អធិការរង​ខណ្ឌ​ឫស្សី​កែវ​គំរាម​សម្លាប់​នាយផ្នែក​ចរាចរណ៍​ម្នាក់​ក្រោយពី​បញ្ជាឲ្យ​ដោះលែង​អ្នក​ស្រវឹង​ម្នាក់​​មិនបាន​

383
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ ​៖ លោក ចាន់ ពៅ អធិការរង​ខណ្ឌ​ឫស្សី​កែវ​ទទួល​ផ្នែក សេនាធិការ​គំរាម​សម្លាប់​នាយផ្នែក​ចរាចរណ៍ម្នាក់​ឲ្យស្លាប់​ចោល​ប្រពន្ធ​កូន ក្រោយពី​បញ្ជាឲ្យ​ដោះលែង​អ្នក​ស្រវឹង​ម្នាក់​ក្នុងចំណោម​៣​នាក់ ដែល​មិន​សហការ​ផ្លុំ ហើយក៏​ត្រូវ​ឃាត់​យកទៅ​ស្នងការនៅឯ​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​និង​ជាតិ​ស្រវឹង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មុខ​វិទ្យាល័យ​ឫស្សី​កែវ ស្ថិត​ក្នុងភូមិ​សាមគ្គី​ សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​យប់​ថ្ងៃទី​២ ​ខែកញ្ញា​ឆ្នាំ​២០១៩​កន្លងមកនេះ ។​

​អ្នក​កាន់​ច្បាប់​បែរជា​ល្មើសច្បាប់​ទៅវិញ ​ហ៊ាន​គំរាម​សម្លាប់​នាយផ្នែក គឺ​លោក ចាន់ ពៅ អធិការរង​ខណ្ឌ​ឫស្សី​កែវ​ទទួល​ផ្នែកសេនាធិការ ។ ចំណែក​ជនរងគ្រោះ​ដែល​ត្រូវបាន​លោក​អធិការរង​រូបនេះ​គំរាម​សម្លាប់​នោះ​ឈ្មោះ​លី រ៉ូ​ហ្សា​ត នាយផ្នែក​ចរាចរណ៍​ខណ្ឌ​ឫ​ស្សី​កែវ ។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​នា​យប់​ថ្ងៃទី​៣​កញ្ញា​ថា មុនពេល​កើតហេតុ​នៅ​យប់​ថ្ងៃទី​២​កញ្ញា​ កម្លាំង​អធិការដ្ឋាន​ខណ្ឌ​ឫ​ស្សី​កែវ​បានដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​នឹង​ជាតិ​ស្រវឹង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ​មុខ​វិទ្យាល័យ​ឫ​ស្សី​កែវ​ស្ថិត​ក្នុងភូមិ​សាមគ្គី​សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫ​ស្សី​កែវ​ដែលមាន​លោកស្នងការ​រង​និង​លោក​អធិការរង​ទទួល​ផ្នែក​ចរាចរណ៍​ជា​អ្នកដឹកនាំ​។​

​បន្ទាប់ពី​អនុវត្ដ​ន៍​បាន​ប្រហែលជា​កន្លះ​ម៉ោង ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឫស្សី​កែវ​បាន​ពិនិត្យ ឃើញ​អ្នកមាន​ជាតិ​ស្រវឹង​លើសកម្រិត​ចំនួន​៣​នាក់​ដែលជា​អ្នកបើក​ម៉ូតូ ក្នុងនោះ​មាន​ម្នាក់​មិនបាន​សហការ​ផ្លុំ។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ក៏បាន​ធ្វើការ​បញ្ជូនទៅ​ស្នងការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ​​បន្ទាប់ពី​បញ្ជូន​អ្នក​ដែលមាន​ជាតិ​ស្រវឹង​លើស​បាន​មួយសន្ទុះ ​ស្រាប់តែ​លោក ចាន់​ពៅ​ អធិការរង​រូបនោះ​បាន​ទូរស័ព្ទ​មក​លោកនាយ​ផ្នែក​ដោយ​បញ្ជា​ឲ្យ​ដោះលែង​មនុស្ស​ម្នាក់​ដែលមាន​ជាតិ​ស្រវឹង​លើស ក៏ប៉ុន្ដែ​លោកនាយ​ផ្នែក​បាន​ប្រាប់​ទៅវិញ​ថា គាត់​គ្មាន​សិទ្ធិ​ដោះលែង​ទេ​ គាត់​គ្រាន់តែ​ជា​នាយផ្នែក ហើយក៏​ឲ្យលោក​អធិការ​រូបនោះ​ទូរស័ព្ទ​ទៅ​លោក​អធិការ​ង​ទទួល​ផ្នែក​ចរាចរណ៍​ដែល​កំពុង​ដឹក​នាំទៅ​លោក​អធិការរង​រូបនោះ​ក៏បាន​បិទទូរស័ព្ទ​ទាំង​ខឹង​យ៉ាងខ្លាំង​។ ​មួយសន្ទុះ​ក្រោយ មក​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ដែលមាន​ជាតិ​ស្រវឹង​លើស​ម្នាក់​ក្នុងចំណោម​៣នាក់​ ដែល​ក​ម្លាំ​ងសមត្ថកិច្ច​បញ្ជូនទៅ​ស្នងការ​នោះ​ត្រឡប់មកវិញ​ក្រ​ឡឺម។​

