អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​ជាប់គុក​១៥​ឆ្នាំ ដោយសារ​ប្រព្រឹត្ត​អំពើពុករលួយ​

898
ចែករម្លែក
  • 4
    Shares

តុលាការក្រុងសេអ៊ូលកាលពីថ្ងៃសុក្រទី៥តុលា បានសំរេចដាក់គុកអតីតប្រធានាធិបតី លី ម្យុងបាក់ រយៈពេល១៥ឆ្នាំ ជាហេតុធ្វើអោយលោកក្លាយជាមេដឹកនាំនយោបាយកំពូលម្នាក់ទៀតដែលជាប់គុកដោយសាររឿងអាស្រូវពុករលួយ។

លី ដែលកាន់តំណែងចាប់ពីឆ្នាំ២០០៨ដល់២០១៣ ជាអតីតប្រធានាធិបតីទី៤ដែលត្រូវបានកាត់ទោសអោយជាប់គុក ដោយអ្នកកាន់តំណែងមុនលោក គឺលោកស្រីប៉ាក គុនហេ ទើបត្រូវតុលាការសំរេចដាក់គុកចំពោះតួនាទីរបស់លោកស្រីក្នុងរឿងអាស្រូវពុករលួយដែលបានទម្លាក់លោកស្រីកាលពីដើមឆ្នាំ២០១៧។

លី​ ម្យុងបាក់ ប្រឈមការចោទប្រកាន់ថាលោកបានទទួលប្រាក់១០លានដុល្លារនៅក្នុងមូលនិធិខុសច្បាប់មកពីស្ថាប័ននានាដូចជាSamsungនិងសេវាស៊ើបការណ៍ផ្ទាល់របស់លោក ។

តុលាការក្រុងសេអ៊ូលបានរកឃើញលោកលីមានកំហុសចំពោះការកេងបន្លំប្រាក់២៤,៦ពាន់លានវ៉ុនមកពីក្រុមហ៊ុនផលិតគ្រឿងផ្សំរថយន្តមួយ និងបានទទួលសំណូកពីក្រុមហ៊ុនSamsungនិងក្រុមហ៊ុនផ្សេងទៀត។តុលាការបានពិន័យលោក១៣ពាន់លានវ៉ុន បន្ថែមលើទោសជាប់ពន្ធនាគារ។

អតីតប្រធានាធិបតី លី បានទៅដល់តុលាការដើម្បីអោយគេសាកសួរចំពោះការចោទប្រកាន់ស៊ីសំណូក

ចៅក្រម ជុង គ្យេស៊ុន បាននិយាយថា”អំពើដូច្នេះប្រព្រឹត្តដោយប្រមុខរដ្ឋនិងមេដឹកនាំនៃសាខាប្រតិបត្តិអាចត្រូវដាក់ទោសធ្ងន់ធ្ងរពីព្រោះវាមិនជួយទប់ស្កាត់ការរំលោភភាពត្រឹមត្រូវនិងសេចក្តីថ្លៃថ្នូររបស់តំណែងប្រធានាធិបតី តែធ្វើអោយខូចរដ្ឋការទាំងមូល”។

ចំណែកលោកលី អាយុ៧៦ឆ្នាំ បានបដិសេធថាមិនបានប្រព្រឹត្តកំហុសណាមួយទេដោយលោកថាការស៊ើបអង្កេតដែលនាំដល់ការកាត់ទោសលោកមាននិន្នាការនយោបាយ ដែលសងសឹកដោយប្រធានាធិបតី មូន ជែអ៊ិន៕ដោយ៖វាសនា

#