អតីត​ហ្វ្រេស​ស៊ី គឹម បេឡា មាន​ផលិតករ​ល្បី​ចាប់អារម្មណ៍​

997

​ភ្នំពេញៈ ដោយមាន​ទាំង​សមត្ថភាព ទេពកោសល្យ និង​រូបសម្បត្តិ​ដ៏​ស្រស់ស្អាត គួរឱ្យ​បេតី ធ្វើឱ្យ​អតីត​ហ្វ្រេស​ស៊ី​( Freshy) ចំណាត់ថ្នាក់​លេខ ២ ឆ្នាំ ២០១៦ កញ្ញា គឹម បេឡា មិន​ពិបាក​នឹង រក​ទីផ្សារការងារ​នោះឡើយ​។ កាលពីដើម​សប្តាហ៍​កន្លងទៅនេះ មាន​ផលិតករ​ជាច្រើន បាន​ទំនាក់ទំនង​មក​នាង ដើម្បីឱ្យ​នាង​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ខ្សែភាពយន្ត​របស់ខ្លួន​។​

​ចួប​ផ្ទាល់​ជាមួយនឹង​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៣១​កក្កដា ពាក់ព័ន្ធ​នឹង​ការងារ​សិល្បៈ តារា​ម៉ូ​ដែល ចម្រុះ​ស្រួច មុខ​មិន​ចាញ់​តារា​បរទេស​រូបនេះ បាន​ប្រាប់​អ្នកសារព័ត៌មាន​របស់​យើង​ឱ្យដឹងថា “​មួយរយៈ​នេះ ការងារ​របស់​នាង​មិន​ភាព​មមាញឹក​ខ្លាំង ទាំង​ការដើរ​ម៉ូដ និង​ស្ប៉ត​ពាណិជ្ជកម្ម ហើយ​កាលពីដើម​សប្តាហ៍​កន្លងទៅនេះ មាន​ផលិតករ​នៃ​ក្រុមហ៊ុន​ផលិត​ស្ប៉ត​ដ៏​ធំ​បាន​ទំនាក់ទំនង ឱ្យ​នាង​ថត​។ តែ​កំពុងស្ថិត​ក្នុងការ​ចរចា​រ​”​។​

​រីឯ​ផលិតករ​ផ្នែក​ផលិត​ខ្សែ​ភាព​របស់​ផលិតកម្ម​ធំៗ បាន​ទំនាក់ទំនង​មក​នាង​ជា​ញឹកញាប់ ប៉ុន្តែ​ដោយសារ​តារា​ម៉ូ​ដែល​រាង​ខ្ពស់ស្រឡះ​រូបនេះ សម្បូរ​ទីផ្សារ​ផ្នែក​ដើរ​ម៉ូត និង​ស្ប៉ត​ពាណិជ្ជកម្ម ដែល​ហេតុ​ធ្វើឱ្យ​នាង​មិនមាន​ពេលវេលា​គ្រប់គ្រាន់ ក្នុងការ​ទទួល​ថត​ខ្សែភាពយន្ត​បាន តែ​នាង​បាន បញ្ជាក់ថា នាង​នឹង​ឆ្លៀតពេល​សម្រាប់​ថត​ខ្សែភាពយន្ត ដើម្បី​បង្កើន​នូវ​ប្រជាប្រិយភាព​ក៏ដូចជា បង្ហាញ​ពី​ទេពកោសល្យ​របស់ខ្លួន និង​នាំមក​នូវ​ទស្សនីយភាព​ថ្មីៗ ទៅដល់​អ្នកគាំទ្រ​របស់​ខ្លួន​។​

​គួរបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា អតីត Freshy ចំណាត់ថ្នាក់​លេខ ២ ជំនា​ន់ទី ១៥ ឆ្នាំ ២០១៦ កញ្ញា គឹម បេឡា លេខ​មុខ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ច្រើនជាង ១០​កន្លង​ទៅហើយ ក្នុងនោះ ស្ប៉ត​ពាណិជ្ជកម្ម​ធំ មានដូចជា ស្រា​បៀរ អ៊ិ​ច​ស្ពឺ​ត ក្រុមហ៊ុន​ដាក់​ប្រាក់ និង​បញ្ញើ​ប្រាក់​វី​ង និង​ផលិតផល​ថ្នាំ​សម្រក​ទម្ងន់ Green Coffee Bean ជាដើម​។​

​តារា​ឯក​ស្រា​បៀរ អ៊ិ​ច​ស្ពឺ​ត រូបនេះ ក៏បាន​ទម្លាយ​អាថ៌កំបាំង​ដែលនាំឱ្យ​នាង​ទទួលបាន​នូវ​ការថត​ស្ប៉ត ពាណិជ្ជកម្ម​ជាច្រើន​យ៉ាង​ដូច្នេះ​ថា “​ចា៎​បង​! មូលហេតុ​ដែល​ខ្ញុំ​ទទួលបាន​ការងារ​ស្ប៉ត​ពាណិជ្ជកម្ម​ច្រើន គឺ​ដោយសារ​ទំរង់​មុខស្រស់​បែប​ធម្មជាតិ​រប​ស់​ខ្ញុំ ទេពកោសល្យ និង​សមត្ថភាព​នៃ​ការសម្តែង បូករួម​នឹង​ការខិតខំ ក៏ដូចជា​ការយកចិត្ត​ទឹក​ដាក់​ក្នុង​ការងារ​របស់ខ្ញុំ ព្រោះ​នៅពេលដែល​ខ្ញុំ​ធ្វើ​ការងារ អ្វីមួយ គឺ​ខ្ញុំ​ព្យាយាម​ធ្វើឱ្យ​អស់ពី​សមត្ថភាព ម្យ៉ាងទៀត​ដោយសារ​ការគោរព​វេលា និង​ការប្រាស្រ័យ ទាក់ទង​ល្អ ជាមួយនឹង​ក្រុមការងារ ដោយ​មិន​ប្រកាន់វណ្ណៈ ជាពិសេស គឺ​ខ្ញុំ​មិនមាន​ចរិត​ឆ្មើងឆ្មៃ ជាហេតុ​ដែល​ធ្វើ​ក្រុមការងារ ក៏ដូចជា​បណ្តា​ផលិតករ ពួកគាត់​គោរព​ស្រឡាញ់​រាប់អាន​ខ្ញុំ និង​ចង់​ធ្វើ​ការងារ​ជាមួយ​ខ្ញុំ សម្រាប់​គម្រោង​ការងារ​ក្រោយៗ​ទៀត​” ៕ ​ដោយៈ​សាវ​រក្ស​

​អតីត Freshy ចំណាត់ថ្នាក់​លេខ ២ ជំនា​ន់ទី ១៥ ឆ្នាំ ២០១៦ កញ្ញា គឹម បេឡា លេខ​មុខ​ក្នុង​ស្ព​ត​ពាណិជ្ជកម្ម​ច្រើន​
កញ្ញា គឹម បេឡា ត្រូវបាន​ផលិតករ​ល្បី​ចាប់អារម្មណ៍​យ៉ាងខ្លាំង​