

​នៅ​ចំពោះមុខ​ហ្វូង​មនុស្ស​ចំនួន​១.០០០​នាក់​នោះ បុរស​ចំណាស់​អាយុ​៦៦​ឆ្នាំ​នេះ​បាន​ស្បថ​បែប​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែល​ក្នុងនោះ​លោក​បាន​បដិសេធ​ការ​ដែល​ថា​លោក​​បាន​ធ្វើ​ការបញ្ជា​នេះ ហើយ​លើកដៃ​ឡើង​លើ​ជាមួយ​នឹង​ការស្បថ​របស់លោក​។​

​នៅក្នុង​សម្លៀកបំពាក់​ប្រពៃណី​អ៊ីស្លាម​និង​មាន​ភរិយា​របស់​នៅ​ជាមួយ​ផង​ដែរ​នោះ លោក​ណា​ជីប រ៉ា​ហ្សាក់ បាន​និយាយថា ” ខ្ញុំ​ប្រកាន់យក​ការពិត ខ្ញុំ​គោរព​ព្រះ​អាឡស់​”​។​

​លោក​ណា​ជីប រ៉ា​ហ្សាក់ ដែល​រដ្ឋាភិបាល​របស់​លោក​បាន​បាត់បង់​អំណាច​កាលពី​ឆ្នាំមុន​ចំ​ពេល​មាន​ការចោទប្រកាន់​ពី​បទ​ពុករលួយ​ដ៏​ធំ​នោះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​​បន្លំ​កិបកេង​ថវិការ​រដ្ឋ​ប៉ុន្តែ​លោក​នៅតែ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ក្នុងចំណោម​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម​ភាគច្រើន​របស់​ប្រទេស​នេះ​។​

​ក្រុម​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​បើក​ការស៊ើបអង្កេត​សា​ជា​ថ្មី​លើ​ករណី​ឃាតកម្ម​លើ​នាង អាល់​តាន់​ទូ​យ៉ា សា​អា​រី​អ៊ី​ប៊ូ​កាលពី​ឆ្នាំមុន បន្ទាប់ពី​លោក​ណា​ជីប រ៉ា​ហ្សាក់ អស់​អំណាច​៕ដោយ៖សុខា/sn

លោក ណា​ជីប រ៉ា​ហ្សាក់ បដិសេធ​ការជាប់​ពាក់ព័ន្ធ​ណាមួយ​នៅក្នុង​អំពើ​ឃាតកម្ម​លើ​នាង​អាល់​តាន់​ទូ​យ៉ា សា​អា​រី​អ៊ី​ប៊ូ នៅ​ព្រះវិហារ​អ៊ីស្លាម​ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួរ​