អធិការបតី​អាល្លឺម៉ង់ សុខចិត្ត​យល់ព្រម​សង់​ជំរំ​អន្តោប្រវេសន៍​នៅ​ព្រំដែន​ដើម្បី​សង្គ្រោះ​រដ្ឋាភិបាលចម្រុះ

711
ចែករម្លែក

​អធិការបតី​អាល្លឺម៉ង់ លោកស្រី អ៊ែន​ជែ​ឡា មឺ​គែល ដែល​ជំពាក់​កេរដំណែល​របស់​ខ្លួន​លើ​ការស្វាគមន៍​ជនអន្តោប្រវេសន៍​រាប់សែន​នាក់​ចូលទៅ​ក្នុងប្រទេស​អាល្លឺម៉ង់​នោះ បាន​ឯកភាព​កាលពី​ថ្ងៃ​ចន្ទ​ទី​២​កក្កដា​ដើម្បី​សាងសង់​ជំរំ​ព្រំដែន​សម្រាប់​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​និង​រឹតបន្តឹង​ព្រំដែន​ជាមួយ​អូទ្រីស​នៅក្នុង​កិច្ចព្រមព្រៀង​នយោបាយ​មួយ​ដើម្បី​សង្គ្រោះ​រដ្ឋាភិបាល​របស់លោក​ស្រី​។​

​វា​គឺជា​ការប្តូរ​ចិត្ត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​សម្រាប់​មេដឹកនាំ​ម្នាក់​ដែល​គេ​ចាត់ទុកជា​អ្នក​ប្រកាន់​ស្តង់ដារ​សណ្តាប់ធ្នាប់​អឺរ៉ុប​សេរី ប៉ុន្តែ​បាន​ស្ថិតក្រោម​សម្ពាធ​យ៉ាងខ្លាំង​នៅក្នុង​ស្រុក​ពី​ក្រុម​អ្នកនយោបាយ​ស្តាំនិយម​និង​អភិរក្សនិយម​នៅក្នុង​រដ្ឋាភិបាលចម្រុះរ​បស់​លោកស្រី​អំពី​គោលនយោបាយ​អន្តោប្រវេសន៍​របស់លោក​ស្រី​។​

​ទោះបីជា​ចំណាត់ការ​ដើម្បី​ផ្គាប់ចិត្ត​ពួក​អ្នកនយោបាយ​អភិរក្សនិយម​បានបង្ហាញ​ពី​ភាពទន់ខ្សោយ​ខាង​នយោបាយ​របស់លោក​ស្រី ក៏ប៉ុន្តែ​លោកស្រី​មឺ​គែល​នឹង​នៅតែ​ជា​អធិការបតី​។ ថា​តើ​គាត់​កាន់អំណាច​យូរ​ប៉ុនណា​នោះ គឺ​មិន​ប្រាកដ​ទេ​។ អារម្មណ៍​ជាតិនិយម​និង​ការ​ប្រឆាំងនឹង​អន្តោប្រវេសន៍​ដែល​កំពុង​រាំងជល់​នឹង​ពហុភាគី​និយម​នៅ​កន្លែង​ផ្សេងទៀត​នៅ​ទ្វីបអឺរ៉ុប កំពុងតែចាក់ឫស​គល់​យ៉ាង​ឆាប់រហ័ស​នៅក្នុង​នយោបាយ​អាល្លឺម៉ង់​។​

​លោកស្រី​មឺ​គែល​បាន​យល់ព្រម​លើ​គោលនយោបាយ​ចុងក្រោយ​បំផុត​នេះ​បន្ទាប់ពី​ការជំទាស់​ទៅលើ​គោលនយោបាយ​អន្តោប្រវេសន៍ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ហូ​ស ស៊ី​ហូ​ហ្វើ បាន​គំរាមកំហែង​នាំឱ្យ​ដួលរលំ​រដ្ឋាភិបាលចម្រុះរ​បស់​លោកស្រី​។

​លោក​ស៊ី​ហូ​ហ្វើ​បានទាមទារ​ឱ្យ​អាល្លឺម៉ង់​ហាមឃាត់​ជនអន្តោប្រវេសន៍​នៅតាម​ព្រំដែន​ប្រសិនបើ​ពួកគេ​គ្មាន​ឯកសារ​ឬ​បាន​ចុះបញ្ជី​រួចហើយ​នៅក្នុង​ប្រទេស​អឺរ៉ុប​ដទៃទៀត​។​

​លោកស្រី​មឺ​គែល ដែល​គាំទ្រ​ការឆ្លងកាត់​ព្រំដែន​ដោយ​សេរី បាន​ទទូច​ឱ្យមាន​ការសម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​ជិតខាង​រហូតដល់​យប់​ថ្ងៃ​ចន្ទ នៅពេលដែល​លោកស្រី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​លោក​ស៊ី​ហូ​ហ្វើ​ដើម្បី​រក្សា​អំណាច​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​មឺ​គែល នឹង​សង់​ជំរំ​សម្រាប់​រក្សាទុក​ជនអន្តោប្រវេសន៍ ដើម្បី​ផ្គាប់ចិត្ត​ពួក​ស្តាំនិយម​និង​អភិរក្សនិយម​ក្នុង​រដ្ឋាភិបាលចម្រុះ​រប​ស់លោក​ស្រី
#