អត្ថន័យ​ក្បាច់​បក្សី​ហើរ​នៅ​ស្គរ​សំរឹទ្ធិ​នៅ​ព្រ​ហារ​

2465
ចែករម្លែក

ស្គរ​សំរឹទ្ធិ​ដែលមាន​ចំនួន​មិន តិចជាង​២០ ត្រូវបាន​គេ​រកឃើញ​ជា​លើកដំបូង​បង្អស់ នៅក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ជាពិសេស នៅ​ស្ថានីយ​បុរេប្រវត្តិសាស្ត្រ នៅ​ភូមិ ព្រ​ហារ ឃុំ​ជ្រៃ ស្រុក​ព្រៃវែង ខេត្ត ព្រៃវែង​មាន​សារសំខាន់​ណាស់​សម្រាប់ ស្វែងយល់​អំពី​លក្ខណៈ​សង្គម​វប្បធម៌ នា​សម័យមុន​ប្រវត្តិសាស្ត្រ​បន្តិច​។ តែ​នៅ ក្នុង​អត្ថបទ​នេះ យើង​សូម​លើកយក​ស្គរ តែមួយ​ទេ ដែល​មកពី​ស្ថានីយ​ខាងលើ ដើម្បី​ពន្យល់​នូវ​សារសំខាន់ នៃ​ក្បាច់​សត្វ ស្លាប​ហើរ​នៅលើ​ស្គរ នា​សម័យ​បុរេប្រវត្តិសាស្ត្រ​។​
​ ​
​ស្គរ​ខាងលើនេះ ត្រូវបាន​រក ឃើញ​ដោយ​ការធ្វើ​កំណាយ​ដោយ មជ្ឈមណ្ឌល​បុរាណវិទ្យា​មេមត់ កាលពី ឆ្នាំ​២០០៨ ហើយ​មាន​អង្កត់ផ្ចិត​៤៥ សង់ទីម៉ែត្រ កម្ពស់​៣០,៥០​សង់ទីម៉ែត្រ ដោយ​នៅលើ​គែម​របស់​ស្គរ​មាន ស្នាម​រូប​កង្កែប​មួយចំនួន​។ រីឯ​នៅលើ ថាស​ស្គរ​វិញ គេ​ឃើញ​មាន​វត្តមាន របស់​សត្វ​បក្សី​មួយ​ប្រភេទ​ចំនួន​៦ កំពុង ហើរ​តាម​ទ្រនិចនាឡិកា​។ ហើយ​បើ យោង​លើ​ប្រព័ន្ធ​បែងចែក​ប្រភេទ​ស្គរ របស់លោក ហេ​គើ​រ នៅ​ឆ្នាំ​១៩០២ ស្គរ នេះ​ស្ថិតក្នុង​ប្រភេទ​ទី​១ ព្រោះ​ជា​ស្គរ ដែលមាន​ក្បាច់​សត្វ​ស្លាប​ហើរ​។​
​ ​
​តើ​ក្បាច់​សត្វ​ស្លាប​ហើរ​បត់​ស្តាំ តាម​ទ្រនិចនាឡិកា​ខាងលើនេះ មាន អត្ថន័យ​យ៉ាងដូចម្តេច​?
​ ​
​តទៅ​នេះ យើង​នឹង​ព្យាយាម​ពន្យល់​ពី​ការ​ហើរ​បត់​ស្តាំ​ឬ​ការ​ហើរ​តាម​ទ្រនិចនាឡិកា​ដោយ ធ្វើការ​សិក្សា​ប្រៀបធៀប​ទៅ និង​ប្រពៃណី​នៃ​សហគមន៍​អម្បូរ​ចិន​បុរាណ​មួយចំនួន​។ ដូច នៅ​ប្រទេស​ចិន និង​វៀតណាម​ខាងជើង ក្បាល​ស្គរ​របស់​យើង ត្រូវបាន​លម្អ​ដោយ​ក្បាច់​បក្សី មាត់​វែង​ស្រួច​ត្រដាងស្លាប​ហើរ​នៅ​រង្វង់​មួយ​តាម ទ្រនិចនាឡិកា​។​
​ ​
​ដូច​ពោល​ខាងលើ រូបរាង​របស់ បក្សី​របស់​យើង គឺមាន​មាត់​វែង​ស្រួច​ក វែង​តូច​ហើយ​មាន សិរ​តូចៗ​នៅលើ ក្បាល ហើយ​នៅ​នឹង​មាត់​មាន​ពាំ​របស់​អ្វី​ម្យ៉ាង​ដែលមាន​លក្ខណៈ​ស្រដៀង ទៅនឹង​ស្បោង​តូច​។ រីឯ​ស្លាប​របស់​បក្សី​នេះ វិញ មាន​លក្ខណៈ​មិន​បើក​ខ្លាំងណាស់ ណា​ទេ កន្ទុយ​លាត​ជា​រូប​ផ្លិត ហើយ​អាចមាន​ជើង​ទាំងពីរ​ផង​។​

​តើ​ក្បាច់​សត្វ​ស្លាប​ហើរ​នៅលើ​ស្គរ មកពីណា​?
