អតីត​ប្រធានាធិបតី​យេ​ម៉ែន ត្រូវបាន​សម្លាប់​

708

​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​និយាយថា អតីត​ប្រធានាធិបតី អា​លី អាប់​ឌុល​ឡាស សា​ឡេះ ដែល​បាន​ដឹកនាំ​ប្រទេស​ជាង​៣​ទសវត្សរ៍​និង​ដើរតួ​យ៉ាងសំខាន់​ក្នុង​សង្គ្រាមស៊ីវិល​របស់​ប្រទេស​នេះ ត្រូវបាន​សម្លាប់​។ នេះ​បើតាម​ប្រភព​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​កាលពី​ថ្ងៃទី ៤ ធ្នូ​។​

​ទូរទស្សន៍ Masirah របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​បានប្រកាស​អំពី​ការស្លាប់​របស់ “​មេដឹកនាំ​នៃ​ពួកក្បត់​ជាតិ​” កាលពី​ថ្ងៃ​ចន្ទ ទី​៤ ធ្នូ ដោយ​សំដៅ​ទៅលើ​លោក សា​ឡេះ ដែល​មកទល់​សប្តាហ៍​ចុងក្រោយ​នេះ គឺ​ស្ថិតក្នុង​សម្ព័ន្ធភាព​ទន់ខ្សោយ​ជាមួយនឹង​ពួក​ឧទ្ទាម​នេះ​។​

​មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​រដ្ឋាភិបាល​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​របស់​យេ​ម៉ែន​បានបញ្ជាក់​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Associated Press ថា លោក​សា​ឡេះ​ត្រូវបាន​សម្លាប់​ហើយ​។ គាត់​បាន​ផ្ញើ​វីដេអូ ដែល​អះអាងថា សាកសព​របស់លោក​សា​ឡេះ​ត្រូវបាន​សែង​ដោយ​ក្រុម​បុរស​ប្រដាប់អាវុធ ដែល​ស្រែកថា “​ព្រះ​គឺ​អស្ចារ្យ​”​។​

​មន្ត្រី​រូបនេះ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ពីព្រោះ​គាត់​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ទេ​។ គេ​មិនទាន់​អាច​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​នៃ​វីដេអូ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​រួចទៅហើយ​នេះ​នៅឡើយ​ទេ​។​

​លោក​សា​ឡេះ​បាន​គ្រប់គ្រង​ប្រទេស​យេ​ម៉ែន​ជាង​៣​ទសវត្សរ៍​រហូតដល់​គាត់​ត្រូវបាន​បង្ខំ​ឱ្យ​លាឈប់ បន្ទាប់ពី​ការធ្វើ​បដិវត្តន៍​អារ៉ាប់​ក្នុង​ឆ្នាំ ២០១១​។ ប៉ុន្តែ​លោក​បាន​បន្ត​នៅក្នុង​ប្រទេស​នេះ ហើយ​នៅតែ​បន្ត​រក្សា​អំណាច​នៅ​ពីក្រោយ​ឆាក​។ ក្នុង​ឆ្នាំ ២០១៤ កងកម្លាំង​របស់គាត់​បាន​ចងសម្ព័ន្ធ​មិត្ត​ជាមួយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី ទោះបីជា​ពេល​នៅ​ជា​ប្រធានាធិបតី គាត់​បានធ្វើ​សង្គ្រាម​ជាមួយ​ពួកគេ​ជាច្រើន​ដង​ក៏ដោយ​។​

​សម្ព័ន្ធភាព​ជាមួយ​ពួក​ឧទ្ទាម​បាន​បែកបាក់​កាលពី​សប្តាហ៍​មុន ដោយ​បង្កើត​ការប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង​ក្លា​រវាង​កងកម្លាំង​របស់​ឧទ្ទាម​ហ៊ូ​ធី និង​លោក​សា​ឡេះ​។​

​ប្រជាជន​យេ​ម៉ែន​នៅ​រដ្ឋធានី​របស់​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ​បាន​ចូលទៅក្នុង​បន្ទប់ក្រោមដី​កាលពី​យប់​ថ្ងៃ​ចន្ទ ខណៈដែល​យន្ដហោះ​ចម្បាំង​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​បាន​វាយប្រហារ​ទីតាំង​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី ដែល​ឥឡូវនេះ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​កងកម្លាំង​ស្មោះត្រង់​ចំពោះ​អតីត​ប្រធានាធិបតី​សា​ឡេះ ដើម្បី​កាន់កាប់​ទីក្រុង​នេះ​។​

​លោក ស៊ូ​ហ្សេ វ៉ាន់ មី​ហ្គិ​ន ទីប្រឹក្សា​ផ្នែក​ការពារ​និង​តស៊ូ​មតិ​សម្រាប់​ក្រុមប្រឹក្សា​ជនភៀសខ្លួន​រប​ស់​ន័​រ​វែ​ស ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សា​ណា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អំពើហិង្សា​បានធ្វើឱ្យ​បុគ្គលិក​ជំនួយ​សង្គ្រោះ​ជាប់​នៅ​ខាងក្នុង​ផ្ទះ​របស់​ពួកគេ និង​បានធ្វើឱ្យ​ប្រតិបត្តិការ​មនុស្សធម៌​ជាប់គាំង​ទាំងស្រុង​៕ ដោយ៖ កញ្ញាដាលីស

អតីត​ប្រធានាធិបតី​យេ​ម៉ែន លោក អា​លី អាប់​ឌុល​ឡាស សា​ឡេះ