អត្រា​អ្នកជំងឺ​គ្រុនឈាម​នៅ​មន្ទីរពេទ្យ​ខេត្តកោះកុង​មិន​ថមថយ​ទេ​

352
ចែករម្លែក

ដោយ​: សុ​ផានី​តា​
​កោះកុង​:
មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង បង្ហាញ​ការព្រួយបារម្ភ​ពី​អត្រា​ចំនួន​អ្នកជំងឺ​គ្រុនឈាម ដែល​បន្ត​កើនឡើង​មិន​ថយចុះ​នោះទេ នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ ដោយ​មន្ត្រី​សុខាភិបាល​ខេត្ត ប្រាប់​ដល់​ពលរដ្ឋ​ប្រុងប្រយ័ត្ន និង​ចូលរួម​លុបបំបាត់​ជម្រក​សត្វ​មូស​ខ្លា​អោយអស់​ជុំវិញ​លំនៅដ្ឋាន​រស់នៅ​រៀងៗ​ខ្លួន​។​

​លោក ម៉ែន សា​ម៉ែត ប្រធាន​រដ្ឋបាល​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកោះកុង បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​រសៀល​ថ្ងៃទី​៥ ខែមិថុនា ថា ដើមរដូវ​វស្សា​នេះ ២​សប្តាហ៍​ចុងក្រោយ មាន​អ្នក​ជម្ងឺគ្រុនឈាម​ជិត​១០០​នាក់​ហើយ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​របស់លោក ដែល​ចំនួន​នេះ​កើន​ឡើងជា​បន្តបន្ទាប់​។

​លោក សា​ម៉ែត បន្ថែមថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ អត្រា​កុមារ និង​មនុស្ស​ចាស់​កើត​ជំងឺគ្រុនឈាម​មិនបាន​ថយចុះ​ទេ ជាក់ស្តែង​គឺ​នៅតែ​បន្ត​អ្នកជំងឺ​ចូលមក​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ គួរឱ្យ​ព្រួយបារម្ភ​។ ប៉ុន្តែ​ទោះយ៉ាងណា លោក​ប្រធាន​រដ្ឋបាល​មន្ទីរពេទ្យ​ខេត្ត អះអាងថា គ្មាន​អ្នក​ជម្ងឺ​ណា​ម្នាក់​បាត់បង់​ជីវិត​ទេ ខណៈ​មន្ត្រី​សុខាភិបាល​យកចិត្តទុកដាក់​ខ្ពស់​លើ​ការផ្តល់សេវា​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ជាសះស្បើយ​។​

​សម្រាប់​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ លោក សា​ម៉ែត ផ្ញើ​សារ​អប់រំ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្តកោះកុង ប្រុងប្រយ័ត្ន​ចំពោះ​មូស​ខ្លាខាំ ដោយ​ត្រូវ​សម្អាត​អនាម័យ​បរិស្ថាន​លុប​បំបាច់​ជ​ម្រាក​ទឹក​ដក់​របស់​សត្វ​មូស​ខ្លា​ទាំង​ខាងក្នុង និង​ជុំវិញ​ផ្ទះ​។ ព្រោះ​វា​ភ្នាក់ងារ​ចម្បង​បំផុត​ធ្វើឱ្យ​កើត​ជម្ងឺគ្រុនឈាម មិន​ថា​ចាស់ ឬ​ក្មេង​ឡើយ ហើយ​ករណី​សង្ស័យ អាណាព្យាបាល​ប្រញាប់​ប​ញ្ចូ​ន​មក​មន្ទីរពេទ្យ​ជាបន្ទាន់​។​

​ទាក់ទិន​នឹង​ការកើនឡើង​នៃ​ចំនួន​អ្នកជំងឺ​គ្រុនឈាម លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ពន្យល់ថា ក្រុមមន្ត្រី​របស់លោក​បាន​ផ្សព្វផ្សាយ​អប់រំ​វិធាន​ការបង្ការ​ទប់ស្កាត់ បាញ់ថ្នាំ និង​ដាក់​ថ្នាំ​សម្លាប់​មូស​ខ្លា​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​តាំងតែ​ពី​ដើមឆ្នាំ​រហូតដល់​១​សប្តាហ៍​ដើមរដូវ​វស្សា​នេះ​។ ដោយ​លោក​នឹង​បង្កើន​ការលុបបំបាត់​សត្វ​មូល​ខ្លា​នេះ​នៅ​ទូទាំង​ខេត្ត​ឱ្យ​ច្រើន​ថែមទៀត​។​

​លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរពេទ្យ​ខេត្តកោះកុង មូលហេតុ​ដែលនាំឱ្យ​កើតមាន​ជំងឺគ្រុនឈាម​ច្រើន យ៉ាង​ដូច្នេះ ពីព្រោះ​ពលរដ្ឋ​រស់នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រ​យោល និង​ទីប្រជុំជន​មួយចំនួន​ខ្វះ​ការចូលរួម​ថែរក្សា​បរិស្ថាន​អនាម័យ​ជុំវិញ​ផ្ទះ លុបបំបាត់​ជម្រក​សត្វ​មូស​ខ្លាំ និង​គេង​មិន​ដាក់​មុង​បាន​គ្រប់គ្រាន់​ជាដើម​។

​យោង​របាយការណ៍​រប​ស់​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង បង្ហាញថា ៥​ខែ​ឆ្នាំ​២០១៩​នេះ មាន​អ្នកជំងឺ​គ្រុនឈាម​ជាង​១៦០​នាក់ បាន​ចូល​ពិនិត្យ និង​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កើន​២០​នាក់​។

​គួររម្លឹកថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ធ្លាប់បាន​ជំរុញ​ដល់​មន្ត្រី​សុខាភិបាល​ទូទាំងប្រទេស​ទាំងអស់ ត្រូវ​ពង្រឹង​ការចូលរួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​លុបបំបាត់​ជំងឺគ្រុនចាញ់ អោយ​សកម្ម ដោយ​ភាពចាំបាច់​បំផុត ដើម្បី​សម្រេច​ឱ្យបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០២៥​ខាងមុខ​។ ជាពិសេស​ខិតខំ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺគ្រុនឈាម​ឱ្យទាន់​ពេលវេលា​រក្សា និង​ព​ង្រឹ​ក​អត្រា​គ្របដណ្តប់​ការផ្តល់​ថ្នាំ​ទម្លាក់​ព្រូន​ជា​សមូហភាព​ឱ្យនៅ​ខ្ពស់​លើសពី​៩០​ភាគរយ​៕ ល​