​តាមរយៈ​ប្រពៃណី​ប្រើ​ស្គរ​សំរឹទ្ធិ ដែលមាន​ឆ្លាក់​ក្បាច់​បក្សី​ហើរ ក៏​ដូច​តាម រយៈ​ប្រវត្តិ​រឿង ព្រេង​នៃ​ជនជាតិ​អម្បូរ​ចិន និង​ប្រវត្តិសាស្ត្រ​ដែរ គេ​អាច​បញ្ជាក់ ជូន​បាន​ថា ស្គរ​ទាំងនោះ គឺជា​សមិទ្ធផល របស់​ជនជាតិ​ចិន ពោលគឺ ត្រូវបាន​នាំ ចូលក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ យើង​នេះ រវាង​សតវត្សរ៍​ទី​៣ និង​ទី​១​មុន​គ្រិស្តសករាជ​។​
​ ​
​ស្គរ​នោះ ប្រពៃណី​ផលិត​ស្គរ រហូតដល់​សព្វថ្ងៃនេះ នៅតែ​អនុវត្ត​នៅ ឡើយ​នៅ​សហគមន៍​ជួង ( ឍ​ហ៊ាន​ង​) ស្ថិត ក្នុងភូមិ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន គឺជា​កម្មសិទ្ធិ​ផ្ទាល់​របស់​អម្បូរ​មន​-​ខ្មែរ បានឡើយ​។ មានន័យថា ជនជាតិខ្មែរ​ដែល បានរស់នៅ​តាំងតែ​រាប់ពាន់​ម៉ឺន​ឆ្នាំ នៅលើ​ទឹកដី នៃ​ជ្រោយ​ឥណ្ឌូចិន​នេះ ពុំមែន ដូច​អ្នកស្រាវជ្រាវ​ខាង​បុរាណវិទ្យា​ខ្លះ បាន​ស្មាន​នោះទេ ពុំបាន​ផលិត ឬ​បង្កើត ស្គរ​នេះ​ឡើងជា​លើកដំបូង​បង្អស់​នោះ ទេ​។

​យ៉ាងណាមិញ​ខ្មែរ​បុរាណ​ក៏​ពុំបាន នាំ​ស្គរ​ទាំងនោះ មកពី​ប្រទេស​វៀតណាម​ខាងជើង​ដែរ តាម​ការប៉ាន់ស្មាន របស់​អ្នកនិពន្ធ​ខ្លះ ជាហេតុ​នាំឱ្យ​ប្រាសចាក​ការពិត​។ ជាទូទៅ​សហគមន៍ មន​-​ខ្មែរ គ្រាន់តែ​បាន​ប្រើ​ដើម្បី​មូលហេតុ សាសនា​តែ​ពុំបាន​ផលិត​ម្តងណា​ឡើយ​។ ក្រៅពីនេះ ការវាយតម្លៃ​ស្គរ​ទាំងនោះ ក៏ ខុសប្លែក​ពី​លក្ខណៈ​ដើម​បន្តិច​ដែរ​។​
​ ​
​តាំងពីដើម​រៀងមក អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​ចិន តែងតែ ជ្រាបថា ក្បាច់​សត្វ​ស្លាប ហើរ ដែល​គេ បាន​ជួប​នៅក្នុង​វប្បធម៌​ដុង​សឺ​ន ( ឌៀ​នង ន្សៀ​) នៅ​ប្រទេស​វៀតណាម​ខាងត្បូង គឺ មាន​ប្រភព​ចេញពី​វប្បធម៌​តំបន​ឈូ ស្រុក ឆ តំបន់​សេ​ឈួន ហឺ​ណាន និង​ហ៊ូ​ពេ​យ ហើយ​បន្តិច​ម្តងៗ​បាន​ផ្សព្វផ្សាយ​រហូត