អតីត​សង្ឃ​ថៃ​ដែល​ត្រូវបានធ្វើ​បត្យាប័ន បានមក​ដល់ទី​ក្រុង​បាងកក ដើម្បី​ប្រឈម​ការចោទប្រកាន់​

1486
ចែករម្លែក

​អតីត​លោកសង្ឃ​ថៃ ព្រះនាម និ​ន ខាំ ឬ វីរៈ​ពង់ សុក​ផល បានមក​ដល់ទី​ក្រុង​បាងកក ពី​សហរដ្ឋអាមេរិក​កាលពី​យប់​ថ្ងៃ​ពុធ ទី​១៩ កក្កដា ជាមួយនឹង​ក្រុម​រដ្ឋអាជ្ញា​និង​ក្រុមមន្ត្រី​ស៊ើបអង្កេត​ពិសេស​។​

​សង្ឃ និ​ន ខាំ ព្រះជន្ម​៣៨​វស្សា​អង្គ​នេះ ត្រូវបាន​អមដំណើរ​និង​នាំខ្លួន​មកពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​តាម​ជើងហោះហើរ​មួយ​មកកាន់​ទីក្រុង​បាងកក​។​

​លោក ប៉ៃ​ស៊ីត វង់​មួង អគ្គនាយក​គ្រប់គ្រង​អង្គភាព​ស៊ើបអង្កេត​ពិសេស​និង​មន្ត្រី​ថៃ​មួយចំនួនទៀត​បាន​កំពុង​រង់ចាំ អតីត​សង្ឃ​អង្គ​នេះ​នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​។ បន្ទាប់ពី​ការមកដល់ សង្ឃ​អង្គ​នេះ ត្រូវបាន​នាំខ្លួន​ទៅកាន់​អង្គភាព​ស៊ើបអង្កេត​ពិសេស​ដើម្បី​សួរនាំ​។​

​សង្ឃ និ​ន ខាំ ដែលជា​អតីត​ព្រះចៅអធិការ​វត្ត​ខាន់​ទី​ថាំ នៅ​ខេត្ត​ស៊ីសាកេត​នឹង​ប្រឈម​ការចោទប្រកាន់​ចំនួន​៥​ករណី ដែល​ទាក់ទង​ទៅនឹង​ការលាង​លុយ ការ​ពង្រត់​ក្មេង ការចាប់រំលោភ​ក្មេងស្រី​ក្រោយ​អាយុ​១៥ រំលោភបំពាន់​ច្បាប់​ឧក្រិដ្ឋ​កុំ​ព្យួ​ទ័​រ និង ក្លែងបន្លំ​ប្រាក់​។​

​សង្ឃ និ​ន ខាំ បាន​រត់គេចខ្លួន​ពី​ប្រទេស​ថៃ​ទៅ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ ២០១៣ ហើយ​ត្រូវបាន​បញ្ជូន​មកវិញ ក្រោម​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន​រវាង​ប្រទេស​ទាំង​២​នេះ បន្ទាប់ពី​សង្ឃ​អង្គ​នេះ ត្រូវបាន​ចាប់​ខ្លូន​កាលពី​ខែកក្កដា​ឆ្នាំមុន​៕ ដោយ ៖ សុខា

អតីត​សង្ឃ​ថៃ និ​ន ខាំ បាន​មដក់​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ក្នុង​សម្លៀកបំពាក់​ជា​សង្ឃ​កាលពី​យប់​ថ្ងៃ​ពុធ