អតីត​ស្តេច​ម៉ាឡេស៊ី​លែងលះ​ប្រពន្ធ​ជនជាតិ​រុស្ស៊ី បន្ទាប់ពី​រៀបការ​បាន​មួយឆ្នាំ​

494
ចែករម្លែក

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា អតីត​ស្តេច​ម៉ាឡេស៊ី ស៊ុ​លត​ង់ ម៉ូ​ហា​ម៉ា​ត់ទី​៥ នៃ​រដ្ឋ​កេ​ឡាន់​តាន់ បាន​លែងលះ​អតីត​រាជ​នី​សម្រស់​សញ្ជាតិ​រុស្ស៊ី​ឈ្មោះ​អូក​សា​ណា វ៉ូ​វ៉ូ​ឌី​ណា ជាការ​បញ្ចប់​ស្នេហា​ខ្យល់ព្យុះ​មួយ ដែល​បាន​បោកបក់​រញ្ជួយ​ពេញ​ប្រទេស​ម៉ាឡេស៊ី​។​

​កាសែត New Straits Times បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ទី ១៧ កក្កដា​ថា ការ​លែងលះ​នេះ​ត្រូវបាន​ចុះបញ្ជី​កាលពី​ថ្ងៃទី​១ កក្កដា ដោយ​បន្ថែមថា ប្រភព​របស់ខ្លួន​និយាយថា ច្បាប់​ចម្លង​នៃ​លិខិតបញ្ជាក់​ការសុំ​លែងលះ​របស់​ប្តី​ប្រពន្ធ​នេះ ដែល​ល្បី​ពេញ​បណ្តាញ​សង្គម គឺជា​លិខិត​ពិតប្រាកដ​ត្រឹមត្រូវ​។​

​លិខិតបញ្ជាក់​សុំ​លែងលះ ដែលមាន​រូប​សញ្ញា​សម្គាល់​រដ្ឋ​កេ​ឡាន់​តាន់​និង​មាន​ត្រា​កត់សម្គាល់​ឈ្មោះ​ប្រពន្ធ បាន​បង្ហាញថា ការ​លែងលះ​នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការនិយាយ​ពាក្យ “​តា​ឡាក់​” (Talak) បី​ដង ដែលជា​ទម្រង់​នៃ​ការលែង​លះ​ដ៏​ធ្ងន់ធ្ងរ​បំផុត​និង​មិនអាច​កែប្រែបាន​នៅក្នុង​សាសនា​អ៊ីស្លាម​។ កាលបរិច្ឆេទ​នៃ​ការ​លែងលះ​ដំបូង​ត្រូវបាន​ចុះបញ្ជី​នៅ​ថ្ងៃទី ២២ ខែមិថុនា ហើយ​វា​ត្រូវបាន​កត់សម្គាល់ថា​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។​

​ការ​លែងលះ​នេះ​កើតឡើង​មិន​ដល់​ពីរ​ខែ​ផង បន្ទាប់ពី​កូនប្រុស​របស់​ប្តី​ប្រពន្ធ​នេះ​បាន​កើតមក​៕ ដោយ៖ កញ្ញាដាលីស

អតីត​ស្តេច​ម៉ាឡេស៊ី ស៊ុ​លត​ង់ ម៉ូ​ហា​ម៉ា​ត់ទី​៥ នៃ​រដ្ឋ​កេ​ឡាន់​តាន់ លែងលះ​ប្រពន្ធ​សញ្ជាតិ​រុស្ស៊ី​ឈ្មោះ​អូក​សា​ណា វ៉ូ​វ៉ូ​ឌី​ណា