ដល់​ភូមិភាគ​ខាងត្បូង​។ កត្តា​ដែល​អនុញ្ញាត​ឱ្យគេ សន្និដ្ឋាន​ដូច្នេះ គឺ​បណ្តាល មកពី​គ្រឿង​សំរឹទ្ធិ​តំបន់​ឈូ ដើម​សម័យ ឈុន ឈី​វ មាន​ចំណាស់ ចាស់​ជាង គ្រឿង​សំ​រិ​ទ្ធិ​នៅ​តំបន់​តៀន​។ តាមពិតទៅ ប្រពៃណី​ឆ្លាក់​ក្បាច់​ជា​រូប​បក្សី​នៅ​តំបន់ ឈូ បង្ហាញឱ្យឃើញ​យ៉ាងច្បាស់​ថា តំបន់​ផ្សេងៗ​ឯទៀត ភូមិភាគ​ខាងត្បូង​នៃ ប្រទេស​ចិន រួមមាន​ប្រទេស​វៀតណាម ខាងជើង លាវ ថៃ និង​កម្ពុជា​បច្ចុប្បន្ន ជាដើម​សុទ្ធសឹងតែ​បាន​ជ្រួត ជ្រាប​ដោយ ឥទ្ធិពល​នៃ​វប្បធម៌​ឈូ ដែលមាន មណ្ឌល​ហឺ​ណាន និង​ហ៊ូ​ពេ​យ​ខាងលើ ទាំង​ខាង​ក្បាច់លម្អ​ទាំង​បច្ចេកទេស សំរឹទ្ធិ​ ។ ដោយហេតុ នេះ យើង​ក៏​ដឹងថា សត្វ​បក្សី​ដែល​គេ បាន​តុបតែង​តួ​ស្គរ គឺ ថា ជា​សត្វ​លួរ ហើយ​ស្បោង​ដែល​សត្វ បក្សី​ខាងលើនេះ​ពោំ​នាះ គឺជា​ពូជស្រូវ ឬក៏​វិញ្ញាណក្ខន្ធ​របស់​បុព្វការី​ជន​ឱ្យ​ចាប់ ជាតិ​ឡើងវិញ​។​
​ ​
​និយាយ​ដល់​នេះ យើង​ចាំបាច់ រំលឹកថា បទ​ភ្លេងបុរាណ​នៅ​ស៊ីជី​ង (​លូ​ស៊ុ​ង​, បទ​ភ្លេង​តំបន់​លូ នៅ​ទុង​ងួន​) ក៏បាន​ពិពណ៌នា​អំពី​គុណសម្បត្តិ​របស់ បក្សី​លួរ​ខាងលើ​នេះដែរ​។ មានន័យថា លក្ខណៈ​នៃ​បក្សី​លួ​ខាងលើនេះ គឺជា លក្ខណៈ​នៃ​តូ​តឹ​ម ឬ​ជា​បង្គោល​តូ​តឹ​ម យ៉ាង​ប្រាកដ​។​
​ ​
​ក្នុង​សហគមន៍​ជួង ដែលមាន សេដ្ឋកិច្ច​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម ក៏ មានរឿង​និទាន​ទាក់ទិន ទៅ នឹង​សត្វ​បក្សី លួ​ខាងលើ​នេះដែរ ដែលជា​សត្វ​តូ​តឹ​ម ឬ និមិត្តសញ្ញា​នៃ​ក្រុម ឬ​កុលសម្ព័ន្ធ​។ ពីព្រោះ​ដោយ​អនុភាព​នៃ​ជំនឿ​បែប​ជី​វច​ល​និយម ជនជាតិ​ជួង​ជឿជាក់ថា បក្សី ឋាន​សួគ៌ា​នេះ រមែង​តែង​មកជួយ​ជន ជាតិ​ជួង​ឱ្យធ្វើ​ស្រែចម្ការ​បាន​ទិន្នផល ខ្ពស់​។ មិនតែប៉ុណ្ណោះ​សោត ដូច​បក្សី ផេ​និ​ច