អតីត​ប្រធានសភា​ឥណ្ឌូនេស៊ី​ជាប់គុក១៥ឆ្នាំ ចំពោះការប្រព្រឹត្តអំពើពុករលួយ​

969
ចែករម្លែក

អតីត​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ១៥ ឆ្នាំ​កាលពី​ថ្ងៃ​អង្គារ​ទី​២៤​មេសា​ពីបទ​ប្រព្រឹត្តអំពើពុករលួយ​ក្នុងការ​កាត់ទោស​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន​ចំពោះ​មន្ត្រី​កំពូល ដោយ​កត់សម្គាល់​ពី​ជ័យជម្នះ​មួយ​លើ​ការបង្ក្រាប​អំពើពុករលួយ​។​

​លោក សិត​យ៉ា ណូ​វ៉ាន់​តូ (Setya Novanto) ដែល​ធ្លាប់ជា​អ្នកនយោបាយ​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​នេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ទទួល​លុយ​ទឹកតែ​និង​សំណូក​រាប់លាន ទាក់ទង​ទៅនឹង​ការចេញ​អត្ត​សញ្ញាណ​បណ្ណ​ថ្មី​របស់​រដ្ឋាភិបាល​។​

​លោក​ចៅក្រម ឈ្មោះ យ៉ាន់​តូ បាន​ប្រាប់​តុលាការ​ក្នុង​ទីក្រុង​ហ្សា​ការ​តា​ថា “​យើង​បាន​រកឃើញថា​ជនជាប់ចោទ សិត​យ៉ា ណូ​វ៉ាន់​តូ មាន​ពិរុទ្ធ រំលោភច្បាប់​ប្រឆាំងនឹង​អំពើពុករលួយ​”​។​

​លោក​ណូ​វ៉ាន់​តូ ដែល​បង្ហាញ​ពី​ប្រតិកម្ម​តិចតួច​ចំពោះ​ការកាត់ទោស​នេះ បាន​និយាយថា គាត់​នឹង​ត្រូវការ​ពេលវេលា​ដើម្បី​ពិចារណា​ប្តឹង​ឧទ្ធរណ៍​។​

​ការកាត់ទោស​រយៈពេល​ពេញ​មួយខែ​របស់គាត់​បានកើត​មាន​ឡើង បន្ទាប់ពី​គាត់​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​ជាច្រើន រួមទាំង​ការបន្លំ​ធ្វើជា​រងរបួស​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ពួក​អ្នក​រិះគន់​និយាយថា បុរស​អាយុ ៦២ ឆ្នាំ​រូបនេះ​ធ្លាប់​គេចផុត​ពី​ការចោទប្រកាន់​ធ្ងន់ធ្ងរ​ជាច្រើនលើក​។​

​រដ្ឋអាជ្ញា​ទាមទារ​ការកាត់ទោស​គា​ត់​ជាប់គុក​រយៈពេល ១៦ ឆ្នាំ​។​

​ចៅក្រម​យ៉ាន់​តូ បាន​ពិន័យ​លោក​ណូ​វ៉ាន់​តូ​ចំនួន ៥០០ លាន​រ៉ូ​ពៀ (៣៦.០០០ ដុល្លារ​) គឺ​តិចជាង​ឆ្ងាយ​ណាស់​ពី​ចំនួន ៧,៤ លាន​ដុល្លារ​អាមេរិក ដែល​រដ្ឋអាជ្ញា​ទាមទារ​ឱ្យ​គាត់​បង់​សង​ការខូចខាត​ទៅ​រដ្ឋ​វិញ​។​

​លោក​ណូ​វ៉ាន់​តូ ដែល​អាច​គេច​ផុតពី​ការចោទប្រកាន់​ពុករលួយ​កាលពី​អតីតកាល ត្រូវបាន​ចោទប្រកាន់ថា​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការលួចបន្លំ​ប្រាក់​ពី​គម្រោង​ផលិត​អត្តសញ្ញាណ​បណ្ណ​ថ្មី​តម្លៃ ៤៤០ លាន​ដុល្លារ ដោយ​ចំនួន​ទឹកប្រាក់ ១៧០ លាន​ដុល្លារ​បាន​បាត់​ពី​ថវិការដ្ឋ​។​

​អ្នកនយោបាយ មន្ត្រី​រដ្ឋាភិបាល និង​ពាណិជ្ជករ​ជាច្រើន​នាក់​ផ្សេងទៀត ក៏​ត្រូវបាន​ចោទប្រកាន់​នៅក្នុង​រឿងអាស្រូវ​នេះ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

អតីត​ប្រធានសភា លោក សិត​យ៉ា ណូ​វ៉ាន់​តូ ត្រូវបាន​កាត់ទោស​ជាប់គុក ១៥ ឆ្នាំ