អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល ត្រូវ​កាត់ទោស​ជាប់គុក ៩,៥ ឆ្នាំ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​

1135
ចែករម្លែក

បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី ១២ កក្កដា​ថា តុលាការ​ប្រេ​ស៊ី​ល​កាលពី​ថ្ងៃ​ពុធ​បាន​ផ្តន្ទាទោស​អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក ល្វី​ស អ៊ី​ណា​ស៊ីអូ លូ​ឡា ដា ស៊ី​ល​វ៉ា ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ និង​កាត់ទោស​លោក​ជាប់គុក ៩,៥ ឆ្នាំ ។

យោងតាម​ទស្សនា​វ​ដ្តី O Globo លោក​ស៊ី​វ៉ា ដែល​កាន់តំណែង​រវាង​ឆ្នាំ ២០០៣ និង ២០១០ ត្រូវបាន​រកឃើញ​ទោសកំហុស​ពីបទ​ទទួល​ប្រាក់​សំណូក​ចំនួន ១,២ លាន​ដុល្លារ ពី​ក្រុមហ៊ុន​សំណង់ Brazilian OAS ជាមួយ​លុយ​ទាំងនេះ​ត្រូវបាន​ចាយវាយ​លើ​ការកែលម្អ​អគារ​អា​ផាត​មិន​កម្ពស់​បី​ជាន់​ដ៏​ប្រណិត នៅ​ទីក្រុង​មាត់សមុទ្រ ក្វា​រូ​ចា (Guaruja)​។

ជា​ថ្នូរ​នឹង​ប្រាក់​សំណូក​នេះ ក្រុមហ៊ុន OAS តាម​សេចក្តីរាយការណ៍ គឺអាច​ទទួលបាន​កិច្ចសន្យា​ដ៏​មាន​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន​ប្រេង​រដ្ឋ Petrobras ។​

ក្នុង​ឆ្នាំ ២០១៤ ក្រុមហ៊ុន​ជាច្រើន​បានឱ្យ​លុយ​សំណូក​ជាង ២ ពាន់​លាន​ដុល្លារ ដើម្បី​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រេង និង ទទួលបាន​គម្រោង​ជាច្រើន ដែល​ក្រោយមក បាន​បង្កើន​ការចំណាយ​។ រឿងអាស្រូវ​នេះ​បាន​ញ៉ាំងឱ្យមាន​ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ និង បាន​ឈានដល់​ការចោទប្រកាន់​ដើម្បី​ដកតំណែង​ប្រធានាធិបតី​ស្រី​ប្រេ​ស៊ី​ល​ម្នាក់ទៀត គឺ​លោកស្រី ឌី​ល​ម៉ា រូស​សេ​ហ្វ ដែល​បាន​ដឹកនាំ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ពី​ឆ្នាំ ២០០៣ ដល់ ២០១០​។

​លោក​ស៊ី​ល​វ៉ា ក៏​ត្រូវបាន​ហាមឃាត់​ពី​ការ​កាន់តំណែង​ផ្លូវការ​ណាមួយ​រយៈពេល ១៩ ឆ្នាំ​ផងដែរ ដែល​បំផ្លាញ​ផែនការ​របស់គាត់​ក្នុងការ​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៨ និង ត្រូវបាន​ផាក​ជា​ប្រាក់ ២០៥.០០០ ដុល្លារ​។ អតីត​ប្រធានាធិបតី​រូបនេះ តាម​សេចក្តីរាយការណ៍ គឺ​គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការសម្រេច​របស់​តុលាការ​៕ ដោយ ៖កញ្ញាដាលីស

អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក ល្វី​ស អ៊ី​ណា​ស៊ីអូ លូ​ឡា ដា ស៊ី​ល​វ៉ា (​ឆ្វេង​) និង លោកស្រី ឌី​ល​ម៉ា រូស​សេ​ហ្វ អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ដូចគ្នា