អតីត​សមាជិក​ក្រុម​ចម្រៀង Beatles លោក ផូ​ល ម៉ាក​ខាត​នី បញ្ចូល​ឃ្លា​មួយ​ក្នុង​បទ​ចម្រៀង​ថ្មី​របស់គាត់​ដៀមដាម​ថា ដូ​ណា​ល់ ត្រាំ ជា “​មេដឹកនាំ​ឆ្កួត​”

662

​អតីត​សមាជិក​ក្រុម​ចម្រៀង Beatles លោក ផូ​ល ម៉ាក​ខាត​នី (Paul McCartney) បាន​បង្ហើប​ឱ្យដឹងថា លោក​បាន​រិះគន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅក្នុង​អាល់​ប៊ុ​ម​ទោល​ថ្មី​របស់គាត់ ដោយ​លើកឡើងថា​មេដឹកនាំ​ពិភពលោក​គ្មាន​ប្រជាប្រិយភាព​រូបនេះ​ជា “​មេដឹកនាំ​ឆ្កួត​” នៅក្នុង​បទ​ចម្រៀង​មួយ​របស់គាត់​។​

​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី ដែល​បាន​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន លោក​ម៉ាក​ខាត​នី​បាន​ទទួលស្គាល់ថា គាត់​មាន​គោលបំណង​វាយ​សំពង​លើ​មេដឹកនាំ​ណា​ដែល​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​រួមទាំង លោក​ត្រាំ នៅក្នុង​បទ​ចម្រៀង​ថ្មី​ដែលមាន​ចំណងជើង​ថា “Despite Repeated Warnings” នៅក្នុង​អាល់​ប៊ុ​ម​ថ្មី “Egypt Station” របស់គាត់​។ អាល់​ប៊ុ​ម​នេះ​បានចេញ​លក់​កាលពី​ដើមខែ​នេះ​។​

​បទ​ចម្រៀង​នេះ​រួមបញ្ចូល​ឃ្លា​មួយ​ពោលថា “​ទោះបីជា​មានការ​ព្រមាន​ម្តង​ហើយ​ម្តងទៀត​អំពី​គ្រោះថ្នាក់​ដែល​នឹង​កើតមានឡើង​ក៏ដោយ ក៏​មេដឹកនាំ​រូបនេះ​នឹងមិន​ស្ដាប់​អ្វីដែល​បាន​និយាយ​នោះទេ ហើយ​អ្នក​ដែល​ស្រែក​ខ្លាំង​បំផុត ប្រហែល​មិនមែនជា​មនុស្ស​ឆ្លាត​បំផុត​នោះទេ​”​។​

​យោងតាម​លោក​ម៉ាក​ខាត​នី គាត់​បាន​សរសេរ​បទ​ចម្រៀង​នេះ​ដើម្បី​និយាយថា “​ជួនកាល យើង​មាន​មេដឹកនាំ​ឆ្កួត​កាច់ចង្កូត​នាវា ដែល​យើងទាំងអស់គ្នា​កំពុង​ជិះ ហើយ​គាត់​នឹង​នាំ​យើង​ទៅរក​ផ្ទាំង​ទឹកកក ទោះបី​ត្រូវបាន​ព្រមាន​ថា​វា​មិនមែនជា​គំនិតល្អ​ក៏ដោយ​”​។

​នៅពេល​សួរ​នៅក្នុង​បទសម្ភាសន៍​ថា​នរណា​ជា “​មេដឹកនាំ​ឆ្កួត​” នៅក្នុង​បទ​ចម្រៀង​របស់គាត់ លោក​ម៉ាក​ខាត​នី​បាន​ឆ្លើយ​ទាំង​ស្ទាក់ស្ទើរ​ថា “​មែនហើយ ខ្ញុំ​ចង់​បានន័យថា វា​ជា ត្រាំ​”៕ ដោយ៖ កញ្ញាដាលីស

អតីត​សមាជិក​ក្រុម​ចម្រៀង Beatles លោក ផូ​ល ម៉ាក​ខាត​នី