អតីត​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ឈ្នះ​ការបោះឆ្នោត​បំពេញ​កៅអី​នៅ​ទំនេរ និង​កាន់តែ​ឈានទៅ​កៀក​ការ​ក្លាយជា​នាយករដ្ឋមន្ត្រី​

368

លោកអាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃសៅរិ៍ទី១៣តុលា បានឈ្នះការបោះឆ្នោតមួយសម្រាប់កៅអីសភា ដែលជាសញ្ញាប្រាប់ថាលោកវិលមកកាន់សភាម៉ាឡេស៊ីវិញបន្ទាប់ពីអវត្តមាន៣ឆ្នាំនិងជាការបើកផ្លូវសំរាប់លោកចូលកាន់តំណែងនាយករដ្ឋមន្រ្តី។

មេដឹកនាំតាមការជាក់ស្តែងនៃក្រុមចំរុះPakatan Harapanរូបនេះបានទទួលសម្លេងឆ្នោត៣១.០០០ ច្រើនជាងគូប្រជែងនាំមុខគេដល់ទៅ២៣.៥០០សម្លេង។

មេដឹកនាំក្រុមចំរុះ Pakatan Harapan អាន់វ៉ា អ៊ីប្រាហ៊ីម ឈ្នះការបោះឆ្នោតបំពេញកន្លែងទំនេរកាលពីថ្ងៃ១៣តុលា

បន្ទាប់ពីដឹងថាឈ្នះឆ្នោត អតីតឧបនាយករដ្ឋមន្រ្តីរូបនេះបាននិយាយថា”ខ្ញុំពិតជាសប្បាយណាស់ចំពោះលទ្ធផលនេះ។វាគួរអោយជឿងទុកចិត្តជាងការបោះឆ្នោតសកលទៅទៀត នៅពេលយើងទទួលបានសម្លេងគាំទ្ររួម៤៨ភាគរយ”។

សូមរំលឹកថា លោកអាន់វ៉ា ត្រូវបានកាត់ទោសដាក់គុកចំពោះទោសស្រឡាញ់មនុស្សភេទដូចគ្នានិងត្រូវបានដោះលែងនៅឆ្នាំ២០០៤ បន្ទាប់ពីនាយករដ្ឋមន្រ្តីមហាធៀបានលាឈប់ពីតំណែង តែលោកត្រូវបានចាប់បញ្ជូនចូលគុកសាជាថ្មីនៅឆ្នាំ២០១៥ចំពោះបទចោទប្រកាន់ដដែល។ចំពោះការចោទប្រកាន់ទាំងពីរលើក លោកអាន់វ៉ាអះអាងថា វាជារឿងនយោបាយ។

ដោយព្រួយបារម្ភអំពីការដឹកនាំបែបពុករលួយរបស់អតីតនាយករដ្ឋមន្រ្តីណាជីប រ៉ាហ្សា លោកមហាធៀ ម៉ូហាម៉ាត បានបង្ខំចិត្តចាប់ដៃជាមួយលោកអាន់វ៉ាដែលជាគូសត្រូវដើម្បីបង្កើតសម្ពន្ធភាពប្រឆាំងមួយរហូតដណ្តើមបានជោគជ័យនៅក្នុងការបោះឆ្នោតសកលកាលពីខែឧសភាឆ្នាំ២០១៨។នៅពីក្រោយការចងសម្ពន្ធភាពនេះ លោកមហាធៀ បានសន្យាប្រគល់តំណែងនាយករដ្ឋមន្រ្តីដល់លោកអាន់វ៉ា ក្រោយលោកអង្គុយក្នុងតំណែងនេះប្រមាណ២ឆ្នាំ៕ដោយ:វាសនា