អតីត​ប្រមុខ​កងទ័ព​និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ច្រើន​នាក់ ចុះហត្ថលេខា​លើ​លិខិត ព្រមាន​ការប្រឆាំង​នឹង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​

733
ចែករម្លែក

​ទោះបីជា សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតីអាមេ​រិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា លោក​មិន​មាន​បំណង​ធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ក្តី ក៏​សហរដ្ឋអាមេរិក​បន្ត​បង្កើន​​វត្តមាន​យោធា​របស់​ខ្លួន​នៅ​តំបន់​មជ្ឈិម​បូព៌ា​។ នៅក្នុង​ការអភិវឌ្ឍ​ថ្មីៗ​បំផុត លោក ដូ​ណា​ល់ ត្រាំ បាន​ទទួលស្គាល់ថា មន្ទីរ​បញ្ច​កោណ​នឹង​បញ្ជូន​កងទ័ព​ចំនួន​១.៥០០​នាក់​​បន្ថែម​ទៀត​ទៅ​កាន់​តំបន់​នោះ បន្ទាប់ពី​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ជាមួយនឹង​នាវាចម្បាំង​ច្រើន​គ្រឿង ព្រមទាំង​កងទ័ពអាកាស ។​

​ក្នុងពេល​មាន​ភាព​តានតឹង​កើន​ឡើង​រវាង​ប្រទេស​ទាំង​២​អតីត​ឧត្ដមសេនីយ៍​និង​ឧត្តមនាវី​និង ឯកអគ្គរដ្ឋទូត​ចូលនិវត្តន៍​អាមេរិក​ចំនួន​៧៦​នាក់ បាន​ចុះហត្ថលេខា​​លើ​លិខិត​បើក​ចំហ​មួយ​ទៅកាន់​ប្រធានាធិបតី​អាមេរិក​នេះ​ដោយ​ជំរុញ​លោក កុំ​ឱ្យ​ធ្វើ​សង្គ្រាម​ប្រឆាំង​សាធារណរដ្ឋ​អ៊ីស្លាម​នេះ​។​

​លិខិត​នេះ​បានសរសេរថា ” យើង​ផ្ញើ​លិខិត​ទៅ​លោក​ដើម្បី​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​របស់​យើង​អំពី​ការកើនឡើង​នៃ​ភាព​តានតឹង​នៅពេលនេះ​ជាមួយ​អ៊ីរ៉ង់​នៅក្នុង​ឈូង​​សមុទ្រ​អារ៉ាប់​នេះ​។ ការ​ស្អប់​គ្នា​ទៅវិញទៅមក​រវាង​សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់ ការបញ្ជូន​នាវាចម្បាំង​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​តំបន់​នោះ​ហើយ​មាន​របាយ​​ការណ៍​អំពី​ការត្រៀម​វាយប្រហារ​របស់​អ៊ីរ៉ង់​លើក​កងទ័ព​អាមេរិក​និង​កន្លែង​ទាក់ទង​ការទូត​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ​នោះ កំពុង​បង្កើន​ការព្រួយបារម្ភ​ខ្លាំង​និង​ការ​​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​ស្រួចស្រាល់​។ សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ដោយ​ការជ្រើសរើស​ឬ​ការវាយតម្លៃ​ស្ថានការណ៍​ខុស​នឹង​បង្កើត​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​មជ្ឈិមបូព៌ា​ដែល​បាន​​ធ្វើឱ្យ​អស្ថិរភាព​រួចហើយនោះ​ហើយ​រុញច្រាន​សហរដ្ឋអាមេរិក​ធ្លាក់​ចូល​ទៅ​ក្នុង​ជម្លោះ​ប្រដាប់អាវុធ​មួយ​ផ្សេង​ទៀត​ដែល​នាំ​ឱ្យ​ចំណាយ​ហិរញ្ញវត្ថុ ជីវិត​មនុស្ស និង​ចំណាយ​លើ​​តំបន់​ភូមិសាស្ត្រ​ដ៏​សម្បើម ។​

​លិខិត​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការខ្វះ​ធ្វើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ចំ​ពេល​ការកើនឡើង​នៃ​សង្គ្រាម​ពាក្យសម្តី​នោះ ធ្វើឱ្យ​ងាយ​មានការ​វាយ​តម្លែ​ស្ថានការណ៍​ខុស​​ហើយ​ជា​លទ្ធផល​នោះ វា​ធ្វើឱ្យមាន​ជម្លោះ​យោធា​ដែល​មិន​អាច​គិត​ទុកជាមុន​បាន​ទៅជា​យ៉ាងណា​នោះទេ​”​។​

​លិខិត​នេះ ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​នេះ​ចាប់ផ្តើម​និយាយ​គ្នា​ដូច​ដែល​អ្វី​ធ្លាប់បាន​ធ្វើ កាលពី​អតីតកាល ៕​ដោយ​៖​សុខា​/sn

អាមេរិក​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ទៅកាន់​ឈូង​សមុទ្រ​អារ៉ាប់​កាលពីដើម​ខែ​នេះ​