អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ឧបត្ថម្ភ​លើកទឹកចិត្ត ក្នុងការ​ដោះស្រាយ​ជីវភាព​ដល់​មន្ត្រី​ពីររូប​

715
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ច្រាំង​ចំរេះ​ទី​១ ពីរ​នាក់ ដែលមាន​ជំងឺ​ទឹកនោមផ្អែម​របួស​រលួយ​ជើង​ដូចគ្នា នា​ល្ងាច​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ ទទួល​ការឧបត្ថម្ភ​លើកទឹកចិត្ត ក្នុងការ​ដោះស្រាយ​ជីវភាព​រស់នៅ​បាន​មួយចំនួន ពី​លោក​វរសេនីយ៍ឯក គល់ យី អធិការ នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ រួមជាមួយ​លោក​អធិការរង​, លោកនាយ​ផ្នែក​តាម​ជំនាញ​, លោកនាយ​នគរបាល​ប៉ុស្ដិ៍ និង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។​

​មន្ត្រី​ដែល​ទទួល​អំណោយ គឺ​លោក​អនុសេនីយ៍ឯក យិន សុ​ភ័​ក្រ នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ និង​លោក​អនុសេនីយ៍ឯក អ៊ុច សុផល់ មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ច្រាំង​ចំរេះ​១ ដែលមាន​ជម្ងឺ​ទឺ​ក​នោម​ផ្អែម​របួស (​រលួយ​ជើង​) ដូចគ្នា​ទាំង​២​នាក់ ទទួល​ការឧបត្ថម្ភ​មាន​ជា​ទឹកដោះគោឆៅ​២​ឡូ​, ត្រីខកំប៉ុង​១​យួរ​, មី​១​កេះ និង​ថវិការ​ក្នុង​ម្នាក់ ចំនួន​៤២៥.០០០​រៀល (​សែសិប​ពីរម៉ឺន​ប្រាំ​ពាន់​រៀល​)​។​

​នេះ​ជាការ​យកចិត្តទុកដាក់​រវាង​ថ្នាក់ដឹកនាំ ជាមួយ​មន្ត្រីក្រោមឱវាទ ខាងលើ​នេះដែរ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ទទួលបាន​សេចក្ដីរាយការណ៍​ថា លោក​អនុសេនីយ៍ឯក យិន សុ​ភ័​ក្រ និង​លោក​អនុសេនីយ៍ឯក អ៊ុច សុផល់ កំពុងមាន​ជំងឺ​ទឹកនោមផ្អែម​រងរបួស (​រលួយ​ជើង​) ទាំង​២​នាក់ ទើប​ល្ងាច​ថ្ងៃនេះ បាន​ឆ្លៀតឱកាស​ដឹកនាំ​មន្ត្រី​ចុះទៅ​សំណេះសំណាល​សួ​សុខទុក្ខ និង​នាំយក​គ្រឿងឧបភោគ​បរិភោគ ក៏ដូចជា​ថវិកា​មក​ឧបត្ថម្ភ​ជូន ក៏ដូចជា​ជូនពរ​ឲ្យ​ឆាប់​ធូរស្រាល​ពី​ជម្ងឺ ដើម្បី​លើកទឹកចិត្ត​ឲ្យ​ចេះ​ថែទាំ​ស្រលាញ់​សុខភាព និង​បន្តការងារ​យូរអង្វែង​ទៀត ក្នុងការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅតាម​ការដឹកនាំ​ចង្អុលបង្ហាញ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​៕