នៃ​ទេវ​កថា​វិទ្យា​ហ្គ្រិ​ច​កូ​-​រ៉ូ​ម៉ាំង បក្សី​លួរ អាច​នាំ​ព្រលឹង​អ្នក​ស្លាប់ទៅ កាន់​បរលោក ដែលជា​ទី​ដ៏​សែន​មនោ​- រម្យ​។ បើ​និយាយ​ម្យ៉ាងទៀត បក្សី​លួរ តាមរយៈ​ស្លាប ទាំងពីរ​របស់​វា ដែលជា និមិត្ត​នៃ​អវកាស​អាច​នាំ​ព្រលឹង​មនុស្ស ឱ្យទៅ​កាន់​ឋាន​សួគ៌ា បើ​មិន​អញ្ចឹងទេ នាំ​មនុស្ស​ឱ្យ​ចាប់ជាតិ​ឡើងវិញ​នោះ ឯង​។ កុំភ្លេចថា ជានិច្ចកាល ការហោះ ហើរ​របស់​បក្សី​អច្ឆរិយ​នេះ ត្រូវគេ​ប្រៀប ទៅនឹង​ការហោះហើរ​របស់​វិញ្ញាណ ឬ​ព្រលឹង​របស់ មនុស្ស​។ ហើយ​ជាទូទៅ តាម​ទស្សនៈ​របស់​សហគមន៍​មនុស្ស​បុរាណ​នៅពេល​ស្លាប់ ព្រលឹង​រមែង តែង​ត្រឡប់​ទៅកាន់​ប្រភពដើម​វិញ​ដែល ស្ថិតនៅ​ស្ថាន​លើ​មេឃ ឬ​ស្ថាន​សួគ៌ា​ដ៏ ឧ​ដ្តុ​ង្គ​ឧ​ត្ត​ម្ភ​។ ដូច្នេះ គេ​ត្រូវការ​សត្វ​លួរ ខាងលើនេះ ដើម្បី​ធ្វើ​យានជំនិះ សម្រាប់ ពាំនាំ​វិញ្ញាណក្ខន្ធ​របស់​ពួកគេ​ទៅកាន់ បរលោក​។​

​ទន្ទឹមនឹង​ការប្រើ​និមិត្តរូប​នៃ​សត្វ បក្សី​លួរ ខាងលើនេះ ជនជាតិ​ជួង និង​ជនជាតិភាគតិច​ផ្សេងៗ ដូចជា​ជនជាតិ អ៊ី ថូ នុង ថៃ និង​យួន ជាដើម ក្នុង​ខេត្ត​យូ​ណ្ណាន និង​វៀតណាម​ខាងជើង ទូងស្គរ សំរឹទ្ធិ​ខាងលើនេះ ក្នុង​ពិធីបួងសួង​បុព្វការី​ជន ឬក៏​ពិធី​ដើម្បី​រីករាយ​សប្បាយ នៃ​ការដាំដុះ​ផ្សេងៗ ដោយមាន​ការរាំរែក ស៊ីផឹក និង​រួមរ័ក​។​
​ ​
​និយាយ​សង្ខេប​មក​ការតុបតែង​ក្បាច់​ជាស​ត្វ​ស្លាប​នៅលើ​ថាស​ស្គរ គឺជា បញ្ហា​មួយ​យ៉ាងសំខាន់ ណាស់ សម្រាប់​មនុស្ស​បុរាណ​ចិន​។ ព្រោះថា សត្វ​បក្សី នេះ​ជា​និមិត្តសញ្ញា​របស់​តូ​តឹ​ម ឬ​សត្វ បញ្ជាន់​វិញ្ញាណ ហើយ​ជួនកាល​ក៏​ទាក់ទង​ទៅនឹង​ពិធី​បូជា​សព្វ​ផងដែរ​។ ម្ល៉ោះ ហើយ​ក្នុង​បរិបទ វប្បធម៌​របស់​សហគម​ន៍ ជនជាតិភាគតិច​នៅ​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ចិន​បច្ចុប្បន្ន​បុព្វបុរស ត្រូវបាន គេ​តំណាង​ដោយ​សត្វ​លួរ ហើយ​រាល់ ការបូជា​សត្វ​លួរ គឺជា​ការបូជា​បុព្វបុរស ដែល​បាន​ចែក​ស្ថាន​ទៅ​។ ជាទូទៅ យើង អាច​សន្និដ្ឋានបានថា សត្វ​បក្សី​លួរ គឺជា បុព្វការី​ជន ហើយ​បុព្វការី​ជន​ក៏​ជាស​ត្វ លួរ​ផងដែរ​។​
