អតីត​ប្រធានាធិបតី​វៀតណាម ឡេ ដឹក អាញ់ ទទួលមរណភាព​

1106
ចែករម្លែក

អតីត​ប្រធានាធិបតី​វៀតណាម លោក​ឡេ ដឹក អាញ់​( Le Duc Anh)​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ចន្ទ​ ទី​២២​មេសា ក្នុង​អាយុ​៩៩​ឆ្នាំ​។​

​កូនប្រុស​លោក ឡេ ម៉ាញ់ ហា បាន​ប្រាប់​សារព័ត៌មាន​វៀតណាម​ថា​« អតីត​ប្រធានាធិបតី ឧត្តមសេនីយ៍ ឡេ ដឹក អាញ់ បាន​លាចាក​លោក​នៅ​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃ​ចន្ទ​​ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ក្រុងហាណូ​យ​»​។​

​អតីត​ប្រធានាធិបតី​រូបនេះ​បាន​ធ្លាក់ខ្លួន​ឈឺ​មួយ​រយៈពេល​មក​ហើយ​និង​បាន​ស្ថិតក្រោម​ការព្យាបាល​អស់​ពេល​ជា​ច្រើន​ខែ​នៅ​មន្ទីរពេទ្យ​យោធា​ក្នុង​ក្រុង​ហាណូយ​។​

​កើត​នៅ​ឆ្នាំ​១៩២០ ​ក្នុង​ខេត្ត​ធួន ធៀន​-​វ៉េ ភាគ​កណ្តាល លោក​បាន​ចូលរួម​បដិវត្តន៍​នៅ​ឆ្នាំ​១៩៣៧ និង​បាន​ក្លាយ​ជា​សមាជិក​បក្ស​កុំម្មុយនីស្ត​វៀតណាម​នៅ​មួយ​ឆ្នាំ​បន្ទាប់​។​លោក​​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ទល់នឹង​បារាំង​អស់​១០​ឆ្នាំ​រវាង​ឆ្នាំ​១៩៤៥​និង​១៩៥៤ និង​ក្រោយមក​ប្រយុទ្ធ​ក្នុង​សង្គ្រាម​វៀតណាម​ទល់​នឹង​អាម៉េរិក​អស់​ពេល​១២​ឆ្នាំ ចាប់ផ្តើម​ពី​ឆ្នាំ​១៩៦៤​។​

​ក្រោយ​បដិវត្តន៍​ខែ​សីហា ផ្តើមឡើង​ដោយ​ចលនា​វៀត​មិញ​(​សម្ពន្ធ​សម្រាប់​ឯករាជ្យភាព​វៀតណាម​)​ប្រឆាំង​ការគ្រប់គ្រង​អាណានិគម​បារាំង​នៅ​វៀតណាម លោក​បាន​ធ្វើ​ជា​មេ​ដឹក​​នាំ​អនុ​សេនា​តូច និង​បន្ត​ក្លាយជា​ប្រធាន​នយោបាយ​នៅក្នុង​កងអនុសេនាធំ​មួយ​និង​បន្ទាប់​មក​កងវរសេនាធំ​។​ចាប់ពី​ខែ​តុលា​ឆ្នាំ​១៩៤៨​ដល់​១៩៥០ លោក​ជា​នាយសេនាធិការ​​យោធា​តំបន់​៧​និង​៨​ដែល​ប្រយុទ្ធ​នៅ​វៀតណាម​ខាងត្បូង​។​

​ចាប់ពី​ឆ្នាំ​១៩៥១​ដល់​១៩៥៤ លោក​បម្រើការ​ជា​រង​សេនាធិការ​និង​នាយសេនាធិការ​ស្តីទី​សម្រាប់​តំបន់​កូស៉ាំងស៊ីន​។​និង​ចាប់ពី​ឆ្នាំ​១៩៦៣ លោក​បម្រើការ​ជា​នាយរ​ង​សេនាធិការ​ចម្រុះ​រប​​ស់​កងទ័ព​ប្រជាជន​វៀតណាម​។​

​ឡេ ឌឹ​ក អាញ់ បាន​ឡើង​ជា​មេបញ្ជាការរង​និង​នាយសេនាធិការ​នៃ​កងកម្លាំងប្រដាប់អាវុធ​រំដោះប្រជាជន​នៅ​វៀតណាម​ខាងត្បូង​ចាប់ពី​ឆ្នាំ​១៩៦៤​ដល់​១៩៧៤​។​លោក​បាន​ឡើង​​ឋានៈ​ពី​វរសេនីយឯក​ទៅ​ជា​ឧត្តមសេនីយ៍ឯកនៅ​ឆ្នាំ​១៩៧៤ មុន​ក្លាយជា​មេបញ្ជាការរង​នៃ​យុទ្ធនាការ​ហូជីមិញ ដែល​ជា​ការវាយប្រហារ​ដ៏​ធំ​មួយ​ដែល​បាន​ចូលរួម​ដល់​ការដួលរលំ​​វៀតណាម​ខាងត្បូង​និង​បញ្ចប់សង្គ្រាម​វៀតណាម​នៅ​ឆ្នាំ​១៩៧៥​។​

​លោក​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចាប់ពី​ឆ្នាំ​១៩៨៧​ដល់​១៩៩១ និង​នៅ​ខែ​កញ្ញា​ឆ្នាំ​១៩៩២ លោក​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​វៀតណាម ជា​តំណែង​ដែល​លោក​កាន់​រហូត​​ដល់​ឆ្នាំ​១៩៩៧៕​ដោយ​៖​វាសនា​/Ha