អត្រា​ព្យាបាល​រោគរបេង ជោគជ័យ​លើស ៩០% ចាប់តាំងពី​ឆ្នាំ​១៩៩៥ រហូតដល់​បច្ចុប្បន្ន​

1451
ចែករម្លែក
  • 12
    Shares

​ដោយ​: សុផល / ភ្នំពេញ​: កម្មវិធី​ជាតិ​កំចាត់​រោគរបេង អាច​រក្សាបាន​នូវ​អត្រា​ព្យាបាល​ជោគជ័យ​លើសពី​៩០​ភាគរយ ចាប់តាំងពី​ឆ្នាំ​១៩៩៥ រហូតដល់​បច្ចុប្បន្ន និង​សម្រេចបាន​តាម​ផែនការ​ឆ្នាំ​២០១៧ ដែល​ក្នុងនោះ ព្យាបាល​ជោគជ័យ​បាន​៩៣% និង​ស្រាវជ្រាវ​ជំងឺរបេង សរុប​ទាំងអស់​បាន​៣៤៤៦៧​ករណី​។​

​បច្ចុប្បន្ន​មន្ទីរពេទ្យបង្អែក មណ្ឌល​សុខភាព​រួមទាំង​ប៉ុស្តិ៍​សុខភាព​ទាំងអស់ សរុប​ចំនួន​ជាង​១៣០៦​កន្លែង នៅ​ទូទាំងប្រទេស មាន​សេវា​របេង​តាម​យុទ្ធសាស្ត្រ «​ដូ​ត​ស៍​» និង បាន​ពង្រីក​ដូ​ត​ស៍​សហគមន៍​បាន​ដល់​៨៦១​នៃ​មណ្ឌល​សុខភាព​។​

​លោក​វេជ្ជបណ្ឌិត ម៉ៅ តាន់​អ៊ាង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​កំចាត់​រោគរបេង​ទូទាំងប្រទេស​កាលពី​រសៀល​ថ្ងៃទី​២៤ ខែ មេសា ឆ្នាំ​២០១៨​ថា​៖ កម្មវិធី​ជាតិ​ទទួលបាន​ជោគជ័យ​ក្នុងការ​ទទួលបាន​កញ្ចប់​ថវិកា​ពី​មូលនិធិ​សកល ក្នុង​គំរោង​៣​ឆ្នាំ ចំនួន​ប្រមាណ​១៣,៨​លាន​ដុល្លារ សំរាប់​ឆ្នាំ​២០១៨-២០២០​។ យើង​កំពុង​រៀបចំ​គំរោង​ជំងឺរបេង​ក្នុងចំណោម​អ្នក​ចំណាកស្រុក ក្នុង​ក្របខ័ណ្ឌ​ពហុ​ប្រទេស​អនុតំបន់​ទន្លេមេគង្គ និង​ដាក់ជូនទៅ​មូលនិធិ​សកល​នៅ​ថ្ងៃទី​៣០​ខែមេសា​ខាងមុខនេះ​។​

 

​លោក​វេជ្ជបណ្ឌិត បានឱ្យដឹងថា ជា​សរុប​ក្នុង​រយៈពេល​១៦​ឆ្នាំកន្លងមក ករណី​របេង​សរុប​ជាង​៥៧​ម៉ឺន​ករណី​(៥៧៦ ៦៧០) និង​ករណី​បេ​កា​វិជ្ជមាន​ចំនួន​ជាង​២៦​ម៉ឺន​ករណី​(២៦០ ៣២២) ត្រូវបាន​ស្រាវជ្រាវ​និង​ដាក់​ឲ្យ​ព្យាបាល​។ នេះ​បានន័យថា ជីវិត​អ្នកជំងឺ​ជាច្រើន​ម៉ឺន​នាក់ ត្រូវបាន​ជួយសង្គ្រោះ​ឲ្យ​ផុតពី​សេចក្តីស្លាប់​។ ហេតុនេះហើយ ទើប​ជាង​មួយ​ទស្សវត្សរ៍​ចុងក្រោយ​នេះ អត្រា​មាន​ជំងឺ​ប្រ៉េ​វ៉ាឡង់ អត្រា​អាំង​ស៊ី​ដង់ និង​អត្រា​ស្លាប់ នៃ​ជំងឺរបេង​នៅ​កម្ពុជា មានការ​ថយចុះ​ជា​បន្តបន្ទាប់​យ៉ាងខ្លាំង​ជាង​បណ្តា​ប្រទេស​ដទៃទៀត​។​

 

​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​កំចាត់​រោគរបេង​ទូទាំងប្រទេស​កាលពី​រសៀល​ថ្ងៃទី​២៤ ខែ មេសា ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​ភ្នំពេញ លោក តែ គុយ​ស៊ា​ង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា​៖​នៅ​ចុងឆ្នាំ​២០១៥​កម្ពុជា​បានសំរេច​គោលដៅ​អភិវឌ្ឍន៍​សហវ​ត្ស នៃ​អត្រា​ឈឺ​និង​ស្លាប់​ដោយសារ​ជំងឺរបេង​ជា​ស្ថាពរ​។ ជាក់ស្តែង​នៅ​ចន្លោះ​ឆ្នាំ​២០០០​ដល់​២០១៦ អត្រា​ស្លាប់​បាន​ធ្លាក់ចុះ​ក្នុង​កំរិត​មធ្យម​៣,៥%​ក្នុង​មួយឆ្នាំៗ ធៀប​នឹង​ការ​ថយ​នៅ​សកលលោក​តែ​៣%​ប៉ុណ្ណោះ​។ អត្រា​អាំង​ស៊ី​ដង់​គ្រប់​សណ្ឋាន ត្រូវបាន​ចុះថយ​ជា​កំរិត​ជា​មធ្យម​៣%​ក្នុង​មួយឆ្នាំៗ ធៀប​នឹង​ការចុះ​ថយ​ជា​មធ្យម​នៅ​សកលលោក​តឺ​២%​ប៉ុណ្ណោះ​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋលេខាធិការ ក៏បានផ្តល់​អនុសាសន៍​មួយចំនួន ដើម្បីឱ្យ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺរបេង​ទទួលបាន​ជោគជ័យ​ថែមទៀត និង​បាន​អំពាវនាវ​ឱ្យ​កម្មវិធី​ជាតិ​កំចាត់​រោគរបេង ក្នុង​ឆ្នាំ​២០១៨​នេះ​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ថែមទៀត ក្នុងការ​ស្រាវជ្រាវ​អ្នកជំងឺ​របេង​គ្រប់​សណ្ឋាន​ឲ្យ​បាន​យ៉ាងតិច ៤០.៥០០​ករណី និង​សូម​បន្ត​រក្សា​ឲ្យ​បាន​អត្រា​ព្យាបាល​ជោគជ័យ​លើ​៩០%​។ ជំរុញ​ការផ្តល់សេវា​ស្រាវជ្រាវ និង​ព្យាបាល​ជំងឺរបេង​ដល់​ក្រុម​មាន​ហានិភ័យ​ខ្ពស់​មាន​ជាអាទិ៍ ការងារ​របេង​-​អេដស៍ របេង​ពន្ធនាគារ របេង​កុមារ របេង​ក្នុងចំណោម​អ្នកជំងឺ​ទឹកនោម ផ្អែម​និង​របេង​មនុស្ស​ចាស់​៕ ល​