អតីត​អនុរដ្ឋមន្ត្រី​វៀតណាម​ត្រូវបាន​ដាក់គុក​ដោយសារ​ការរំលោភ​ដី​សាធារណៈ​

471
ចែករម្លែក

​អតីត​អនុ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ​ចំនួន​២​នាក់ គឺ​ម្នាក់​ឈ្មោះ Bui Van Thanh អាយុ​៦០​ឆ្នាំ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​២​ឆ្នាំ​និង​៥​ខែ និង​ម្នាក់ទៀត ឈ្មោះ​Tran Viet Tan អាយុ​៦៤​ឆ្នាំ​ត្រូវបាន​កាត់ទោស​៣​ឆ្នាំ ដោយសារតែ​ការពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​ដោយ​គ្មាន​ទទួលខុស​ដែល​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​។​

​តុលាការ​ប្រជាជន​ក្រុង​ហាណូយ​បាន​ចាត់ទុកថា​ការគ្រប់គ្រង​មិនល្អ​របស់​អតីតមន្ត្រី​ទាំងនេះ បានធ្វើឱ្យ លោក Phan Van Anh Vu សេដ្ឋី​អចលនទ្រព្យ​ដែល​ជាប់​​គុក​នេះ​រំលោភ​ដីធ្លី​សាធារណៈ ដែល​បាន​បណ្តាលឱ្យ​រតនាគារ​រដ្ឋ​នេះ​ខាតបង់​ប្រាក់​ចំនួន​១,១៦ លាន លាន​ដុង (៥០​លាន​ដុល្លារ​) ។​

​ក្នុងការ​កាត់ក្តី​រយៈពេល​៣​ថ្ងៃ​ដែល​បញ្ចប់​កាលពី​ថ្ងៃ​ពុធ​ទី​៣០​មករា​នោះ តុលាការ​ក៏បាន​រកឃើញ​លោក Phan Huu Tuan​អាយុ​៦៤​ឆ្នាំ អតីត​អនុប្រធាន​អគ្គនាយកដ្ឋាន​​ស៊ើបការណ៍​របស់​ក្រសួង​នេះ​និង​លោក Nguyen Huu Bach អាយុ​៥៦​ឆ្នាំ ជា​ប្រធាន​អង្គភាព​មួយ​នៅក្រោម​អគ្គនាយកដ្ឋាន​នេះ មានទោស​កំហុស​ពីបទ “​រំលោភបំពាន​​អំណាច​ឬ​តួនាទី​ក្នុងការ​បំពេញ​មុខងារ​ជា​ផ្លូវការ​” ។ ពួកគេ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៥​ឆ្នាំ​ក្នុង​ម្នាក់ៗ​។​

​លោក Tran Viet Tan លោក Nguyen Huu Bach និង Phan Huu Tuan​ត្រូវបាន​រកឃើញ​ទទួលខុស​ត្រូវជា​មន្ត្រី​ដែល​គ្រប់គ្រង​ដោយផ្ទាល់​លើ លោក Phan Van Anh Vu ​ខណៈដែល លោក Bui Van Thanh ត្រូវបាន​រកឃើញថា​បាន​រំលោភច្បាប់​ដោយបាន​ចុះហត្ថលេខា​លើ​ឯកសារ​ដែល​ដាក់​ស្នើ​លក់​ទ្រព្យសម្បតិ្ត​និង​ដី​ធ្លា​ជាច្រើន​ដែល​កម្ម​​សិទ្ធិ​របស់​ក្រសួង​នេះ​។​

​លោក Phan Van Anh Vu​ក៏​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​ពីបទ​រំលោភ​អំណាច​ផងដែរ​និង​ត្រូវបាន​ដាក់គុក​ចំនួន​១៥​ឆ្នាំ​ហើយ តុលាការ បាន​បញ្ជា​រឹបអូស​យក​ទ្រព្យសម្បតិ្ត​​ជាច្រើន​ដែល លោក Phan Van Anh Vu បាន​រកបាន​តាមរយៈ​រំលោភបំពាន​ច្បាប់​៕ដោយ៖សុខា/sn

លោក Bui Van Thanh អតីត​អនុ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​ជាតិ ស្ថិតនៅ​តុល​ការ​នៅ​ទីក្រុង​ហាណូយ​