អតីត​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ចូ បាយដិ​ន ចូលរួម​ការប្រណាំង​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ​២០២០

181
ចែករម្លែក

អតីត​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ចូ បាយដិ​ន ដែល​ធ្វើឱ្យ​ភាព​ទាក់ទាញ​របស់គាត់​ចំពោះ​អ្នកបោះឆ្នោត​វណ្ណៈ​ពលករ​ដែល​បាន​បោះបង់ចោល​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ ២០១៦ ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​អត្តសញ្ញាណ​នយោបាយ​រប​ស់លោក​នោះ បានចាប់ផ្តើម​ការប្រឹងប្រែង​សម្រាប់​តំណែង​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ មេសា ក្នុងនាម​ជា​បេក្ខជន​ឈានមុខ​គេ​មួយរូប​របស់​បក្ស​ប្រជាធិបតេយ្យ​។​

​លោក​បាយដិ​ន​បានប្រកាស​ពី​ការ​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​លើក​ទី​បី​នៃ​អាជីព​របស់លោក​តាមរ​យៈ​វីដេអូ​នៅលើ YouTube និង​បណ្តាញ​សង្គម​ដទៃទៀត ដោយ​គូសបញ្ជាក់​ពី​ភាពផ្ទុយ​គ្នា​រវាង​លោក​ខ្លួនឯង​ផ្ទាល់​និង​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ នៅក្នុង​ការប្រកួតប្រជែង ដែល​លោក​និយាយថា​គឺជា​ការតស៊ូ​ដើម្បី​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក​។​

​លោក​បាន​និយាយថា “​យើង​កំពុង​ស្ថិតនៅក្នុង​សមរភូមិ​ដើម្បី​ដួងព្រលឹង​របស់​ប្រជាជាតិ​មួយ​នេះ​។ ខ្ញុំ​ជឿជាក់ថា​ប្រវត្តិសាស្ដ្រ​នឹង​ក្រឡេក​មើលទៅ​រយៈពេល​បួន​ឆ្នាំ​នៃ​តំណែង​ប្រធានាធិបតី​របស់គាត់ (​ត្រាំ​) និង​រាល់​អ្វីដែល​គាត់​បាន​ឱបក្រសោប​យក​អំឡុងពេល​វេលា​ដ៏​ច្រឡំបល់​នេះ​។ ប៉ុន្តែ​ប្រសិនបើ​យើង​ផ្តល់​ពេល​ប្រាំបី​ឆ្នាំ​ដល់​លោក​ដូ​ណា​ល់ ត្រាំ​នៅក្នុង​សេត​វិមាន គាត់​នឹង​ផ្លាស់ប្តូរ​ជា​រៀងរហូត​នូវ​ចរិតលក្ខណៈ​របស់​ប្រទេស​នេះ ដោយ​មិនដឹងថា​យើង​ជា​នរណា​ឱ្យ​ច្បាស់​ទេ ហើយ​ខ្ញុំ​មិនអាច​ឈរ​មើល​និង​អនុញ្ញាតឱ្យ​រឿងនេះ​កើតឡើង​បានឡើយ​”​។​

​លោក​ត្រាំ​បាន​ឆ្លើយតប​នៅក្នុង​សារ​បង្ហោះ​នៅលើ Twitter ដោយនិយាយ​រិះគន់ “​ភាព​ឆ្លាត​វៃ​” របស់លោក​បាយដិ​ន និង​បាន​ប្តេជ្ញា​ថា​នឹង​ជួប​គាត់​នៅ “​ច្រកទ្វារ​ចាប់ផ្តើម​” ប្រសិនបើ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​រូបនេះ​ឈ្នះ​ការតស៊ូ​ដើម្បី​ទទួលបាន​ការតែងតាំង​បេក្ខជន​តំណាងឱ្យ​បក្ស​នេះ​៕ ដោយ៖ កញ្ញាដាលីស

អតីត​អនុ​ប្រធានាធិបតី​អាមេរិក​លោក​ចូ បាយ​ដិ​ន ប្រកាស​ចូលរួម​ប្រណាំងប្រជែង​តំណែង​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២០