អធិការបតីអាល្លឺម៉ង់គ្រោងទៅតួកគីដើម្បីការពារកិច្ចព្រមព្រៀងស្តីពីការធ្វើចំណាកស្រុក ចំពេលមានការបារម្ភអំពីរលកជនភៀសខ្លួន

127
ចែករម្លែក

កាសែតធំបំផុតរបស់អាល្លឺម៉ង់ Sueddeutsche Zeitung បានរាយការណ៍ថា អធិការបតីអាល្លឺម៉ង់លោកស្រី អ៊ែនជេឡា មឺគែល គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសតួកគីនៅខែក្រោយដើម្បីជំរុញប្រធានាធិបតីថាយយីប អឺដូហ្គានឱ្យគោរពតាមកិច្ចព្រមព្រៀងស្តីពីការធ្វើចំណាកស្រុក ដែលលោកបានព្រមព្រៀងជាមួយសហភាពអឺរ៉ុប។

លោកអឺដូហ្គានបានព្រមានកាលពីថ្ងៃអាទិត្យថា តួកគី ដែលទទួលយកជនភៀសខ្លួនស៊ីរីប្រមាណ ៣,៧ លាននាក់រួចហើយនោះ នឹងមិនអាចរ៉ាប់រងនូវរលកថ្មីនៃជនភៀសខ្លួនបានទេ ប្រសិនបើការប៉ុនប៉ងរបស់ស៊ីរីនិងរុស្ស៊ីដើម្បីដណ្តើមកាន់កាប់ខេត្តអ៊ីដលីប ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម បញ្ជូនប្រជាជនច្រើននាក់ឱ្យរត់ភៀសខ្លួន។

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានបដិសេធមិនបញ្ជាក់អំពីរបាយការណ៍របស់កាសែត Sueddeutsche Zeitung ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ធ្នូនោះទេ ដោយគ្រាន់តែនិយាយថាផែនការធ្វើដំណើររបស់លោកស្រីមឺគែលតែងតែប្រកាសនៅថ្ងៃសុក្រ។

មេដឹកនាំទាំងពីរបានជួបគ្នាចុងក្រោយនៅខែធ្នូក្នុងទីក្រុងឡុងដ៍ កន្លែងដែលអ្នកទាំងពីរបានពិភាក្សាអំពីស្ថានភាពនៅប្រទេសស៊ីរីជាមួយប្រធានាធិបតីបារាំងអេមម៉ានូអែល ម៉ាក្រុង និង នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន។

ក្រោមកិច្ចព្រមព្រៀងស្តីពីការធ្វើចំណាកស្រុកឆ្នាំ ២០១៥ តួកគីយល់ព្រមទទួលយកជនភៀសខ្លួនដែលបម្រុងឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបជាថ្នូរនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

មានមនុស្សតិចណាស់នៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់ចង់ឃើញវិបត្តិជនអន្តោប្រវេសន៍នៅឆ្នាំនោះកើតឡើងម្តងទៀត នៅពេលប្រទេសអាល្លឺម៉ង់បើកទ្វាររបស់ខ្លួនទទួលមនុស្សជាងមួយលាននាក់ ដែលភាគច្រើនស្វែងរកការជ្រកកោនពីជម្លោះនៅស៊ីរី។

រលកនៃការធ្វើចំណាកស្រុក ដែលជារលកធំបំផុតមិនធ្លាប់មាននៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី ២ បានផ្លាស់ប្តូរនយោបាយរបស់អាល្លឺម៉ង់និងអឺរ៉ុប ដោយបានជំរុញឱ្យអ្នកនយោបាយស្តាំនិយមដែលប្រឆាំងជនអន្តោប្រវេសន៍ជាប់ឆ្នោតនៅតាមសភានៅទូទាំងទ្វីបអឺរ៉ុបនិងជំរុញឱ្យមានការបោះឆ្នោតប្រជាមតិនៅចក្រភពអង់គ្លេសដើម្បីចាកចេញពីសហភាពអឺរ៉ុប។

ចំនួនជនចំណាកស្រុកបានចាប់ផ្តើមកើនឡើងជាថ្មីនៅពេលរបបក្រុងដាម៉ាស់និងក្រុងមូស្គូជិតដណ្តើមយកខេត្តអ៊ីដលីប ដែលជាទីតាំងចុងក្រោយបំផុតកាន់កាប់ដោយក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី ដែលមានប្រជាជនរស់នៅរហូតដល់ទៅ ៣ លាននាក់។

កាលពីថ្ងៃអាទិត្យលោកអឺដូហ្គាននិយាយថា មនុស្សជាង ៨ ម៉ឺននាក់កំពុងធ្វើដំណើរទៅកាន់តួកគី។

លោកអឺដូហ្គានបាននិយាយថា “ប្រសិនបើអំពើហិង្សាទៅលើប្រជាជននៅខេត្តអ៊ីដលីបមិនបញ្ឈប់ទេនោះ ចំនួននេះនឹងកើនឡើងថែមទៀត។ ក្នុងករណីនោះ តួកគីនឹងមិនទទួលរែកពន់ជនចំណាកស្រុកតែខ្លួនឯងនោះទេ”។

កន្លងមក លោកអឺដូហ្គានធ្លាប់បានគំរាមបើកទ្វារឱ្យជនចំណាកស្រុកទៅកាន់អឺរ៉ុប លើកលែងតែតួកគីទទួលបានការគាំទ្រខាងហិរញ្ញវត្ថុច្រើនជាងមុនក្នុងការទទួលយកជនភៀសខ្លួន៕ ដោយ៖ កញ្ញាដាលីស

លោកអឺដូហ្គាននិងលោកស្រីមឺគែលជួបគ្នានៅទីក្រុងឡុងដ៍កាលពីថ្ងៃទី៣ខែធ្នូ