អតីត​ឧកញ៉ា ហូ ចំរើន សុំ​នៅក្រៅ​ឃុំ​ក្នុង​សំណុំរឿង​ស៊ីដាច់​ដី​ក្រុមហ៊ុន​កូរ៉េ​មួយ​៖ សាលាឧទ្ធរណ៍​ប្រកាស​សាលដីកា នៅ​ថ្ងៃទី​១៤​កុម្ភៈ

567
ចែករម្លែក
  • 567
    Shares

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃទី​៨​កុម្ភៈ ឆ្នាំ​២០១៩ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ បាន​លើកយក​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​របស់​អតីត​ឧកញ៉ា ហូ ចំរើន មក​បើកសវនាការ​ជំនុំជម្រះ តាម​រូបភាព​អសាធារណៈ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ចួ​ល​រួម​ស្តាប់​ឡើយ​។​

​ជនជាប់ចោទ ហូ ចំរើន ត្រូវបាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​បញ្ជូនមក​នៅ​ចំពោះមុខ​សភា​ស៊ើបសួរ អមដោយ​មេធាវី​គូក្ដី នៃ​សំណុំរឿង​ព្រហ្មទណ្ឌ នេះ​។​

​ក្រោយពី​បញ្ចប់​នៃ​ការលើក​សំអាង​ហេតុ​របស់​ជន​ត្រូវ​ចោទ​រួចមក ក្រុមប្រឹក្សា​ជំនុំជម្រះ​បានសម្រេច​កំណត់​យក​ថ្ងៃទី​១៤​កុម្ភៈ​ឆ្នាំ​២០១៩ ខាងមុខនេះ ដើម្បី​ប្រកាស​សាលដីកា​។​

​អ្វី​ជាការ​កត់សម្គាល់ ជនជាប់ចោទ ហូ ចំរើន មិន​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ឲ្យ​ស្លៀក​សម្លៀកបំពាក់​ជា​អ្នកទោស​ទេ ហើយ​ថែមទាំង​យក​អង្គរក្ស​ឯកជន​ប្រមាណ​១០​នាក់ មក​កាង​ការពារ​ទៀតផង ធ្វើ​ដូចជា​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​មួយ​ទាំងមូល គ្មាន​សមត្ថភាព​ការពា​សុវត្ថិភាព​ការពារ​ជន​ជាប់​បាន​។​

​ពាក់ព័ន្ធ​សំណុំរឿង​មុន​អង្គសេចក្ដី​ដែល​សភា​ស៊ើបសួរ​លើកយក​មក​បើកសវនាការ​នេះ ត្រូវបាន​មន្ត្រី​សាលាឧទ្ធរណ៍​បង្ហើប​ឲ្យ​ដឹងថា ជា​រឿងក្ដី​ដែល​លោក ហូ ចំរើន លួច​យក​ដី​របស់​ក្រុមហ៊ុន​កូរ៉េ​មួយ ទៅ​ដាក់បញ្ចាំ​ធនាគារ​យកប្រាក់​ចំនួន​៩​លាន​ដុល្លារ រឿង​ចេញ​សែក​ស្អុយ និង​ឆបោក​។ ដើមបណ្ដឹង​ក្នុង​រឿងក្ដី​ថ្មី​នេះ ឈ្មោះ Kim Myungil ឆ្នាំ​កំណើត ១៩៥៨ ជនជាតិ​កូរ៉េ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ពោ​ធ៍ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ ជា​អតីត​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន KTC ជា​សហគ្រាស​ឯកបុគ្គល​ទទួលខុសត្រូវ​មានកំ​រិត បាន​ប្ដឹង​ឈ្មោះ​ហូ ចំរើន ឆ្នាំ​កំណើត​១៩៨១ មាន​ទីលំនៅ​ផ្ទះ​លេខ ៣៧២ ផ្លូវ​បេតុង ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ពីបទ ឆបោក បទ​រំលោភ​លើ​ទំនុកចិត្ត បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១៥​។​

​ប្រភព​បាន​បន្ត​ឲ្យ​ដឹងថា កាលពី​អំឡុង​ឆ្នាំ​២០១៥ លោក KIM YUNGIL បាន​លក់​ដី​របស់​ក្រុមហ៊ុន KTC ដែលមាន​ទីតាំងនៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងភូមិ​ត្រពាំង​ពោ​ធ៍​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ អោយឈ្មោះ ហូ ចំរើន តាមរយៈ​ការចរចារ​ពី​ឈ្មោះ លី ធុជ ដែល​បាន​ណែ​នាំអោយ​ស្គាល់​ហូ ចំរើន ហើយ​បានធ្វើ​កិច្ចព្រមព្រៀង​ទិញ​លក់​ដី​ចុះ​ថ្ងៃទី ២០​ខែ វិច្ឆិកា ឆ្នាំ​២០១៥​។​