​ ​
​សូម​រំលឹក​ផងដែរ​ថា ចម្លាក់​រូប សត្វ​ហើរ​តាម​ទ្រនិចនាឡិកា​ក៏​ទាក់ទង​ទៅនឹង​ចម្លាក់​ទូក​ដែល មាន​មនុស្ស​ពាក់ រោមសត្វ​ស្លាប​លួរ ដែលជា​អ្នក​បញ្ចូល រូប​ឈរ​រាំ​លើ​ថាស​ស្គរ​ផងដែរ​។ ខាង លើ​នេះ​ស​បង្ហាញឱ្យឃើញ​នូវ​ប្រព័ន្ធ សមីការ​វាង​សត្វ និង​មនុស្ស​ពាក់​រោម សត្វ​ស្លាប​លួរ កំពុង​រាំ​ដែលជា​បុព្វបុរស​។ ព្រោះថា ដូច​ពោល​ខាងលើ​នៅ សម័យ​បុរេប្រវត្តិសាស្ត្រ គេ​សន្មត​ថា សត្វ​លួរ គឺជា​បុព្វបុរស​យ៉ាង​ជាក់ ច្បាស់​។​
​ ​
​ជួនកាល​នៅលើ​ចង្កេះ​ស្គរ គេ​ក៏ សង្កេតឃើញ​មាន​សត្វ​ស្លាប​ឆ្លាក់​ជា​គូ​ជាមួយ​ក្បាច់​មនុស្ស​ពាក់ រោមសត្វ​ស្លាប ត្រដាងដៃ​ស្រដៀង​នឹង​សត្វ​ស្លាប ដែល កំពុង​ហើរ​។ កាយវិការ ឬ​អាកា​រៈ​បែប នេះ ស្តែង​ឱ្យឃើញថា គេ​ចង់បង្ហាញ ថា មនុស្ស​នោះ គឺជា​មេ​ស្មឹង​កំពុង​បញ្ចូល​រូប​នៃ​បុព្វបុរស របស់​ពួកគេ ដែលជា សត្វ​លួរ ហើយ​ត្រៀម​នឹង​ហោះហើរ នៅលើ​អាកាស​។ ​ស្របគ្នា​នឹង​ការប្រើ ក្បាច់​ជាស​ត្វ​ស្លាប​លួរ​ហើរ​ទាំង​ប៉ុន្មាន ខាងលើនេះ ជា​និមិត្តសញ្ញា (​តូ​តឹ​ម​) នៃ ក្រុម​ជាពិសេស​ជនជាតិ​លួ​យេ​វី​យ ដែល ជា​បុព្វ​ជន​របស់​ជនជាតិ​ជួង​(​ថៃ​)​បច្ចុប្បន្ន សត្វ​លួរ​ហើរ​ក៏​ត្រូវគេ​យកមក​តុបតែង ក្តារ​មឈូស​ឈើ ហើយ​ពាក់ព័ន្ធ​ទៅនឹង ការ​កប់​សព លើក​ទី​២ នៅក្នុង​តំបន់​ទន្លេ ជួ​ចៀង នៅ​ខេត្ត​ក្វាង​ស៊ី​ជាដើម​។​
​ ​
