អតីត​ប្រពន្ធ​ជនជាតិ​រុស្ស៊ី​របស់​ស្តេច​ស៊ុ​ល​តង់​ម៉ាឡេស៊ី​អះអាងថា​នាង​បញ្ចាំចិញ្ចៀន​រៀបការ​ដើម្បី​បង់ថ្លៃ​ពេទ្យ​ខណៈពេល​មានគភ៌​

1181
ចែករម្លែក

រា​ជនី​សម្រស់​រុស្ស៊ី​នាង អូក​សា​ណា វ៉ូ​វ៉ូ​ឌី​ណា បាន​អះអាង​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​អង់គ្លេស Daily Mail ថា នាង​ត្រូវយក​ចិញ្ចៀន​អាពាហ៍ពិពាហ៍​របស់​នាង​ទៅ​បញ្ចាំ​ដើម្បី​បង់ថ្លៃ​ពេទ្យ បន្ទាប់ពី​អតីត​ស្វាមី​របស់​នាង​គឺ​ស្តេច​ស៊ុ​ល​តង់​មូ​ហា​ម៉ា​ត់ទី​៥​នៃ​រដ្ឋ​កេ​ឡាន់​តាន់​ចាកចោល​នាង នៅពេល​នាង​មាន​ផ្ទៃពោះ​។​

​នាង​វ៉ូ​វ៉ូ​ឌី​ណា ដែលមាន​ឈ្មោះ​ក្រៅ​ថា រី​ហា​ណា អូក​សា​ណា ប៉េ​ត្រា បាន​និយាយថា នាង​បាន​លក់​ចិញ្ចៀន Jacob Arabo តម្លៃ ២០៣.០០០ ផោន (២៥​ម៉ឺន​ដុល្លារ​អាម៉េរិក​) ក្នុងតម្លៃ​ទាប​ជាង​តម្លៃ​ដើម​របស់​វា ៣ ដង ពីព្រោះ​នាង​ត្រូវ​ការប្រាក់​យ៉ាងខ្លាំង​នៅ​គ្រា​ដ៏​លំបាក​ពេល​ជិត​សម្រាលកូន​។​

​អតីត​បវរកញ្ញា​ក្រុង​មូ​ស្គូ​រូបនេះ​បាន​និយាយថា នាង​បាន​យក​ចិញ្ចៀន​នេះ​ទៅ​បញ្ចាំ ពេល​ជិត​ប្រសូត​កូនប្រុស​ឈ្មោះ អ៊ី​ស្មា​អ៊ី​ល ឡេ​អូន ខណៈ​នាង​បាន​ខ្ចីលុយ​គេ​ដើម្បី​បង់ថ្លៃ​មន្ទីរពេទ្យ​នៅ​ស្វី​ស​អស់​រយៈពេល ២ ខែ​។ ទារក​នេះ​បានកើត​នៅ​ថ្ងៃទី ២១ ខែឧសភា​។​

​នាង​បាន​ប្រាប់ Daily Mail ថា “​ខ្ញុំ​សូម​មិន​ប្រាប់​ពី​តម្លៃ​ចិញ្ចៀន​ដែល​ខ្ញុំ​លក់​ទេ ប៉ុន្តែ​វា​ទាប​ជាង​ថ្លៃដើម ៣ ដង​”​។ នាង​និយាយទៀតថា “​ខ្ញុំ​បាន​ប្រើ​ប្រាក់​នេះ​ដើម្បី​ចំណាយ​លើ​ថ្លៃ​ព្យាបាល​នៅ​ប្រទេស​ស្វី​ស​ព្រោះ​ខ្ញុំ​ប្រឈមមុខ​នឹង​ការបាត់បង់​កូន​”​។​

​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​បវ​រ​កញ្ញា​អាយុ ២៧ រូបនេះ​ជាមួយ​អតីត​ស្តេច​ម៉ាឡេស៊ី​និង​ក្រោយមក​បាន​លែងលះ​វិញ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន​នៅ​ឆ្នាំនេះ​។​

​អ្នក​ទាំងពីរ​ត្រូវបាន​គេ​និយាយថា​រៀបការ​នៅ​ថ្ងៃទី ៧ ខែមិថុនា​ឆ្នាំមុន នៅពេល​ព្រះ​ចៅ​ស៊ុ​ល​តង់​មូ​ហា​ម៉ា​ត់ទី​៥​កំពុង​នៅ​ជា​ស្តេច​ម៉ាឡេស៊ី ប៉ុន្តែ​នៅ​ប៉ុន្មាន​ខែក្រោយ​ទើប​វីដេអូ​ឃ្លី​ប​នៃ​ពិធី​រៀបការ​របស់​ពួកគេ​បាន​ល្បី​ជា​អន្តរជាតិ​។​

​ព័ត៌មាន​អំពី​ការបញ្ចប់​អាពាហ៍ពិពាហ៍​បាន​លេចឡើង​កាលពី​ខែកក្កដា ដោយ​មេធាវី​របស់​អតីត​ស្តេច​នេះ​នៅ​ប្រទេស​សិង្ហ​បុរី​បានបញ្ជាក់​ប្រាប់​កាសែត The Straits Times ថា​ការ​លែងលះ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃទី ២២ ខែមិថុនា​ស្របតាម​ច្បាប់​សារៀ​។​

​មេធាវី​របស់​ស្តេច​ស៊ុ​លត​ង់​នេះ​ក៏​ធ្លាប់បាន​និយាយ​ដែរ​ថា “​មិនទាន់មាន​ភស្តុតាង​ជាក់លាក់​ណាមួយ​ទាក់ទង​នឹង​ឪពុក​បង្កើត​របស់​កូន​នេះ​នៅឡើយ​ទេ​”៕ ដោយ៖ កញ្ញាដាលីស

នាង​វ៉ូ​វ៉ូ​ឌី​ណា​និង​អតីត​ស្វាមី​ជា​ស្តេច​ស៊ុ​លត​ង់​ម៉ាឡេស៊ី