អត្តឃាត​របស់​ស្ត្រី​ស្រស់​ស្អា​តៈ​ប៉ូលិស​កំពុង​ប្រៀបធៀប​ចម្លើយ​

1318
ចែករម្លែក
  • 733
    Shares

ដោយៈ​មុនី​រ័​ត្នៈ​ភ្នំពេញៈ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មាន​ប្រសាសន៍ប្រាប់​រស្មី​កម្ពុជា នៅ​រសៀល​ថ្ងៃទី ៣០ ខែមីនា នេះ​ថា ចំពោះ​ការកោះហៅ​លោក​ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ រួមទាំង​មន្ត្រីនគរបាល​ចំនួន​៨​នាក់ ផ្សេងទៀត មក​បំភ្លឺ​ទាក់ទង​ករណី​ស្ត្រី​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ នោះ​គឺ​ខាង​ជំនាញ​កំពុងតែ​ប្រៀបធៀប​ចម្លើយ ប្រៀបធៀប​កន្លែងកើតហេតុ ហើយ​មិនអាច​ជូន​ព័ត៌មាន​លំអិត​បាន​នៅ​ឡើយ​ទេ​។​ពេលនេះ ខាង​ជំនាញ​កំពុងតែ​ធ្វើ​កិច្ចការ​នេះ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ

នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​បាន​បញ្ជាក់ថា​“​អត់​មាន​ដក​ស័ក្តិ​ទេ​។​តែ​ដក​ពី​ស្នងការរង​នគរបាល​ខេត្តតាកែវ មក​អគ្គនាយកដ្ឋាន​បុគ្គលិក រង់ចាំ​ភារកិច្ច​ថ្មី​”​។​

ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ប្រាប់​រស្មី​កម្ពុជា ឲ្យ​ដឹងថា ស្នង​ការរង​នគរបាល​ខេត្តតាកែវ និង​មន្ត្រីនគរបាល​មួយចំនួនទៀត ត្រូវបាន​ហៅ​មក​សាកសួរ​តាំងពី​ថ្ងៃទី​២៧ ខែមីនា ហើយ​មកដល់​ថ្ងៃទី​៣០ ខែមីនា​នៅ​មិនទាន់បាន​អនុញ្ញាត​ឲ្យ​ត្រគប់​ទៅវិញ​នៅឡើយ​។ លោក​ថា​“​ហៅ​មក​សាក​សួរ​កាលពី​ម្សិលម្ង៉ៃ (២៧ មីនា​) មិនទាន់​អនុញ្ញាត​ឲ្យ​ទៅវិញ​ទេ ចាំ​ធ្វើការ​ចប់​សិន​”​។​

​សូមជម្រាបថា លោក​ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស​លោក​ឡា​យ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដែល​ត្រូវបាន​ដក​តួនាទី​ពី​អភិបាល​ខេត្តតាកែវ​ឲ្យ​មក​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ កន្លងមកនេះ​។ ការកោះហៅ​លោក ឡាយ ណា​រិ​ទ្ធ មក​សាកសួរ​នេះ គឺ​បន្ទាប់​ពី​លោក​ឡាយ វណ្ណៈ អស់តំណែង​ជា​អភិបាលខេត្ត​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ

សូមជម្រាបថា លោក​ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ រួមទាំង​មន្ត្រីនគរបាល​ចំនួន​៨​នាក់ ផ្សេងទៀត ត្រូវបាន​អគ្គស្នងការ​នគរបាល​ជាតិ ហៅ​មក​សាកសួរ​កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៨ ទាក់ទង​ករណី​ស្ត្រី​មេម៉ាយ​រូប​ស្រស់​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា បម្រើការ​នៅ​រដ្ឋសភាជាតិ ដែល​ធ្វើអត្តឃាត​យក​ខ្សែ​វាំងនន​បង្អួច​ចងក​សម្លាប់ខ្លួន កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​ភូមិគ្រឹះ​មួយ នា​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​គួរ​បញ្ជាក់ថា អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា អាយុ ៣៦​ឆ្នាំ ត្រូវបាន​អ្នកបម្រើ​ប្រទះឃើញ​ស្លាប់​ដោយ​ចងក​ស្លាប់​នៅក្នុង​បន្ទប់​កាលពី​យប់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅ​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ប៉ុន្តែ​ការស្លាប់​របស់​អ្នកស្រី​ត្រូវបាន​សាច់ញាតិ និង​មហាជន​ដាក់​សង្ស័យថា ការស្លាប់​នេះ ទំនងជា​មិនមែនជា​ករណី​ធ្វើអត្តឃាត​ឡើយ ដោយសារ​ការស្លាប់​ដោយ​ចងក​បាន​បង្កប់​នូវ​ចំណុច​គួរ​ឲ្យ​មាន​មន្ទិល​។ ប៉ុន្តែ​មូលហេតុ​នាំ​ឲ្យ​ចងក​សម្លាប់ខ្លួន ត្រូវបាន​មន្ត្រីនគរបាល​បញ្ជាក់ថា ជា​ករណី​ចងក​ធ្វើអត្តឃាត ដោយសារតែ​វិបត្តិ​ស្នេហា​។ ចំណែក​សំបុត្រ​មួយច្បាប់​បាន​បន្សល់ទុក​នៅក្នុង​កា​បូ​ប​យួរដៃ​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា​៕​មន

អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នាដែលធ្វើអត្តឃាត
លោក​ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