​ខាងលើនេះ គឺជា​អត្ថន័យ​ទូទៅ នៃ​ក្បាច់​សត្វ​ស្លាប​ហើរ ដែល​ស្ថិតក្នុង បរិបទ​វប្បធម៌​ចិន​បុរាណ តែ​ក្នុង​សហគមន៍​មន​-​ខ្មែរ ឬ​ខ្មែរ​ដើម មុន​សម័យ ប្រវត្តិសាស្ត្រ​បន្តិច ពោលគឺ​រវាង​សតវត្សរ៍ ទី​៣ និង​ទី​១​មុន​គ្រិស្ត សករាជ​ក្បាច់​សត្វ​ស្លាប​លើ​ថាស​ស្គរ​ទាំងនោះ ប្រហែលជា​ពុំមាន​តួនាទី ដូចគ្នា​ទេ​។ ព្រោះថា ស្គរ​មួយចំនួន​ដែល​គេ​បាន​ជួប នៅ​ស្មសាន​នៃ​ភូមិ​ព្រ​ហារ គឺជា​ស្គរ​ដែល បាន​នាំ​ពី​ប្រទេស​ចិន​មកដល់​ប្រទេស កម្ពុជា​បច្ចុប្បន្ន ពិតជា​ពុំបាន​រក្សា​នូវ ប្រវត្តិ​ដើម ឬ​រឿងតំណាល​ដូច​នៅក្នុង វប្បធម៌​ចិន​បុរាណ​នោះទេ​។ សូម​ជម្រាប ថា​ការ​សាយភាយ​នៃ​ស្គរ ទាំងនោះ គឺ ជា​សញ្ញា​ជា​វិជ្ជមាន​នៃ​វឌ្ឍនភាព​នៃ វិស័យសេដ្ឋកិច្ច និង​វប្បធម៌​រវាង​តំបន់ យូ​ណាន និង​ភូមិភាគ​ខាងត្បូង​តែ ប៉ុណ្ណោះ​។ ព្រោះថា ជនជាតិខ្មែរ​ដើម មិន ស្ថិតក្នុង​អម្បូរ​ចិន ឬ​ថៃ​-​វៀត​នោះ ទេ​។ ពោលគឺ ពួកគេ​ពុំមាន​ទេវ​កថា​វិទ្យា ដូចគ្នា និង​អម្បូរ​ចិន​ឡើយ​។​
​ ​
​ដូច្នោះ​ហើយ យើង​គ្មាន​ហេតុ​ផល​ជាក់ច្បាស់​ណា មួយ​ដែល​បង្ហាញថា សត្វ​ស្លាប​ទាំងនោះ គឺជា​សត្វ​ដែល​ពាំនាំ វិញ្ញាណ​មនុស្ស​ឱ្យ​កើតជា​ថ្មី ឬក៏​ពាំនាំ ពូជស្រូវ​សម្រាប់​វិស័យ​កសិកម្ម ហើយ ដែលជា​ជំនឿ​ប្រជាប្រិយ​ប្រចាំត្រកូល ដូច​នៅ​ភូមិភាគ​នៃ​តំបន់​យូ​ណាន ឬ​វៀតណាម ខាងជើង​។
​ ​
​យើង​គិតថា ជនជាតិខ្មែរ​ដើម នៅ​ភូមិ​ព្រ​ហារ ពុំមាន​គតិ​បូជា​បក្សី​លួរ ទេ​។ ម្ល៉ោះហើយ​អ្វី ដែល​សំខាន់​ជាង គេ​នៅទីនេះ គឺ​តួនាទី​របស់​ស្គរ​ទាំងនោះ ទៅវិញ​ទេ​។ បើ​និយាយ​ម្យ៉ាងទៀត ចំពោះ​វត្ត​មាននៃ​ស្គរ​នៅ​ភូមិ​ព្រ​ហារ យើង​គ្រាន់តែ​អាច​យល់ដឹងបាន​នូវ​និមិត្តរូប​នៃ​ក្បាច់ សត្វ​ស្លាប​តែប៉ុណ្ណោះ​ច្រើនជាង​ការ​សម្លឹងមើល​ពី​ផ្នែក​ទេវ​-​កថា​វិទ្យា​ដូច​នៅ​ប្រទេស​ចិន​បុរាណ​។​
​ ​
