អតីត​មេដឹកនាំ​ប្រឆាំង​ម៉ាឡេស៊ី អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវបាន​ដោះលែង​ពី​គុក​

351

អ្នកនយោបាយជាប់គុកនៅម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានរួចផុតពីការជាប់ពន្ធនាគារកាលពីថ្ងៃពុធទី១៦ឧសភា ក្រោយពីទទួលបានការលើកលែងទោសពីស្តេចដោយបើកផ្លូវអោយលោកវិលមកកាន់នយោបាយជាតិ ក្នុងនាមជាអ្នកស្នងតំណែងពីនាយករដ្ឋមន្រ្តីមហាធៀ ម៉ូហាម៉ាត បន្ទាប់ពីក្រុមកាន់អំណាចចាស់វស្សាមុនចាញ់ឆ្នោតគួរអោយភ្ញាក់ផ្អើល។

អាន់វ៉ា បានដើរចេញពីមន្ទីរពេទ្យនៅក្រុងកូឡាឡាំពួរ កន្លែងដែលលោកត្រូវបានអនុញ្ញាតអោយចេញពីគុកដើម្បីព្យាបាលការវះកាត់ស្មា ក្រោយពីដេកគុកអស់៣ឆ្នាំចំពោះទោសស្រឡាញ់មនុស្សប្រុសដូចគ្នា ជាការចោទប្រកាន់ដែលលោកបដិសេធនិងថាជាការលាបពណ៌ដើម្បីបំផ្លាញអាជីពនយោបាយរបស់លោក។

ញញឹមនិងហាក់រហ័សរហួនក្នុងសម្លៀកបំពាក់អាវធំខ្មៅ បុរសវ័យ៧០ឆ្នាំរូបនេះ បានលើកមេដៃដាក់ហ្វូងអ្នកកាសែតមុនជិះរថយន្តចេញទៅចូលគាល់ស្តេច។អាន់វ៉ាមិនបាននិយាយយ៉ាងម៉េចទេ តែត្រូវគេរំពឹងថានឹងថ្លែងទៅកាន់សាធារណជននៅពេលរសៀល និងមានការជួបជុំនយោបាយមួយនៅពេលល្ងាច។

ការដោះលែងលោកអាន់វ៉ា កត់សំគាល់ការធ្លាក់រាសីមួយទៀតរបស់ក្រុមចំរុះរណសិរ្សជាតិ (BN) ដែលបានចោទប្រកាន់ដាក់គុកលោកនិងទើបអស់អំណាចដែលខ្លួនកាន់កាប់អស់ជាង៦ទសវត្សរ៍បន្ទាប់ពីចាញ់ឆ្នោត។

សូមបញ្ជាក់ថា មហាធៀ វ័យ៩២ឆ្នាំ ដែលបានដឹកនាំBNអស់២២ឆ្នាំរហូតដល់ឆ្នាំ២០០៣បានចាកចេញពីការចូលនិវត្តន៍មកដឹកនាំសម្ពន្ធភាពប្រឆាំងហើយដណ្តើមបានជោគជ័យក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន ។មហាធៀ បាននិយាយថាលោកនឹងដឹកនាំរដ្ឋាភិបាលយ៉ាងតិច២ឆ្នាំក្នុងអន្តរកាលមិនច្បាស់លាស់មួយ ហើយនឹងប្រគល់​​ អំណាចអោយលោកអាន់វ៉ានៅទីបំផុត។

ទោះជាយ៉ាងណា អាន់វ៉ាមិនអាចចូលក្នុងរដ្ឋាភិបាលដោយផ្ទាល់និងភ្លាមៗបានទេ។ជាដំបូងលោកត្រូវជាប់ឆ្នោតជាសមាជិកសភា ជាឋានៈដែលត្រូវបានដកហូតនៅឆ្នាំ២០១៥ ពេលលោកត្រូវបានកាត់ទោសចំពោះការស្រឡាញ់ជំនួយការប្រុសវ័យក្មេងម្នាក់។

ការចោទប្រកាន់និងកាត់ទោសលោកអាន់វ៉ា ក្នុងរបបដឹកនាំដោយលោកណាជីប រ៉ាហ្សាក់ ត្រូវបានគេមើលឃើញថាជាការព្យាយាមបន្សាបការគំរាមកំហែងនយោបាយដែលកំពុងកើនឡើងរបស់លោកអាន់វ៉ា។

ប្រជាប្រិយភាពរបស់អាន់វ៉ាក៏កើនឡើងខ្លាំងក្នុងទសវត្សរ៍១៩៩០ក្រោមរដ្ឋាភិបាលរបស់មហាធៀ ដោយលោកធ្វើជាឧបនាយករដ្ឋមន្រ្តីនិងបានការសរសើរពីបរទេសចំពោះកំណែទំរង់ជាហេតុនាំអោយមានការនិយាយថា លោកនឹងចូលជំនួសលោកមហាធៀ។តែជម្លោះរវាងអ្នកទាំងពីរបានធ្វើអោយផ្អើលពេញប្រទេសនិងនៅទីបំផុតលោកអាន់វ៉ា ត្រូវបណ្តេញចេញពីតំណែងនិងត្រូវបានចោទប្រកាន់ថាស្រឡាញ់ប្រុសដូចគ្នា។

ក្រោយនៅក្នុងគុកអស់៦ឆ្នាំ លោកអាន់វ៉ាបានប្រើឥទ្ធិពលតារាកំពុងរះរបស់លោកបង្រួបបង្រួមក្រុមប្រឆាំងដែលកំពុងអស់សង្ឃឹមមុនមានការចោទប្រកាន់ថ្មីទៀតពីបទស្រឡាញ់ប្រុសនិងត្រូវបាននាំចូលគុកជាថ្មីទៀតក្រោមរបបដឹកនាំមុន៕ដោយ៖វាសនា