បុរសដែលធាត់បំផុតលើពិភពលោក បានធ្វើការវះកាត់ជាលើកទី២ ដើម្បីសង្គ្រោះជីវិត របស់គាត់ នេះបើយោងតាមគេហទំព័រម៉េលអនឡាញ ចុះផ្សាយកាលពីថ្ងៃទី២០ ខែធ្នូ។
លោក ហ្សួន ប៉េដ្រូ ហ្វ្រានកូ (Juan Pedro Franco) មកពីទីក្រុងហ្គួដាឡាចារ៉ា (Guadalajara) ប្រទេសម៉ិកស៊ិក បានជាប់ឈ្មោះផ្លូវការជាបុរសដែលធាត់បំផុត ក្នុងពិភពលោកកាលពីខែធ្នូ ឆ្នាំ២០១៦ ជាមួយនឹងទម្ងន់ខ្លួនរហូតដល់ទៅ ៥៩៥ គីឡូក្រាម។
បុរសវ័យ ៣៣ ឆ្នាំរូបនេះបានវះកាត់ច្រឹបក្រពះចេញរហូតដល់ទៅ ៧៥ ភាគរយ។ ចាប់តាំងពីពេលនោះមក គាត់បានតមអាហារយ៉ាងតឹងរ៉ឹង ហើយបានស្រកទម្ងន់ ២២៥ គីឡូក្រាម ប៉ុន្តែទម្ងន់របស់គាត់នៅតែធ្វើឱ្យគាត់មានហានិភ័យគាំងបេះដូងខ្ពស់។ ការវះកាត់លើកទី២ នេះគឺត្រូវច្រឹបក្រពះបន្ថែមទៀត៕ ប្រែសម្រួល: ខុម