អត្រាកំណើត​ឆ្នាំ​២០១៩​របស់​ចិន មាន​ល្បឿន​យឺត​និង​ទាប​បំផុត​ក្នុង​រយៈពេល​៧០​ឆ្នាំ​ចុងក្រោយ

112
ចែករម្លែក

​អត្រា​កំណើត​ទារក​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​កាលពី​ឆ្នាំមុន​ចាប់តាំងពី​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​៧០​ឆ្នាំ​កន្លង​ទៅ ដែល​នេះ​ជា​បញ្ហា​ប្រឈម​រយៈពេល​វែង​សម្រាប់​សង្គម​ចិន​។​

​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​ចិន បាន​បង្ហាញ​នៅ​ថ្ងៃ​សុក្រ​ទី​១៧​មករា​ថា​អត្រាកំណើត​របស់​ប្រទេស​នេះ​គឺ​អាត្រា​១០,៤៨ ក្នុង​មួយ​ពាន់​នាក់ ដែល​ជា​អត្រា​ទាប​​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៤៩ ។ ចំនួន​ទារក​ទារិកា​កើត​ក្នុង​ឆ្នាំ​២០១៩ បាន​ធ្លាក់ចុះ​ប្រហែល​៥៨០.០០០ នាក់ គឺ​ស្មើនឹង ១៤,៦៥ លាន​នាក់​។​

​គូ​ស្វាមីភរិយា​វ័យក្មេង​ជាច្រើន​នៅ​ប្រទេស​ចិន​មាន​ការស្ទាក់ស្ទើរ​ក្នុងការ​មានកូន​ពីព្រោះ​ពួកគេ​មិន​អាចមាន​លទ្ធភាព​បង់ថ្លៃ​សម្រាប់​ការថែទាំ​សុខភាព​និង​​ការអប់រំ​ដោយ​រួម​ជាមួយ​ផ្ទះ​ថ្លៃៗ​ផងដែរ​។ ការលុបចោល​គោលនយោបាយ​អោយ​មាន​កូន​តែ​មួយ​កាលពី​ឆ្នាំ​២០១៥​មិន​បាន​ផ្តល់​ការជំរុញ​ច្រើន​ដល់​អត្រាកំណើត​​របស់​ប្រទេស​នេះ​ទេ​។​

​ទន្ទឹមនឹងនេះ​ដែរ អត្រា​នៃ​ការ​លែងលះ​គឺមាន​ចំនួន​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​។ ក្នុង​រយៈពេល​៣ ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០១៩​មាន​ប្តី​ប្រពន្ធ​​ប្រមាណ​៣,១ លាន​គូ​បាន​ដាក់​ពាក្យ​លែងលះ បើ​ប្រៀបធៀប​នឹង​៧,១ លាន​គូ ដែល​បាន​រៀបការ​ក្នុង​ឆ្នាំ​ដដែល​។​នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​កិច្ចការ​​ស៊ីវិល​។​

​ចំនួន​មនុស្ស​ក៏​ចាស់​កើនឡើង​ឆាប់រហ័ស​ផង​ដែរ​នៅ​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅលើ​ពិភពលោក​នេះ ដោយ​ធ្វើឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​​សម្រាប់​ក្រុម​មេដឹកនាំ​ចិន​នៅ​ពេល​ពួកគេ​សន្យា​ធានា​ការថែរក្សា​សុខភាព​និង​ប្រាក់​សោធន​និវត្តន៍​ចំ​ពេល​ដែល​សេដ្ឋកិច្ច​របស់​ចិន ធ្លាក់ចុះ​។​

​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ ចំនួន​ប្រជាជន​ចិន​សរុប​គឺ​១,៤​ពាន់​លាន​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

គិលានុបដ្ឋាកយិកា កាន់​ទារក​នៅ​មជ្ឈមណ្ឌល​ផ្តល់កំណើត​នៅ​ក្រុង​ប៉េកាំង​