អតីត​, អង្កេត​, អដ្ឋិ​, អរ​, អផ្សុក​, ឡុងចុង​, ឡើយ​, រម្លំ​, រម្លើង​, រម្លត់​, រម្ងាស់​, រំកាច់រំកោច​, រង្កៀស​, រឱសឋាន​, រម្លឹក

1190
ចែករម្លែក

​អតីត អៈ​ដិត សំ​. បា​. ( គុ​. ) ដែល​កន្លង​ទៅហើយ​, ដែល​ហួស​ទៅហើយ​; ដែលមាន​ពី​ក្នុង​កាល​ព្រេងនាយ​; ដែល​ស្លាប់​ហើយ : រឿង​អតីត ។ ប្រើ​ជា ន​. ក៏បាន​ខ្លះ : ក្នុង​អតីត​, ពី​អតីត​, ដឹង​អតីត​អនាគត ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ​ត្រូវ​អាន​ថា អៈ​តី​តៈ ដូចជា អតីតកាល កាលដែល​កន្លង​ទៅហើយ ។ កាល​ប្រាប់​ដំណើរ​ដែល​កន្លង​ទៅហើយ​, ដែល​រួចហើយ (​ខ្មែរ​ប្រើពាក្យ ហើយ ពី​ខាងចុង ឬ​ប្រើពាក្យ បាន​ពី​ខាងដើម​ជា​គ្រឿង សម្គាល់​) : ទៅហើយ​, ឲ្យ​ហើយ​, បាន​ឲ្យ​, បាន​ឲ្យ​ហើយ (​ព​. វ​.) ។

អង្កេត បារ​. ( ន​. ) (​អង្កែ​តិ៍ Enquête) ការ​ស៊ើបសួរ​បញ្ជាក់​សាក្សី​, ដំណើរ​ស៊ើបសួរ​សង្កេត​អ្នកដឹង​ការណ៍​ពិត : ធ្វើ​អង្កេត ។ ខ្មែរ​ប្រើ​ជា កិ​. ឬ គុ​. ក៏មាន : ចាត់​អាជ្ញា​ទៅ​អង្កេត​; អាជ្ញាអង្កេត ។ និយាយថា អ​ង្កិ​ត ក៏មាន ។ អង្កែត​

អដ្ឋិ អ័ត​-​ឋិ បា​.; សំ​. ( ន​. ) (​អ​ស្ថិ​) ឆ្អឹង​; លលាដ៍​គ្រាប់​ផ្លែ ។ រ​. ស​. ព្រះ​អដ្ឋិ ឆ្អឹង​ក្សត្រិយ៍​, អដ្ឋិធាតុ​ក្សត្រិយ៍ ។ អដ្ឋិកល្យាណ (–​កល់​-​យ៉ាន​) លម្អ​ឆ្អឹង (​លម្អ​ធ្មេញ​) ។ អដ្ឋិចម្មជាតិ ឬ ចម្ម​សត្ត (–​ច័​ម​-​ម៉ៈ​–) សត្វ​ដែលមាន​ឆ្អឹង​ជា​ស្បែក គឺ​សត្វ​ដែល​មានតែ ស្នូក​ឬ​សំបក​រូប ឥត​ស្បែក : អណ្ដើក​, ក្តាម​, បង្កង​,… ជា​អដ្ឋិចម្មជាតិ ។ អដ្ឋិធាតុ ឆ្អឹង​ដែល​ធ្វើ​ឈាបនកិច្ច​សុស​ហើយ (​ប្រើ​ចំពោះតែ​អដ្ឋិ​ឥស្សរជន​ថ្នាក់ខ្ពស់ តាំងពី​សេនាបតី​ឬ​រដ្ឋមន្ត្រី​ចុះមក​) : រើស​អដ្ឋិធាតុ​, តម្កល់​អដ្ឋិធាតុ​, បញ្ចុះ​អដ្ឋិធាតុ ។​

