អតីត​មេដឹកនាំ​ខ្មែរក្រហម នួន ជា ស្លាប់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​

566
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញ​:
លោក​នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ នៃ​សាលាក្តី​ខ្មែរក្រហម បញ្ជាក់ប្រាប់​រស្មី​កម្ពុជា​ថា ជនជាប់ចោទ នួន ជា អាយុ ៩៣ ឆ្នាំ បានទទួល​មរណភាព​ហើយ នៅ​ល្ងាច​ថ្ងៃទី​៤ ខែសីហា ឆ្នាំ ២០១៩ នេះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ជនជាប់ចោទ នួន ជា ត្រូវបាន​បញ្ជូន​ពី​មន្ទីរឃុំឃាំង​បណ្តោះអាសន្ន​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​វ​តក​) ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ដើម្បី​ក្រុមគ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ជំងឺ តាំងពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩​មក​។​

​លោក​បន្តថា នួន ជា កើត​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​១៩២៦ មាន​តួនាទី​ជា​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា សមាជិក​គណៈ ក​ម្មា​ធិ​ការ​អចិ​ន្រៃ្ត​យ៍ និង​គណៈកម្មាធិការ​ម​ជ្ឈិ​ម​បក្ស​កុម្មុយនីស្ត​កម្ពុជា និង​ជា​ប្រធានសភា​តំណាង​ប្រជាជន នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ គាត់​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៧ និង​បាន​ជំនុំជម្រះ​ក្តី​នៅ​ចំពោះមុខ​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ឆ្នាំ ១៩៤៩ និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​។​

​លោក​បាន​បញ្ជាក់ថា នួន ជា ត្រូវបាន​រកឃើញថា មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​នៅក្នុង​សំណុំរឿង ០០២/០១ កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៤​។ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ អង្គជំនុំជម្រះ​តុលាការ​កំពូល បាន​បដិសេធ​ពិរុទ្ធភាព​មួយចំនួន ប៉ុន្តែ​តម្កល់​ការផ្តន្ទាទោស​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។​

​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នួន ជា ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ ក្នុង​សំណុំរឿង ០០២/០២ ជាមួយ ខៀវ សំផន​។ អង្គជំនុំជម្រះ​សាលាដំបូង បានរួម​បញ្ចូល​ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​នៅក្នុង​សំណុំរឿង ០០២/០១ និង​សំណុំរឿង ០០២/០២ ទៅជា​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​តែមួយ​៕ ល​