អត្ថបទ​ថ្មី​របស់​កាសែត​ល្បី​២​របស់​អាមេរិក​ធ្វើការ​ជជែក​ដេញដោល​អំពី​អសមត្ថភាព​ក្នុងការ​ដឹកនាំ​របស់លោក​ត្រាំ​រស់​ឡើងវិញ​

679
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ទី​២១​កញ្ញា​ថា អគ្គ​រដ្ឋអាជ្ញារង​រប​ស់លោក ដូ​ណា​ល់ ត្រាំ បាន​ពិភាក្សា​អំពី​វិធី​ដើម្បី​បង្ខំ​គាត់​ចេញពី​តំណែង​ដោយ​សម្អាងថា​គាត់​អសមត្ថភាព​។​

​នៅក្នុង​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​ចុងក្រោយ​បំផុត​នេះ​ដើម្បី​ធ្វើឱ្យ​រង្គោះរង្គើ​រដ្ឋបាល​ពោរពេញ​ដោយ​បញ្ហា​នេះ កាសែត The New York Times និង​កាសែត The Washington Post បាន​រាយការណ៍​ថា លោក រ៉ូ​ដ រ៉ូ​សិន​ស្ទេ​ន (Rod Rosenstein) កាលពី​ខែឧសភា​ឆ្នាំ ២០១៧ បានស្នើ​ឱ្យ​លួច​ថត​សំឡេង​របស់លោក​ត្រាំ​ដោយ​សម្ងាត់​សម្រាប់​ភស្តុតាង​នៃ​ដំណើរការ​ច្របូកច្របល់​នៅ​សេត​វិមាន ហើយ​ប្រើប្រាស់​វា​ដើម្បី​ដក​ត្រាំ​ចេញពី​តំណែង​។​

​ដោយ​កើតឡើង​បន្ទាប់ពី​ការចេញផ្សាយ​សៀវភៅ​ដ៏​ភ្ញាក់ផ្អើល​របស់​អ្នកប្រវត្តិសាស្ត្រ​ប្រចាំ​សេត​វិមាន លោក បុ​ប វូដ​វ៉ាត (Bob Woodward) របាយការណ៍​របស់​កា​សែត​ទាំង​២​រឹត​បន្ថែម​ភស្តុតាង​ដែល​បញ្ជាក់ថា មនុស្ស​ជាច្រើន​នៅក្នុង​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ផ្ទាល់​មានការ​សង្ស័យ​យ៉ាងខ្លាំង​អំពី​សម្បទា​របស់លោក​ត្រាំ សម្រាប់​តំណែង​ប្រធានាធិបតី និង​បានធ្វើការ​យ៉ាងសកម្ម​ដើម្បី​កម្ចាត់​រូបលោក​។​

​ក្នុងនាម​ជាម​ន្ត្រី​លេខ​២​របស់​ក្រសួងយុត្តិធម៌ លោក​រ៉ូ​សិន​ស្ទេ​ន​បាន​មើល​ការខុសត្រូវ​លើ​ស៊ើបអង្កេត​ថា​តើ​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ ២០១៦ របស់លោក​ត្រាំ​បាន​ឃុបឃិត​ជាមួយ​រុស្ស៊ី​នៅ​ក្នុងការ​កម្ចាត់​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន របស់​បក្ស​ប្រជាធិបតេយ្យ​ឬ​អត់​។​

​របាយការណ៍​របស់​កា​សែត Time និង Post គឺ​ដកស្រង់​ដូចគ្នា​ចេញពី​អនុស្សរណៈ​សម្ងាត់​មួយ​សរសេរ​ដោយ​អតីត​នាយក FBI ម្នាក់ ដែល​អ្នកខ្លះ​គិតថា​ប្រហែលជា​ត្រូវបាន​គេ​ទម្លាយ​ចេញ​ដើម្បី​កម្ចាត់​លោក​រ៉ូ​សិន​ស្ទេ​ន និង រដ្ឋអាជ្ញា​ពិសេស​ស៊ើបអង្កេត​ករណី​រុស្ស៊ី លោក រ៉ូបឺត មូ​ល័​រ​។​