អរ អ ( កិ​. ) មាន​អំណរ​, មាន​សោមនស្ស​, រីករាយ​ចិត្ត​, មានចិត្ត​រីករាយ : អរ​ព្រោះ​បានទ្រព្យ​គាប់ចិត្ត​; បាន​ឮថា​កូន​ប្រឡង​ជាប់ ខ្ញុំ​អរ​ណាស់ ! ។ អរគុណ អរ​ចំពោះ​គុណ​គេ​, មាន​អំណរគុណ​គេ : ដោយ​គេ​បាន​ជួយសង្គ្រោះ​ខ្ញុំ​បន្តិច​ប៉ុណ្ណឹង ខ្ញុំ​នឹង​អរគុណ​គេ​មិន​ភ្លេច ។ អរគុណ !​ពាក្យ​សម្រាប់​ទទួល​អំណរ​ចំពោះ​គុណ​គេ​ក្នុង​ទី​ចំពោះមុខ ។ តាម​ធម្មតា​របស់​អ្នក​សុភាព​ឬ​អ្នកមាន​ច្បាប់​, សូម្បី​គ្រាន់តែ​គេ​ហុច​អ្វី​បន្តិចបន្តួច​ឲ្យ​មក​ខ្លួន ឬ​គេ​គូស​ឈើគូស​កាន់​ឲ្យ​ខ្លួន​អុជ​បារី​ប៉ុណ្ណោះ​ក៏ត្រូវ​បញ្ចេញវាចារ​អរគុណ​គេ​ថា អរគុណ ! ឬថា អរគុណ​លោក !, អរគុណ​អ្នក ! … ។

អផ្សុក អៈ​– បា​. ( កិ​. ឬ​ប្រើ​ជា គុ​. ក៏បាន​ខ្លះ ) (​អផាសុក ន​. “​សេចក្ដី​មិន​សប្បាយ​; សេចក្ដី​ព្រួយចិត្ត​”) មិន​សប្បាយចិត្ត​, ព្រួយចិត្ត​, ខ្វល់ចិត្ត​; ធុញទ្រាន់​នៅ​មិន​សុខ : ខ្ញុំ​ចេះតែ​អផ្សុក​; ភិក្ខុ​អផ្សុក​ចង់​សឹក​; កុំ​លេង​ច្រើនពេក​អផ្សុក​ណាស់ ! ។ ស​. ស​. មាន​ជំងឺ​, ឈឺ​: មាន​លោក​ភិក្ខុ​មួយរូប​អផ្សុក​ធ្ងន់​ណាស់ ដាច់​ចង្ហាន់​ពីរ​បី​ថ្ងៃ​ហើយ ។

​ឡុងចុង ចិ​. ( គុ​. ឬ កិ​. វិ​. ) ទាំងអស់ ដែល​ខាតបង់​ឬ​ខូចខាត​ទាំងអស់ : ខាត​ឡុងចុង​; មិនកើត​ការ​ទេ​ឡុងចុង​អស់​ទៅហើយ ! (​ព​. កា​.) : ខាតបង់​ឡុងចុង បាត់​ដើម​ទាំងស្រុង លង់​ព្រោះ​យល់​ឃ្វាង តទៅ​ខាងមុខ ត្រូវ​គិត​ត្រូវ​រាង កុំ​គិត​ឲ្យ​ឃ្វាង ដូច​កាល​មុន​ទៀត ។

ឡើយ ( និ​. ) ជាដាច់ខាត ។ ពាក្យ​សម្រាប់​ប្រើ​រៀង​ខាងចុង​ពាក្យ​បដិសេធ កុំ​, គ្មាន​, ពុំ​, មិន​, អង្គឺ​, ឥត​, ឥតអង្គឺមាន​,… ដូចជា : កុំ​ឡើយ​, កុំ​ឲ្យ​ឡើយ​; គ្មានអ្វី​សោះឡើយ​, ពុំបាន​ឡើយ​; មិនដែល​ឃើញ​ឡើយ​; អង្គឺ​ខ្ញុំ​ឡើយ (​ព​. បុ​.) : ឥតមាន​អ្នកណាម្នាក់​ទៅ​ឡើយ​; ឥតអង្គឺមាន​ឡើយ ។ ព​. កា​. ឡើយណា ទេ​ណា​, សោះ​ណា ។

​រម្លំ ( កិ​. ) ធ្វើ​ឲ្យ​រលំ : រម្លំ​ដើមឈើ ។ ព​. ប្រ​. ធ្វើ​ឲ្យ​វិនាស​ប្រយោជន៍ ឬ​យសស័ក្តិ : អាង​អ្នកធំ​គិត​រម្លំ​តែ​គ្នាឯង ។ រំលំ​