​តាម​មូលន័យ​សង្ខេប យើង​អាច កត់សម្គាល់ថា នៅ​សម័យមុន​ប្រវត្តិសាស្ត្រ​បន្តិច​មនុស្ស​ខ្មែរ បុរាណ​នៅក្នុង ខេត្តព្រៃវែង​បច្ចុប្បន្ន ដែលមាន​ទំនាក់ ទំនងជា​មួយ​ចិន បាន​នាំចូល​ពី​ចិន​នូវ ស្គរ​សំរឹទ្ធិ ហៅ​ស្គរ​មហោរធឹក ដើម្បី ប្រើប្រាស់​ក្នុង​ពិធី​សាសនា ជាពិសេស​ដើម្បី​បញ្ចុះសព លើក​ទី​២ ដូច​ករណី ស្គរ​នៅ​ផ្នូរ​លេខ​៤ នៅ​ភូមិ​ព្រ​ហារ​។ នេះ​ជា​តួនាទី​ពិត​នៃ​ស្គរ​ត្រូវបាន​គេ​ចាត់ ទុក​ថា ជា​វត្ថុ​មានតម្លៃ​បំផុត​។ ខុសពី សហគមន៍​ចិន​បុរាណ ដែល​ស្គរ​សំរឹទ្ធិ​រមែងតែ​តំណាង ឱ្យ​ភាពសម្បូរ​សប្បាយ ឬ​ផូរផង់​នៃ​ការដាំដុះ ដែលជា​ប្រភព​នៃ ជីវិត​នោះទេ​ស្គរ​ទាំងនោះ គឺជា​គ្រឿង ឥស្សរ​យស តំណាងឱ្យ​ឋានៈ ឬ​កិត្តិយស មកពី​ក្រៅ ដែលមាន​តម្លៃ​ឥត​គុណ​នា ដែល​ពួក​អភិជន បាន​និយម ហើយ​យក ជាប់​តាម​ខ្លួន​នៅពេល​ស្លាប់​។
​ ​
​ជា​ចុងក្រោយ សូមជម្រាបថា ស្គរ​ទាំងនោះ មិនមែនជា​ស្នាដៃ​របស់ បុព្វបុរស​ខ្មែរ​នោះទេ​។ ស្គរ​ទាំងនោះ ត្រូវបាន​នាំចូល​ពី​តំបន់​នានា​នៃ​ភូមិភាគ ខាងត្បូង​នៃ​ប្រទេស​ចិន ហើយ​ជាល​ទ្ធ​- ផល​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង ខ្មែរ និង​ចិន​តាមរយៈ​វិស័យ​វប្បធម៌ និង​សេដ្ឋកិច្ច​។ នេះ​បើ​សំអាង​លើ​ការ សិក្សា​វែកញែក​ខាងលើ ដែល​សំអាង​លើ​បច្ចេកទេស​ផលិត​សំ​រិ​ទ្ធិ ប្រពៃណី ទំនៀមទម្លាប់ និង​រឿងព្រេង​និទាន​ប្រចាំ ត្រកូល​របស់​កុលសម្ព័ន្ធ​អម្បូរ​ចិន​មួយ ចំនួន ដែលមាន​លក្ខណៈ​ខុសប្លែក​ពី ខឿនវប្បធម៌​នៃ​សហគមន៍​មន​-​ខ្មែរ​ដែល​រស់នៅ​ក្នុងភូមិ ភាគ​ឦសាន​នៃ ព្រះរាជាណាចក្រ​កម្ពុ​ជាប​ច្ចុ​ប្បន្ន ដូចជា ពួក​គ្រឹ​ង ទំពួន និង​ព្នង​ជាដើម ៕ ​ ​(​ម​.​ត្រា​ណេ​)

​ស្គរ​សំរឹទ្ធិ ហៅ​ស្គរ​មហោរធឹក ដើម្បី​ប្រើប្រាស់​ក្នុង​ពិធី​សាសនា ជាពិសេស​ដើម្បី​បញ្ចុះសព​លើក​ទី​២
​ស្គរ​ស្ថានីយ​ព្រ​ហារ សារមន្ទីរ​ជាតិ​ភ្នំពេញ្ញ និង​បំណែក​ស្គរ​កម្មសិទ្ធិឯកជន (​ម​.​ត​២០១១)​