អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​ប ដួល​ស្លាប់​ក្នុង​សវនាការ​

452
ចែករម្លែក

​ប្រធានាធិបតី​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​លើកដំបូង​របស់អេ​ហ្ស៊ី​ប លោក ម៉ូ​ហា​ម៉ា​ត ម័​រស៊ី ដែល​ត្រូវបាន​ទម្លាក់​ចេញពី​តំណែង​ដោយ​យោធា​នៅ​ឆ្នាំ​២០១៣ បាន​ដួល​​នៅក្នុង​តុលាការ​ក្នុងពេល​សវនាការ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៧​មិថុនា​និង​បាន​ស្លាប់ នេះ​បើ​តាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​និង​ក្រុមគ្រួសារ​របស់​លោក​។​

​ចៅ​ក្រុម​ម្នាក់​បាន​និយាយថា ម័​រស៊ី វ័យ​៦៧​ឆ្នាំ ទើប​តែ​និយាយ​ចេញពី​ទ្រុង​កញ្ចក់ ដែល​គេ​ដាក់​លោក​ក្នុងអំឡុង​សវនាការ​សួរដេញដោល​និង​បាន​ព្រមាន​ថា​លោក​បាន​មានការ​​សម្ងាត់​ជាច្រើន​ដែល​លោក​អាច​ទម្លាយ​។​នៅ​ប៉ុន្មាន​នាទី​ក្រោយមក លោក​បាន​ដួល​នៅក្នុង​ទ្រុង​។​

​នៅ​ដង្ហើមចុងក្រោយ លោក​នៅតែ​អះអាងថា​លោក​ជា​មេដឹកនាំ​ស្របច្បាប់​របស់អេ​ហ្ស៊ី​ប ដោយ​ទាមទារ​ការកាត់ទោស​ពិសេស​មួយ នេះ​បើ​តាម​ការបញ្ជាក់​ពី​មេធាវី​ម្នាក់​របស់​​លោក​។​

​ចំណែក​ទូរទស្សន៍​រដ្ឋ​បាន​និយាយថា លោក​បាន​ស្លាប់​មុន​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​ក្នុងពេល​ជាមួយគ្នា គណបក្ស​Muslim Brotherhood​របស់ម័​រស៊ី បាន​ចោទប្រកាន់​រដ្ឋាភិបាល​ថា​«​ធ្វើឃាត​»​រូបលោក​តាមរយៈ​ដាក់​លោក​ក្នុងស្ថានភាព​ក្នុង​គុក​ដ៏​អាក្រក់​អស់​​ពេល​រាប់​ឆ្នាំ​។​ក្រុម​នេះ​បានទាមទារ​អោយ​មាន​ការស៊ើបអង្កេត​អន្តរជាតិ​ចំពោះ​ការស្លាប់​របស់​លោកម័​រស៊ី និង​ក៏​បាន​អំពាវនាវ​អោយ​ជនជាតិ​អេ​ហ្ស៊ី​ប​ធ្វើ​ការតវ៉ា​ប្រឆាំង​នៅ​​ក្រៅ​ស្ថានទូត​អេ​ហ្ស៊ី​ប​នៅ​ទូទាំង​ពិភពលោក​។​

​ទោះជា​យ៉ាងណា ប្រធាន​អយ្យការ​អេ​ហ្ស៊ី​បបាន​និយាយ​ថា​សាកស​ព​លោកម័​រស៊ី​នឹង​ត្រូវ​ពិនិត្យដើ​ម្បី​កំណត់​មូលហេតុ​នៃ​ការស្លាប់​របស់​លោក​។​

​ម័​រស៊ី ដែល​គេ​ដឹងថា​មាន​កើត​ជម្ងឺ​ទឹកនោម​ផ្អែម​ផង​នោះ ត្រូវបាន​ចាប់​ដាក់គុក​តាំងពី​ឆ្នាំ​២០១៣ និង​ត្រូវបាន​ហាម​ជួប​ភ្ញៀវ​។​ក្នុង​អំឡុង​ពេល​នេះ សមាជិក​គ្រួសារ​លោក​ត្រូវបាន​​អនុញ្ញាត​អោយ​ចូល​ជួប​តែ​៣​លើក​គត់​៕​ដោយ​៖​វាសនា​

ម័​រស៊ី អង្គុយ​ក្នុង​ទ្រុង​ដែក នៅ​កន្លែង​ឃុំឃាំង​របស់​ប៉ូលិស​នៅ​ក្រុង​គែ​រ កាលពី​ឆ្នាំ​២០១៤