​រម្លើង ( កិ​. ) ធ្វើ​ឲ្យ​រលើង : រម្លើង​គល់ឈើ ។ ព​. ប្រ​. រំលើង​ឫសគល់ ឬ រំលើង​ឫស​រំលើង​គល់ សើរើ​-​សកេរ្តិ៍សគល់​គេ​មិន​ឲ្យ​មាន​សល់​ឬ​ផ្តន្ទា​ព្យាបាទ​បំផ្លាញ​គេ ឲ្យ​រលើង​រលំ ។ គាស់​រម្លើង បង្ខូច​បង្ខុស​ឲ្យ​គេ​ចេញ​ឃ្លាត​ផុតពី​មុខការ​ឬ​ឲ្យ​គេ​ថ្លោះ​ធ្លាក់​យសស័ក្តិ ។ រំលើង​

រម្លត់ ( កិ​. ) ធ្វើ​ឲ្យ​រលត់​, ឲ្យ​បាត់​ក្ដៅ​, ឲ្យ​បាត់​ក្រោធ : រម្លត់ទុក្ខ​, រំលត់ក្រោធ ។ រំ​លត​រលាយ ធ្វើ​ឲ្យ​រលត់រលាយ : រម្លត់រម្លាយ​កំហឹង ។

​រម្ងាស់ ( កិ​. ) ស្ងោរ​ឲ្យ​ពុះ​ច្រើន​អំពុះ​, ស្ងោរ​ទុក​ឲ្យ​ពុះ​យូរ​ដើម្បី​ឲ្យ​រលួយ​, ឲ្យ​បែក​ខ្ទិះ​, ឲ្យ​រីង : រម្ងាស់ខ្ទិះ​, រំងាស់​ទឹកត្នោត ។ ព​. ប្រ​. យំរម្ងាស់ យំអណ្តឺតអណ្តក​ក្រ​ស្ងៀម​; ជេរ​រំងាស់ ជេរ​រំលើកបើកកកាយ​មិន​លែង​ងាយ ។

​រំកាច់រំកោច ( គុ​. ) តូចតាច​, ល្អិតល្អោច​, កម្ទេចកម្ទី : ត្រី​ចង្វា​រំកាច់រំកោច ។ ព​. ប្រ​. តូច​ទាប​, ថោក​ថយ​, សាបរលាប​ណាស់​; បន្តិចបន្តួច​, បន្ទាប់បន្សំ​, រាយរង : មនុស្ស​រំកាច់រំកោច​, របស់​រំកាច់រំកោច​; ការ​–, រឿង​– ។

​រង្កៀស ( កិ​. ) នឹក​ពិភាល់​, មិន​ទុកចិត្ត​, មិន​អស់ចិត្ត​, មិន​ស៊ប់ចិត្ត​, ឃ្នើសចិត្ត​; នឹក​ស្ដាយក្រោយ (​ស​. សរសេរ រ័ង​ក្យើ​ច អ​. ថ​. រុ័​ង​កៀត​) ។

​រឱសឋាន រៈអោស​-​ឋាន ឬ រៈ អោ​ស​ស្ឋា​ន ( ន​. ) សេចក្ដី​ហ្មងឆ្គង​ឬ​មោះហ្មង​, មោះមៃ​ដែល​នាំ​ឲ្យ​ក្ដៅក្រហាយ​, ស្អុះស្អាប់ បែកចិត្ត​គំនិត​គ្នា​ឬ​បែក​ឃ្លាត​ចាក​ទី​, ចាក​លំនៅ : ខុស​មួយដង​ឆ្គង​មួយថ្ងៃ​គួរ​អត់ឱន​ទៅ កុំ​ឲ្យ​មាន​រឱសឋាន​នឹង​គ្នា ! (​សរសេរ​ជា រឱស​ថា​ន ក៏មាន ។ ម​. ព​. រឱស និង ឋាន ផង​) ។

​រម្លឹក ( កិ​. ) ធ្វើ​ឲ្យ​រឭក​ឃើញ គឺ​ឲ្យ​នឹកឃើញ​, ឲ្យ​ភ្ញាក់ស្មារតី​, ឲ្យ​ចាំ​ឡើងវិញ : រម្លឹកស្មារតី​, រំលឹក​គ្នា​, រំឭក​មេ​ទន្ទេញ (​បុ​. សរ​. រំលឹក ក៏បាន​; សម័យ​ឥឡូវ​ក៏​សរសេរ រំឭក ឬ រំលឹក ឬ រម្លឹក នេះ ប្រើ​ជា​ជំនួស​គ្នា​បាន​តាម​ត្រូវការ​) រំលឹក​, រំឭក ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

#