អតីត​អ្នកការទូត​ជប៉ុន​ម្នាក់ ចាក់​សម្លាប់​កូន ​ដោយសារ​ខ្លាច​យក​គំរូ​តាម​ឃាតករ​ឯកោ​

1030
ចែករម្លែក

​លោកតា​ម្នា​ក់បាន​ចាក់​កូនប្រុស​វ័យ ៤៤ ឆ្នាំ​របស់ខ្លួន​ដែលជា​មនុស្ស​ឯកោ មិន​រាប់អានអ្នកណា និង​ចូលចិត្ត​សម្ងំ​នៅតែ​ក្នុងផ្ទះ​បណ្តាលឱ្យ​បាត់​បង់ជីវិត​ បន្ទាប់ពី​ព្រួយបារម្ភ​ខ្លាចកូនប្រុស​ម្នាក់នេះ​យក​គំរូ​តាម​ឃាតករ​ឯកោ​ដែល​បាន​ចាក់​សម្លាប់​មនុស្ស​មិន​រើសមុខ កាលពីពេល​ថ្មីៗ​នៅក្នុង​ប្រទេស​ជប៉ុន​។​

​លោកតា ហ៊ី​ឌា​គិ គូ​ម៉ា​ហ្សា​វ៉ា (Hideaki Kumazawa) ដែលជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​សាធារណរដ្ឋ​ឆែក បាន​ចាក់​សម្លាប់​កូនប្រុស​នៅក្នុង​បន្ទុក​ឈ្មោះ អី​ឈី​រ៉ុ (Eiichiro) ក្រោយ​សង្កេតឃើញ​កូន​ម្នាក់នេះ​ចេះតែមាន​អារម្មណ៍​មួម៉ៅ​ ក្ដៅក្រហាយ​ចំពោះ​សំឡេង​រំខាន​ចេញពី​ព្រឹត្តិការណ៍​កីឡា នៅ​សាលារៀន​មួយ​ក្បែរ​ផ្ទះ​។​

​លោកតា​វ័យ ៧៦ ឆ្នាំ​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​សៅរ៍ ទី​០១ ខែមិថុនា ហើយ​ប៉ូលិស​សង្ស័យថា មូលហេតុ​ដែល​គាត់​សម្លាប់​កូនប្រុស​របស់គាត់​ដោយសារ​គាត់​ព្រួយបារម្ភ​ខ្លាច​កូនប្រុស​នេះធ្វើបាប​ក្មេងៗ​នៅ​សាលា​ក្បែរ​ផ្ទះ ​បន្ទាប់ពី​មានករណី​ឃាតករ​ឯកោ​ចាក់​សម្លាប់​មនុស្ស​មិន​រើសមុខ​នៅ​ក្រុង​កា​វ៉ា​សា​គី (Kawasaki)​។

​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នោះ ឃាតករ​ឯកោ​ដែលមាន​វ័យ​កណ្តាល​បាន​​កាន់​កាំបិត ដេញ​ចាក់​មនុស្ស​មិន​រើសមុខ​កាលពី​សប្តាហ៍​មុន បណ្ដាលឱ្យ​មនុស្ស​ពីរ​នាក់​បាត់​បង់ជីវិត រួមទាំង​ក្មេងស្រី​សិស្សសាលា​វ័យ ១១ ឆ្នាំ​ផង និង​បណ្តាលឱ្យ​មនុស្ស ១៧​នាក់​ផ្សេងទៀតរងរបួស មុនពេល​សម្លាប់​ខ្លួនឯង​។​

​អំឡុងពេល​សួរចម្លើយ លោកតា ហ៊ី​ឌា​គិ គូ​ម៉ា​ហ្សា​វ៉ា បាន​ប្រាប់​ប៉ូលិស​ថា កូនប្រុស​របស់គាត់​ជាម​នុស្ស​ឯកោ និង​មិន​ចូលចិត្ត​ចេញទៅ​ក្រៅ​ទេ​ ហើយ​ពេលខ្លះ​ថែមទាំង​រករឿងគាត់​ទៀតផង នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។​

​សូមបញ្ជាក់ថា ជនរងគ្រោះ​ជា​កូន​ទើបតែ​រើ​មក​រស់នៅ​ជាមួយ​ឪពុកម្តាយ​វិញ​កាលពីខែ​មុន ហើយ​ចាប់តាំងពី​រើម​កនៅ គ្រួសារ​នេះ​ឈ្លោះ​គ្នា​ជា​ញឹកញាប់​មុនពេល​ឈានដល់ការសម្លាប់​នេះ​។​

​ទោះជា​យ៉ាងណា គេ​មិនដឹងថា តើ​ប៉ូលិស និង​ខាង​ផ្លូវច្បាប់​នឹងមាន​ចំណាត់ការ​លើ​បុរសជា​ឪពុក​ដោយ​វិធី​ណា​ឡើយ​៕ ប្រែ​សម្រួលៈ ខុម/Ha