អតីត​បវរកញ្ញា​ចក្រ​វាល​ជំរុញ​ឱ្យធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ក្នុងប្រទេស​ហ្វីលីពីន​

337

​អតីត​បវរកញ្ញា​ចក្រ​វាល​ហ្វីលីពីន​បានធ្វើ​តេស្ត៍រ​កវី​រុស​ហ៊ី​វ​ជា​សាធារណៈ​នៅ​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃ​ពុធ​ទី​៩ សីហា គឺ​មួយ​សប្ដាហ៍​បន្ទាប់ពី​អង្គការសហប្រជាជាតិ​និយាយថា ប្រទេស​របស់​នាង​មាន​ចំនួន​អ្នក​ឆ្លង​មេរោគ​អេដស៍​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​អាស៊ី​។​

​នាង ព្យា វើត​បាច់ (Pia Wurtzbach) ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​របស់​អង្គការ UNAIDS សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បានធ្វើ​តេស្ត​នៅ​ចំពោះមុខ​អ្នកយកព័ត៌មាន​ដើម្បី​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​នាង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​មេរោគ​អេដស៍​និង​លុបបំបាត់​ការ​មាក់ងាយ​ជុំវិញ​អ្នក​ផ្ទុក​វីរុស​ហ៊ី​វ​នៅក្នុង​ប្រទេស​អភិរក្សនិយម​មួយ​នេះ​។​

​អង្គការសហប្រជាជាតិ​និង​រដ្ឋាភិបាល​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​ប្រទេស​ហ្វីលីពីន​បាន​មើលឃើញ​ពី​ការកើនឡើង​ចំនួន ១៤០ ភាគរយ​នៃ​ករណីឆ្លង​ថ្មី​ចាប់ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៦ ផ្ទុយ​ពី​និន្នាការ​ក្នុង​តំបន់​ដែល​ឃើញ​ការឆ្លង​មេរោគ​អេដស៍​ធ្លាក់ចុះ ១៣ ភាគរយ​ក្នុងអំឡុងពេល​ដូចគ្នានេះ​។​

​នាង​វើត​បាច់​និយាយថា “​វា​លំបាក​ខ្លាំងណាស់​នៅក្នុង​ប្រទេស​ហ្វីលីពីន​ពីព្រោះ​យើង​ជា​ប្រទេស​កាតូលិក​លើសលប់​ហើយ​យើង​ជា​អ្នក​អភិរក្សនិយម​។ ហេតុនេះហើយ វា​អាចជា​បញ្ហា​ប្រឈម​មួយ​ក្នុងការ​បង្កើន​ការយល់ដឹង​អំពី​បញ្ហា​នេះ​។ នេះ​គឺជា​បញ្ហា​ដែល​កំពុងតែ​កើតឡើង​នាពេល​ឥឡូវ​នេះហើយ​ប្រសិនបើ​យើង​មិន​ធ្វើ​អ្វី​សោះ​នោះ យើង​នឹង​ក្លាយជា​លេខ​មួយ​នៅក្នុង​ពិភពលោក​” ។​

​ប្រជាជាតិដែលមានប្រជាជន១០០ លាន​នាក់​ដែល​ក្នុងនោះ​៨០ ភាគរយ​ជា​អ្នក​កាន់សាសនា​កាតូលិក​នេះ បាន​ទទួលរង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ពីសា​សនា​នេះ ដែល​ដក់​ជាប់​លើ​ការប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​។ ការធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ក៏​ត្រូវគេ​ចាត់ទុកថា​ជា​បម្រាម​ដែរ​។​

​នាង​វើត​បាច់​បានធ្វើ​យុទ្ធនាការ​សម្រាប់​ការយល់ដឹង​អំពី​មេរោគ​អេដស៍​ចាប់តាំងពី​នាង​បានឈ្នះ​ការប្រឡង​បវរកញ្ញា​ឆ្នាំ ២០១៥ ។ នាង​បានទទួល​មកុដ​ក្រោយពី​កំហុសឆ្គង​ដ៏​ធំ ដែល​ក្នុងនោះ​ពិធីករ​លោក ស្វី​វ ហា​វី ដំបូង​បានប្រកាស​ច្រឡំ ប្រគល់​មកុដ​នោះ​ឱ្យទៅ​បវរកញ្ញា​កូ​ឡុំ​ប៊ី​៕ ដោយ៖ កញ្ញាដាលីស

អតីត​បវរកញ្ញា​ចក្រ​វាល​ហ្វីលីពីន ព្យា វើត​បាច់