អធិការបតី​អាល្លឺម៉ង់​និយាយថា​នឹងមាន​កន្លែង​សាក​ភ្លើង​រថយន្ត​អគ្គិសនី​ចំនួន​១​លាន​កន្លែង​ត្រឹម​ឆ្នាំ​២០៣០

283
ចែករម្លែក

​អធិការបតី​អាល្លឺម៉ង់ ​លោកស្រី អ៊ែន​ជេ​ឡា មឺ​គែល បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣​វិច្ឆិកា​ថា លោកស្រី​ចង់​បង្កើន​ចំនួន​ស្ថានីយ​សាក​ភ្លើង​សម្រាប់​រថយន្ត​អគ្គិសនី​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​ដើម្បី​ផ្តល់ឱ្យ​អតិថិជន​នូវ​ទំនុកចិត្ត​បន្ថែមទៀត​ដើម្បី​ប្តូរ​ទៅប្រើ​ម៉ាស៊ីន​អគ្គិសនី​ពី​ម៉ាស៊ីន​ចំហេះ​ឥន្ធនៈ​។​

​ថ្លែង​នៅក្នុង​កម្មវិធី​ផ្សាយ​វីដេអូ​ប្រចាំ​សប្តាហ៍​របស់លោក​ស្រី លោកស្រី​មឺ​គែល​និយាយថា លោកស្រី​ចង់ឱ្យ​អាល្លឺម៉ង់​មាន​ស្ថានីយ​សាក​ភ្លើង​ចំនួន ១ លាន​កន្លែង​នៅត្រឹម​ឆ្នាំ ២០៣០​។ បច្ចុប្បន្ន​អាល្លឺម៉ង់​មាន​ស្ថានីយ​សាក​ភ្លើង​ប្រហែល ២១.០០០ កន្លែង​។​

​ការអត្ថាធិប្បាយ​នេះ ​ធ្វើឡើង​នៅមុន​កិច្ចប្រជុំ​របស់លោក​ស្រី​នៅ​ថ្ងៃ​ចន្ទ​ទី​៤​វិច្ឆិកា​ជាមួយ​ពួក​នាយក​ប្រតិបត្តិ​ឧស្សាហកម្ម​យានយន្ត​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ដល់​វិស័យ​ដឹកជញ្ជូន​របស់​អាល្លឺម៉ង់​ឱ្យសម្រេចបាន​នូវ​គោលដៅ​បំ​ភាយ​ឧស្ម័ន​។​

​ក្រៅពី​និយាយ​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ភ្លើង​នៅ​អាល្លឺម៉ង់ លោកស្រី​មឺ​គែល​និយាយថា ​អ្នក​ដែល​នៅក្នុង​កិច្ចប្រជុំ​នោះ​នឹង​ពិភាក្សា​អំពី​ការលើកទឹកចិត្ត​របស់​រដ្ឋាភិបាល​និង​ឧស្សាហកម្ម​យានយន្ត​សម្រាប់​រថយន្ត​អគ្គិសនី​និង​វិធី​ការពារ​ការងារ​ឧស្សាហកម្ម​រថយន្ត​ ចំពេល​កំពុងមាន​ការផ្លាស់​ប្តូរ​ទៅរក​ការផលិត​រថយន្ត​ដែល​ការពារ​បរិស្ថាន​។ លោកស្រី​និយាយថា ការអភិវឌ្ឍ​រថយន្ត​ដើរ​ដោយ​ថាមពល​អ៊ីដ្រូសែន​ក៏​អាច​ដើរតួ​យ៉ាងសំខាន់​ដែរ​។​

​ប្រទេស​អាល្លឺម៉ង់​គឺជា​ទីតាំង​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ជាច្រើន​រួមមាន​ក្រុមហ៊ុន Daimler, BMW និង Volkswagen ដែល​រួមមាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន​ទៀត​ដូចជា Audi, Skoda និង Porsche៕ ដោយ៖ កញ្ញាដាលីស/Ha

លោកស្រី​មឺ​គែល​ចង់ឱ្យ​អាល្លឺម៉ង់​មាន​ស្ថានីយ​សាក​ភ្លើង​រថយន្ត​អគ្គិសនី ១ លាន​កន្លែង​ត្រឹម​ឆ្នាំ ២០៣០