​លោក​រ៉ូ​សិន​ស្ទេ​ន បានចាត់ទុក​របាយការណ៍​របស់​កាសែត​ទាំង​២​ថា “​មិន​ត្រឹមត្រូវ និង​ខុសពី​ការពិត​” ។​

​ហើយ​ក្រសួងយុត្តិធម៌​បាន​បញ្ចេញ​នូវ​សេចក្តីថ្លែងការណ៍​ដែល​ធ្វើឡើង​ដោយ​អតីតមន្ត្រី​ជាន់ខ្ពស់​ម្នាក់ ដែល​មិន​បញ្ចេញ​ឈ្មោះ ដោយ​និយាយថា គាត់​បាន​នៅក្នុង “​បន្ទប់​” នៅពេល​នោះដែរ ហើយ​លោក​រ៉ូ​សិន​ស្ទេ​ន​គ្រាន់តែ​និយាយ​លេង​ប៉ុណ្ណោះ​។​

​អតីតមន្ត្រី​រូបនោះ​បាន​និយាយថា “​សេចក្តីថ្លែងការណ៍​នោះ​គឺជា​ការ​ចម្អកចម្អន់​លេង​ទេ​និង​មិនដែល​ត្រូវបាន​ពិភាក្សា​ជាមួយនឹង​ចេតនា​នៃ​ការថត​ការសន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ទេ​”​។​

​កូនប្រុស​របស់លោក​ត្រាំ គឺ លោក ដូ​ណា​ល់ ត្រាំ ជេ​អា បាន​គាំទ្រ​របាយការណ៍​នេះ​ថា​ជា​ភស្តុតាង​នៃ​ការបង្ហាញ​ភាពមិនស្មោះត្រង់​ក្នុងចំណោម​ក្រុម​របស់លោក​ប្រធានាធិបតី​។​

​លោក​បាន​សរសេរ​លើ​ធ្វី​ត​ធឺ​ដោយ​ភ្ជាប់​ជាមួយ​លីង​វេ​ប​សាយ​អត្ថបទ​របស់​កាសែត Times យ៉ាង​ដូច្នេះ “​តើ​យើង​កំពុងនិយាយ​លេងសើច​អំពី​អ្វី​នៅត្រង់ចំណុច​នេះ​? គ្មាន​នរណាម្នាក់​ភ្ញាក់ផ្អើល​ទេ ដែល​ក្រុមមនុស្ស​ទាំងនេះ​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ក្នុង​អំណាច​របស់ខ្លួន​ដើម្បី​បំផ្លាញ​ដូ​ណា​ល់ ត្រាំ​”​។

​លោក ម៉ៃ ហាក់​កាប៊ី (Mike Huckabee) សម្ព័ន្ធមិត្ត​បក្ស​សាធារណរដ្ឋ​របស់លោក​ត្រាំ​បាន​ជំរុញ​ឱ្យ​អគ្គ​រដ្ឋអាជ្ញា លោក ជេ​ហ្វ សេស​សិន (Jeff Sessions) បណ្តេញ​លោក​រ៉ូ​សិន​ស្ទេ​ន ឬ​មិន​អ៊ីចឹង​ទុកឱ្យ​លោក​ត្រាំ​បណ្តេញ​អ្នក​ទាំង​២​នេះ​ចេញ​តែម្តង ប្រសិនបើ​គាត់​បដិសេធ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រូវបាន​រង្គោះរង្គើ​នៅ​ខែ​នេះ​ដោយ​ការចេញផ្សាយ​សៀវភៅ​របស់លោក​វ៉ូដ​វ៉ាត​ស្តីពី​ការងារ​ផ្ទៃ​ក្នុងនៃ​សេត​វិមាន​ដែល​លោក​បាន​ពណ៌នា​ថា​ជា​អំពើ​ថោកទាប​នៅក្នុង “​ការបែកបាក់​ដ៏​គួរឱ្យ​ព្រួយបារម្ភ​” ក្នុងចំណោម​បុគ្គលិក ដែល​តស៊ូ​ដើម្បី​គ្រប់គ្រង​ប្រធានាធិបតី​មិន​នឹងនរ​មួយរូប​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