អតីត​មេ​ប៉ូលិស​ហ្វីលីពីន​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ពុករលួយ​ក្នុង​សង្គ្រាម​គ្រឿងញៀន​

159
ចែករម្លែក

​ក្រសួង​យុត្តិធម៌​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​មករា​ថា អតីត​មេ​ប៉ូលិស​នៅ​ក្នុងអំឡុង​សង្គ្រាម​សង្គ្រាម​ដ៏​បង្ហូរ​ឈាម​របស់​ប្រធានាធិបតី​ហ្វីលីពីន នឹងត្រូវ​​បាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ការពារ​ក្រុម​មន្ត្រី​ដែល​បាន​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​។​

​លោក​អូ​ស្កា អាល់​បា​យ៉ាល់​ដេ អតីត​មេ​ប៉ូលិស​នេះ​បាន​លាលែង​ពី​តំណែង​កាលពី​ខែ​តុលា បន្ទាប់ពី​បាន​បម្រើការ​ជា​មេ​ប៉ូលិស​ហ្វីលីពីន អស់​រយៈពេល​ជាង​មួយឆ្នាំ ​ដោយ​បាន​ធ្វើ​ជា​ប្រធាន​ដឹកនាំ​ការបង្ក្រាប​គ្រឿងញៀន​ដែល​បណ្តាល​ឱ្យ​ជនសង្ស័យ​គ្រឿងញៀន​រាប់ពាន់នាក់​ស្លាប់​។​

​បញ្ហា​នេះ បាន​ធ្វើឱ្យ​លោក អូ​ស្កា អាល់​បា​យ៉ាល់​ដេ បាត់បង់​ការគាំទ្រ​និង​ធ្លាក់​ប្រជាប្រិយភាព​នៅក្នុង​សង្គ្រាម​គ្រឿងញៀន​ដែល​មាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន​ហ្វីលីពីន ប៉ុន្តែ​រឿង​នេះ​បាន​ប្រឈមមុខ​នឹង​ការរិះគន់​ពី​អន្តរជាតិ​ជុំវិញ​ការចោទប្រកាន់​ដែល​ថា​ប៉ូលិស​បាន​សម្លាប់​ជនសង្ស័យ​ច្រើន​នាក់​ក្រៅ​ប្រព័ន្ធតុលាការ​។​

​ក្រសួង​យុត្តិធម៌​បាន​និយាយថា ក្រុម​រដ្ឋ​អាជ្ញា​បាន​រកឃើញ​មូលហេតុ​ដែល​អាច​ចោទប្រកាន់​លោក អូ​ស្កា អាល់​បា​យ៉ាល់​ដេ​ពី​បទ​មិន​ដាក់ទោស​ពួក​មន្ត្រី​ដែល​​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ធ្វើ​ការមិន​ទទួលខុសត្រូវ​និង​មិន​បាន​រាយការណ៍​អំពី​គ្រឿងញៀន​១៦៣ គីឡូក្រាម និង លុយ​១៩១.០០០ ដុល្លារ ពី​ការ​ឆ្មក់​ចូល​ឆែក​​និង​ចាប់​គ្រឿងញៀន​។​

​មន្ត្រីប៉ូលិស​១៣​នាក់​ផ្សេង​ទៀត នឹង​ត្រូវបាន​ចោទប្រកាន់​ផង​ដែរ​ជុំវិញ​ករណី​ចោទប្រកាន់​នេះ​។​

​លោក អូ​ស្កា អាល់​បា​យ៉ាល់​ដេ បាន​បដិសេធ​ជាច្រើន​លើក​ថា​មិន​បាន​ការពារ​មន្ត្រី​ទាំង​នោះ​ឬ​កេងចំណេញ​ពី​គ្រឿងញៀន​ដែល​រឹបអូស​បាន​នោះ​។​

​ការចោទប្រកាន់​នេះ អាចដាក់​ទោស​លោក អូ​ស្កា អាល់​បា​យ៉ាល់​ដេ រហូត​ដល់​រយៈពេល​១០​ឆ្នាំ ប្រសិន​បើ​លោក​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​នោះ​៕​ដោយ​៖​សុខា​/sn

លោក​អូ​ស្កា អាល់​បា​យ៉ាល់​ដេ​អតីត​មេ​ប៉ូលិស​ហ្វីលីពីន​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​ពុករលួយ​ក្នុង​សង្គ្រាម​គ្រឿងញៀន​