អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ប៉ាក់ ហ្គុ​ន​ហេ ត្រូវ​តុលាការ​សម្រេច​ឱ្យ​ជាប់គុក ២៤ ឆ្នាំ​

1058
ចែករម្លែក
  • 80
    Shares

​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក់ ហ្គុ​ន​ហេ ត្រូវបាន​ផ្តន្ទាទោស​ជា​ផ្លូវការ​និង​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ២៤ ឆ្នាំ​កាលពី​ថ្ងៃ​សុក្រ​ទី​៦​មេសា ពោលគឺ​មួយឆ្នាំ​គត់ បន្ទាប់ពី​លោកស្រី​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង និង​ត្រូវបាន​ចាប់ខ្លួន​ជុំវិញ​រឿងអាស្រូវ​ពុករលួយ ដែលនាំឱ្យ​មានការ​ប្រមូល​ផ្តុំ​តាម​ដងផ្លូវ​ជាច្រើន​ខែ ដើម្បី​អំពាវនាវ​ទម្លាក់​លោកស្រី​ចេញពី​តំណែង​។​

​ការផ្តន្ទាទោស ដែល​គាត់​អាច​ប្តឹង​ឧទ្ធរណ៍​បាន​នេះ គឺជា​រឿង​ដ៏​កក្រើក​ចុងក្រោយ​បំផុត​ក្នុងការ​ធ្លាក់កូដ​យ៉ាងខ្លាំង​សម្រាប់​ប្រធានាធិបតី​ស្រី​លើកដំបូង​របស់​កូរ៉េខាងត្បូង​រូបនេះ​។ ដោយ​ធ្លាប់​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នក​អភិរក្សនិយម​គួរឱ្យ​ស្រឡាញ់​របស់​កូរ៉េខាងត្បូង លោកស្រី​ត្រូវបាន​សារព័ត៌មាន​កូរ៉េ​ប្រសិទ្ធ​នាម​ថា “​រាជ​នី​នៃ​ការបោះឆ្នោត​” សម្រាប់​កំណត់ត្រា​ដឹកនាំ​គណបក្ស​របស់លោក​ស្រី​ឱ្យ​ទទួលបាន​ជ័យជម្នះ​ក្នុងការ​ប្រណាំងប្រជែង​ដ៏​ស្វិតស្វាញ ហើយ​នៅតែមាន​ក្រុម​អ្នកគាំទ្រ​ផ្កាប់មុខ​មួយចំនួន​តូច តែងតែ​ប្រមូល​ផ្តុំគ្នា​អំពាវនាវ​ឱ្យ​ដោះលែង​លោកស្រី​។​

​លោកស្រី​ប៉ាក់ ហ្គុ​ន​ហេ បាន​អះអាងថា លោកស្រី​គឺជា​ជនរងគ្រោះ​នៃ “​ការសង​សឹក​ខាង​នយោបាយ​” ហើយ​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​សវនាការ​តុលាការ​ចាប់តាំងពី​ខែតុលា​។ លោកស្រី​មិនបាន​ចូលរួម​សាលក្រម​ថ្ងៃ​សុក្រ​ទេ ដោយ​សម្អាងថា​មាន​ជំងឺ តែ​មិន​បញ្ជាក់​ជា​សាធារណៈ​ទេ​។​

​នៅក្នុង​សាលក្រម​ដែល​ផ្សាយ​តាម​ទូរទស្សន៍ តុលាការក្រុង​សេ​អ៊ូ​ល​បាន​ផ្តន្ទាទោស​ឧក្រិដ្ឋជន​ប៉ាក់ ហ្គុ​ន​ហេ ពីបទ​ស៊ីសំណូក ជំរិត​ទារប្រាក់ រំលោភ​អំណាច និង​ការចោទប្រកាន់​ផ្សេងទៀត​ជាច្រើន​។

​លោក គីម សេ​យុន ប្រធាន​ចៅក្រម​បាន​និយាយថា ក្រៅពី​ការកាត់ទោស​ជាប់គុក លោកស្រី​ប៉ាក់​ក៏ត្រូវ​បាន​ពិន័យ​ប្រាក់​ចំនួន ១៨ ពាន់​លាន​វ៉ុ​ន (១៦,៨ លាន​ដុល្លារ​) ផងដែរ​។​

​ទាំង​លោកស្រី​ប៉ាក់ ហ្គុ​ន​ហេ និង​រដ្ឋអាជ្ញា​មាន​ពេល​មួយ​សប្តាហ៍​ដើម្បី​ប្តឹង​ឧទ្ធរណ៍​។ លោកស្រី​នៅតែ​អះអាងថា​គាត់​គ្មាន​កំហុស​។ រដ្ឋអាជ្ញា​កាលពី​ខែកុម្ភៈ​បានទាមទារ​ឱ្យ​លោកស្រី​ជាប់គុក ៣០ ឆ្នាំ​។​

​មិត្តភក្តិ​សំណព្វ​របស់លោក​ស្រី គឺ លោកស្រី ឆ​យ ស៊ូ​ន​ស៊ី​ល ដែល​ឃុបឃិត​ជាមួយ​លោកស្រី​ប៉ាក់ ហ្គុ​ន​បេ ដើម្បី​គាបសង្កត់​ក្រុមហ៊ុន​ជាង ២០ ឱ្យ​ផ្តល់​លុយ ៧៧,៤ ពាន់​លាន​វ៉ុ​ន (៧២,៣​លាន​ដុល្លារ​) ដល់​អង្គការ​ចំនួន ២ គឺ​ត្រូវ​ជាប់គុក ២០ ឆ្នាំ​។

​លោក លី ចែ​យ៉ុង ប្រធាន​ក្រុមហ៊ុន Samsung ពីមុន​ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់គុក ៥ ឆ្នាំ តែ​ត្រូវ​ពន្យារ​សិន បន្ទាប់ពី​ប្តឹង​ឧទ្ធរណ៍​។ ប្រធាន​ក្រុមហ៊ុន Lotte លោក សិន ដុង​ប៊ី​ន ជាប់គុក​២​ឆ្នាំកន្លះ​៕ ដោយ៖ កញ្ញាដាលីស

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក់ ហ្គុ​ន​ហេ ត្រូវ​ជាប់គុក ២៤ ឆ្នាំ