អតីត​ប្រធាន​ក្រុមហ៊ុន Nissan លោក​កា​ឡូ​ស ហ្គោ​សិន ត្រូវបាន​ចាប់ខ្លួន​ឡើងវិញ​

265
ចែករម្លែក

​អតីត​ប្រធាន​ក្រុមហ៊ុន Nissan លោក​កា​ឡូ​ស ហ្គោ​សិន (Carlos Ghosn) ត្រូវបាន​ចាប់ខ្លួន​ឡើងវិញ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​មេសា​នៅ​ទីក្រុង​តូ​ក្យូ​ពីបទ​ចោទប្រកាន់​ប្រព្រឹត្ត​កំហុស​ខាង​ហិរញ្ញវត្ថុ​ថ្មី​មួយទៀត ជាមួយ​មហាសេដ្ឋី​រថយន្ត​រូបនេះ​បាន​រិះគន់​ការឃុំ​ឃាំង​រូបលោក​ថា​ជា “​ការប្រមាថ​និង​ការបំពាន​”​។​

​អាជ្ញាធរ​បាន​ចាប់ខ្លួន​បុរស​អាយុ ៦៥ ឆ្នាំ​រូបនេះ​តិចជាង​មួយខែ​បន្ទាប់ពី​គាត់​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ បន្ទាប់ពី​ត្រូវ​ឃុំឃាំង​ជាង​១០០​ថ្ងៃ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា រដ្ឋអាជ្ញា​បាន​ចូលទៅ​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​របស់លោក​ហ្គោ​សិន​នៅ​កណ្តាល​ក្រុង​តូ​ក្យូ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ថា​គាត់​បាន​ចាកចេញ​ជាមួយ​ពួកគេ​តាម​រថយន្ត​មួយគ្រឿង​។​

​អ្នកយកព័ត៌មាន​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន AFP ម្នាក់​នៅ​ខាងក្រៅ​ផ្ទះ​នោះ​បានឃើញ​បុរស ៣ នាក់​ក្នុង​ឈុតខ្មៅ​កំពុង​ការពារ​ច្រកចូល​ចំណតរថយន្ត​និង​មន្ត្រីប៉ូលិស​ម្នាក់​កំពុង​ដើរល្បាត ខណៈដែល​អ្នកកាសែត​រា​ប់​សិប​នាក់​កំពុង​ប្រមូល​ផ្តុំគ្នា​។​

​លោក​ហ្គោ​សិន​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​តាមរយៈ​អ្នកតំណាង​របស់គាត់ បន្ទាប់ពី​ការចាប់ខ្លួន​នោះ ដោយ​ហៅ​វា​ថា​ជា “​ការប្រមាថ​និង​ការបំពាន​”​។​

​លោក​បន្តថា “​វា​ជា​ផ្នែក​មួយ​នៃ​ការប៉ុនប៉ង​មួយ​ផ្សេងទៀត​ដោយ​បុគ្គល​មួយចំនួន​នៅ​ក្រុមហ៊ុន Nissan ដើម្បី​បំបិទមាត់​ខ្ញុំ ដោយ​បោក​បញ្ឆោត​រដ្ឋអាជ្ញា​។ ហេតុអ្វី​បានជា​ចាប់ខ្លួន​ខ្ញុំ​ដើម្បី​តែ​ព្យាយាម​បំផ្លាញ​ខ្ញុំ​? ខ្ញុំ​នឹងមិន​ខ្ទេចខ្ទាំ​នោះឡើយ​” ដោយ​ទទូចថា​លោក​គ្មាន​ទោស​ចំពោះ​ការអះអាង​ចោទប្រកាន់​លើ​រូបលោក​ឡើយ ។​

​របាយការណ៍​នានា​បានបង្ហាញ​ឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា ក្រុម​រដ្ឋអាជ្ញា​បាន​ថ្លឹងថ្លែង​អំពី​ការចាប់ខ្លួន​លោក​ហ្គោ​សិន​ឡើងវិញ ខណៈដែល​ពួកគេ​ធ្វើការ​ស៊ើបអង្កេត​លើ​ការអះអាង​ទាក់ទង​នឹង​ទឹកប្រាក់​យ៉ាងហោចណាស់​ចំនួន ៣២ លាន​ដុល្លារ​នៅក្នុង​មូលនិធិ Nissan ដែល​បាន​ផ្ទេរ​ទៅកាន់​អ្នក​ចែកចាយ​នៅ​ប្រទេស​អូ​ម៉​ង់​។​

​យោងតាម​ប្រភព​មួយ​ដែល​ដឹង​ពី​បញ្ហា​នេះ​បានឱ្យដឹងថា ប្រាក់​មួយចំនួន​ក្នុងចំណោម​៣២​លាន​ដុល្លារ​នេះ​ត្រូវគេ​ជឿថា​បាន​ប្រើ​ដើម្បី​ទិញ​នាវា​ប្រណីត​មួយ​សម្រាប់​លោក​ហ្គោ​សិន​និង​គ្រួសារ​របស់លោក​។​

​អតីត​នាយក​ប្រតិបត្តិ​ដ៏​មាន​ស្តុកស្តម្ភ​រូបនេះ​បាន​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​កំហុស​ខាង​ហិរញ្ញវត្ថុ​ចំនួន ៣ ករណី​រួចមកហើយ​ទាក់ទង​នឹង​ការចោទប្រកាន់ថា​គាត់​បាន​រាយការណ៍​បំបាត់​ទឹក​លុយ​និង​បាន​ស្វែងរក​ការផ្ទេរ​ការខាតបង់​ទៅក្នុង​សៀវភៅ​កត់ត្រា​របស់​ក្រុមហ៊ុន Nissan​។​

​គាត់​បាន​បដិសេធថា​មិនបាន​ធ្វើ​ខុស​អ្វី​ទាំងអស់ ហើយ​បាន​ចូលទៅ Twitter ជា​លើកដំបូង​កាលពី​ថ្ងៃ​ពុធ​ដោយ​ប្រើ​គណនី​ដែល​បាន​បង្កើត​ថ្មី ដែល​អ្នកនាំពាក្យ​របស់​គាត់​បាន​បញ្ជាក់ថា​ជា​គណនី​ពិតប្រាកដ ដើម្បី​ប្រកាស​ពី​ផែនការ​សម្រាប់​សន្និសីទ​សារព័ត៌មាន​។​

​លោក​ហ្គោ​សិន​បានសរសេរថា “​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ប្រាប់​ការពិត​អំពី​អ្វីដែល​កំពុង​កើតឡើង​នៅ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១១ ខែមេសា​”៕ ដោយ៖ កញ្ញាដាលីស

អតីត​ប្រធាន​ក្រុមហ៊ុន Nissan លោក​កា​ឡូ​ស ហ្គោ​សិន​ត្រូវបាន​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