​ក្រោយពី​ចុះ​កិច្ចព្រមព្រៀង​បាន​មួយខែ គូភាគី​ទិញ លក់ បាន​កែប្រែ​កិច្ចព្រមព្រៀង​បន្ថែម​ចុះ​ថ្ងៃទី ២២​ខែធ្នូ​ឆ្នាំ​២០១៥ និង​មាន​ធ្វើ​កិច្ចសន្យា​ចុះ​ថ្ងៃទី ២២​ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ផ្ដិតមេដៃ​ផ្ទេរ​ក្រុមហ៊ុន​រួមទាំង​អចលនវត្ថុ​ទាំងអស់​ឲ្យ​មក​ភាគី​លោក KIM YUNGIL វិញ នៅមុខ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម ដើម្បី​ធានា​ការទូទាត់​ប្រាក់​ជា​បន្តបន្ទាប់​តាមរយៈ​មូលប្បទានប័ត្រ​។ ប៉ុន្តែ​មូលប្បទានប័ត្រ​ទាំងអស់ សុទ្ធតែ​គ្មាន​ប្រាក់​សំរាប់​ទូទាត់​។ ចំណែក​លោក ហូ ចំរើន ចេះតែ​គេចវេស​រហូត និង​ពន្យារពេល​រហូត ដោយ​ការពន្យារពេល​ម្ដងៗ​សុទ្ធ​ធ្វើឡើង​នៅ​ចំពោះមុខ​លោក លី ធុជ​។ ទើប​នៅ​ថ្ងៃទី ១៨​ខែមិថុនា ឆ្នាំ​២០១៧ លោក ហូ ចំរើន បាន​ប្រើល្បិច​ថា នឹង​បញ្ចប់​ការទិញ​លក់ ដោយ​ប្រគល់​ដី​ទាំងអស់​ឲ្យ​មក​លោក KIM YUNGIL វិញ នៅ​ខែមិថុនា ឆ្នាំ​២០១៧​។
​ដោយសារ​មិន​ចង់​មានទំនាស់​តទៅទៀត លោក KIM ក៏​រង់ចាំ​ការផ្ទេរសិទ្ធិ​មកវិញ​។ ប៉ុន្តែ​លោក ហូ ចំរើន ចេះតែ​ថា កំពុងដំណើរការ​ផ្ទេរ​សិទ្ធិ​។ លុះ​ក្រោយមក ទើប​លោក KIM ដឹងថា ហូ ចំរើន កាត់ឈ្មោះ​ចេញពី​ដី​របស់​ក្រុមហ៊ុន ដោយ​មិន​ឲ្យ​លោក KIM ដឹង ហើយ​បាន​យក​ទ្រព្យ​ទាំងនោះ ទៅ​ដាក់បញ្ចាំ​នៅ​ធនាគារ​យកប្រាក់​ចំនួន​៩​លាន​ដុល្លារ​ទៅ​បាត់​ហើយ​។ ទង្វើ​ទាំងនេះ បង្ហាញ​ពី​ភាព​ទុច្ចរិត​របស់​ឈ្មោះ ហូ ចំរើន ដែល​បានរៀបចំ​គំរោង​បោក​បញ្ឆោត​ស៊ីដាច់​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុមហ៊ុន KTC​។​

​នៅក្នុង​ពាក្យបណ្ដឹង​របស់លោក KIM YUNGIL បានទាមទារ​យក​ដីរ​បស់​ក្រុមហ៊ុន​មកវិញ សំណូមពរ​ឲ្យ​តុលាការ​ចោទប្រកាន់​ផ្ដន្ទាទោស​ឈ្មោះ ហូ ចំរើន តាមច្បាប់ និង​ទាម​ទារជំងឺចិត្ត​ចំនួន​៥​សែន​ដុល្លារ​។​

​គួររំលឹកថា បច្ចុប្បន្ននេះ ហូ ចំរើន កំពង់​ជាប់ពន្ធនាគារ​រយៈពេល​១៨​ខែ ពាក់ព័ន្ធ​ការបាញ់​កាំភ្លើង​គំរាមកំហែង​ម៉ែឪ​ក្មេក និង​ប្រពន្ធ​នៅក្នុង​ផ្ទះ​៕