(​ភ្នំពេញ​)៖ សហជីព​ជាង​១២០​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៨​ធ្នូ បានរួម​គ្នា​ដាក់​ពាក្យបណ្តឹង​ចោទ ប្រកាន់​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៅ​កម្ពុជា ពីបទ ញុះញង់​ដោយ​ភ្ជាប់​យក​ខ្លឹមសារ​កិច្ចសម្ភាសន៍​ផ្សាយ​ក្នុង​វិទ្យុ​អាស៊ីសេរី​កាលពី​យប់​ថ្ងៃទី​១៥ ខែធ្នូ ជា​ដើមចម​ដាក់បន្ទុក​ក្នុង​ពាក្យបណ្តឹង​​នេះ​។​

​បើតាម​វិទ្យុ​អាស៊ីសេរី​ផ្សាយ​ថ្ងៃ​១៥​ធ្នូ លោក ជា មុនី ស្នើ​បាន​ទៅ​សហភាព​អឺរ៉ុប អោយ​ដាក់ទណ្ឌកម្ម​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា កាន់តែ​លឿន​កាន់តែ​ល្អ​។​

​លោក ជា មុនី ដែល​ត្រូវជា​ប្អូនប្រុស​លោក ជា វិជ្ជា យល់ថា​« បើ​សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​មកលើរ​ដ្ឋា​ភិ​បាល​លោក ហ៊ុន សែន អ្នករងគ្រោះ​គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដូច្នេះ គឺ​លោក ហ៊ុន សែន ងាក​មករក​ផ្លូវ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​ជាមួយ​គណបក្សប្រឆាំង​។ អ្វីដែល​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធមក​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្តបន្ទាប់​គ្នា​ដូច្នេះ ព្រោះ​រដ្ឋាភិបាល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង និង​កំពុង​រំលោភសិទ្ធិ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។​
​ ​
​សូមបញ្ជាក់ថា​ ​ពាក្យបណ្តឹង​នេះ​បាន​ត្រូវ​លោក​សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទទួលបន្ទុក​ចាត់ការ​តាម​នីតិវិធី​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី​១៩ ខែធ្នូ តទៅ​។​
​ ​
​ក្រៅពី​ពាក្យបណ្តឹង​នេះ ក្រុម​សហជីព​ទាំងអស់​បាន​ព្រមាន​ថា នឹង​ប្តឹង​បុគ្គល​ឬ​អ្នក នយោបាយ​ណា​ដែល​ញុះញង់​អោយ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​ប៉ះពាល់​ដល់​ជីវភាព​កម្មករ កម្មការិនី​ទាំងអស់​។​
​ ​
​ក្នុង​ពាក្យបណ្តឹង​នេះ​លោក​មេធាវី តារា សុ​បញ្ញា និង​លោក​មេធាវី កេ​ត តុ​សុ​វណ្ណឌី តំណាងអោយ​សហភាព និង​សហ​ព័​ន្ឋ​សហជីព មាន​លោក​ជួន ម៉ុង​ថុល និង​លោក​សោម អូន ជា​ប្រធាន បាន​បញ្ជាក់ថា ខ្លឹមសារ​កិច្ចសម្ភាសន៍​របស់លោក ជា មុនី ដែល​ផ្សាយ​ក្នុង​វិទ្យុ​អា ស៊ី​សេរី​កាលពី​យប់​ថ្ងៃទី​១៥ ខែធ្នូ កន្លងទៅនេះ បង្កអោយមាន​ហានិភ័យ​ធំៗ​ចំនួន​ពីរ​ដល់​កម្ម ករ និង​កម្មការិនី​ទាំងអស់ ពោលគឺ​ទី​១ សហភាព​អឺរ៉ុប និង​អ្នកបញ្ជា​ទិញ នឹង​ឈប់​ធ្វើការ​បញ្ជា ទិញ និង​ជាការ​ញុះញង់​អោយ​កម្មករ​ទាំងអស់​មា​ន​ការ​ថ្នាំងថ្នាក់ ឬ ស្អប់ខ្ពើម​រាជរដ្ឋាភិបាល កម្ពុជា ហើយ​ងើបឡើង​ប្រឆាំង​។

​លោក​មេធាវី​ទាំង​ពីរបាន​សំណូមពរ​អោយ​តុលាការ ផ្តន្ទាទោស​លោក​ជា មុនី តាមច្បាប់ និង ទាមទារ​ជម្ងឺ​ចិត្ត​ចំនួន ១​លាន​ដុល្លារ​អាមេរិក​។ ​ទន្ទឹមនេះ​ក្រុម​សហជីព​ធំៗ​តំណាងឱ្យ​កម្មករ​រាប់សែន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៧​បានប្រកាសថា​ក្រុម​សហ​​ជីព​ធំៗ ព្រមាន​បន្ត​ប្តឹង​អ្នកនយោបាយ​ទាំងឡាយណា ដែល​ធ្វើការ​ញុះញង់​ឱ្យ​សហគមន៍​អឺរ៉ុប ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា​។ ​ក្រុម​សហជីព​បាន​ចាត់ទុកថា ការជំរុញឱ្យ​មានទណ្ឌ​កម្មនេះ គឺជា​ការ​វាយបំផ្លាញ​ឆ្នាំងបាយ​របស់​កម្មករ ដែល​នឹង​ធ្វើឱ្យ​កម្មករ​កម្មការិនី​​រាប់លាន​នាក់​អត់​ការងារ​ធ្វើ​។​

​ក្រុម​សហជីព​ធំៗ តំណាងឱ្យ​កម្មករ​រាប់សែន​នាក់​នៅ​កម្ពុជា បាន​បញ្ជាក់ថា​អ្នកនយោបាយ​ដែល​ជំ​រុញឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌ​​លើ​ប្រទេស​ខ្លួន ឯង​បែបនេះ គឺ​មិនមែនជា​អ្នកនយោបាយ​ស្នេហា​ជាតិ​នោះទេ ពួកគេ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ព្រោះ​​ទណ្ឌកម្ម​នោះ​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការងារ​កម្មករ​រាប់លាន​នាក់ នៅក្នុង​ប្រទេស ជាងនេះទៅទៀត​ក៏​នឹង​ប៉ះពាល់​ដល់​ជីវភាព​​ប្រជាពលរដ្ឋ ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​វិស័យ​កាត់ដេរ​ផងដែរ​។​

​ការព្រមាន​របស់​ក្រុម​សហជីព​ធំៗ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​មេដឹកនាំ​អតីត​គណបក្សប្រឆាំង​នៅ​កម្ពុជា បាន​អន្តរាគមន៍​គ្រប់​វិធី ដើម្បីឱ្យ​សហគមន៍​អឺរ៉ុប និង​អាមេរិក ដាក់ទណ្ឌកម្ម​ដល់​ប្រទេស​កម្ពុជា តាមរយៈ​ការបញ្ឈប់​ការទិញ​សម្លៀកបំពាក់​ពី​កម្ពុជា និង​បិទ​ការអនុគ្រោះ​ពន្ធ ក្នុងការ​នាំចូល​ទៅកាន់​ប្រទេស​នានា នៅក្នុង​សហភាព​អឺរ៉ុប​៕​ដោយៈ វាសនា-ស​រិ​ទ្ឋ​