​បន្ទាប់មក​លោក​អធិការរង​រូបនោះ​បាន​ផ្ញើ​សារ​សំឡេង​គំរាម​សម្លាប់​ជាច្រើន​មក​លោកនាយ​ផ្នែក ​ធ្វើឲ្យលោកនាយ​ផ្នែក​មានការ​ភិតភ័យ​យ៉ាងខ្លាំង​ ព្រោះ​អី​ធ្លាប់​ដឹង​ហើយ​ថា​កន្លងមក​អធិការរង​រូបនេះ​ធ្លាប់​បាញ់​គំរាម​មន្ត្រីប៉ូលិស​រួចមកហើយ គ្មាន​នរ​ណា​ហ៊ាន​ធ្វើ​អ្វី​លោក​អធិការរង​រូបនេះ​ឡើយ ធ្វើឲ្យលោក​អធិការរង​រូបនេះ​ឡើងចាង​គំរាម​សម្លាប់​គេឯង​ជា​បន្តបន្ទាប់ ។​

​លោកនាយ​ផ្នែក​ដែលជា​ជនរងគ្រោះ​សំណូមពរ​ឲ្យថ្នាក់ដឹកនាំ​ជួយ​រក​យុត្តិ​ធម៌​ឲ្យ​រូបគាត់​ផង ​ព្រោះ​អធិការរង​ទំនើង​រូបនេះ​គំរាម​សម្លាប់​រូបគាត់​ឲ្យស្លាប់ ចោល​ប្រពន្ធ​ចោល​កូន ។​

​ជនរងគ្រោះ​សង្ឃឹមថា សម្ដេច​ក្រឡាហោម ស ខេង នឹងមាន​វិធាន​និង​ចំណាត់ការ​លើ​អធិការរង​រូបនេះ ​ប្រសិនជា​គ្មាន​ចំណាត់ការ​ទេនោះ ​មិនដឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទេ​ដែល​ស្លាប់​ក្រោម​កណ្ដាប់ដៃ​លោក​អធិការរង​រូបនេះ បើ​សូម្បីតែ​មន្ត្រីប៉ូលិស​ក្នុង​ខណ្ឌ​តែមួយ ក៏​លោក​អធិការ​រូបនេះ​ហ៊ាន​បាញ់​គំរាម​រួចមកហើយ​ដែរនោះ​។​

​ទាក់ទង​នឹង​ការ​គំរាម​សម្លាប់​របស់​អធិការរង ភ្នាក់ងារ​យើងខ្ញុំ​បាន​ទាក់ទង​សួរ​នាំទៅ​លោក គល់ យី អធិការ​ខណ្ឌ​ឫស្សី​កែវ នា​ព្រឹក​ថ្ងៃទី​៤​កញ្ញា តែ​មិន​ត្រូវបាន​លោក​ឆ្លើយតប​ថា​រឿង​ហ្នឹង​ត្រូវ​ដោះស្រាយ​យ៉ាងណា ឬ​ទុក​ឲ្យ​អធិការរ​ង​ធ្វើតាម​ទំនើងចិត្ត​បន្តទៀត​?៕​B/Ha