អធិការ​ស្រុកៈ​ករណី​រំលោភ​សម្លាប់​នៅ​ស្រុក​សូទ្រនិគម​គឺជា​រឿង​ចាស់​ជាង​ពីរ​ឆ្នាំ​មុន

1272
ចែករម្លែក
  • 38
    Shares

ដោយៈ​គូលែន​/​សៀមរាបៈ អធិការនគរបាល​ស្រុក​សូទ្រនិគម​បាន​អះអាង​អំពី​ករណី​រំលោភ​រួច​សម្លាប់​មួយ​ថា ករណីនេះ​បានកើត​ឡើង​តាំងតែ​ពី​ឆ្នាំ​២០១៦​មកម្ល៉េះ ហើយ​ត្រូវបាន​គេ​យកមក​ផ្សព្វផ្សាយ​ឡើងវិញ​ធ្វើ​ឲ្យ​មាន​ការ​ភាន់ច្រឡំ​។​ការបញ្ជាក់​បានធ្វើ​ឡើង​បន្ទាប់ពី​មានការ​សរសេរ​នៅក្នុង​គេហទំព័រ​មួយ​ថា​មាន​ករណី​រំលោភ​សម្លាប់​យ៉ាង​ព្រៃផ្សៃកើតឡើង​នៅ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅ​ព្រៃ​សហគមន៍ ភូមិ​ស្រែ​ឃ្នង់ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ។​

រូបថតៈលោក​អធិការ​ស្រុក​សូទ្រនិគម បាន​បញ្ជាក់ថា ករណី​រំលោភ​សម្លាប់​នៅ​ស្រុក​សូទ្រនិគម​គឺជា​រឿង​ចាស់​ដែល​កើត​តាំងពី​ឆ្នាំ​២០១៦​

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​និយាយថា ព័ត៌មាន​ដែល​គេហ​ទំព័រ​​សរសេរ​នេះ​គឺ​ពុំ​ពិត​នោះទេ ។​ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​និង​មហាជន​ដែល​រស់នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ដែល​និយម​ប្រើប្រាស់​និង​តាមដាន​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មេត្តា​ជ្រាប​។​

​លោក​វរសេនីយ៍ឯក បាន​បញ្ជាក់ថា ករណី​រំលោភ​សម្លាប់​ខាងលើនេះ​គឺជា​ករណី​ចាស់​ដែល​កើតឡើង​តាំងពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​មកម្ល៉េះ​។ ការផ្សាយ​របស់​គេហទំព័​រ​នេះ​ក្នុង​គោលបំណង គឺ​ឲ្យ​ប្រជាពលរដ្ឋ ប្រិយមិត្ត​និង​មហាជន​ដែល​រស់ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​និយម​តាមដាន​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានឃើញ​ហើយ​ចាប់អារម្មណ៍​លើ​អត្ថបទ​របស់ខ្លួន ឬ​មានបំណង​ជា​ទុច្ចរិត​ផ្សេងទៀត​បានជា​លើកយក​ករណី​ចាស់​នេះ​មក​ផ្សាយ​ដោយ​កែ​ថ្ងៃ ខែ ឆ្នាំ​កើតហេតុ ។​

​សូមបញ្ជាក់ថា ព័ត៌មាន​ដែល​គេហទំព័រ​នោះបាន​សរសេរថា​មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង គឺ​នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨​ស្ថិតនៅ​ព្រៃ​សហគមន៍ ភូមិ​ស្រែ​ឃ្នង់ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ត្រូវ​បាន​អ្នកដើរ​បេះ​ផ្លៃ​សៅ​ម៉ៅ​ព្រៃ​ប្រទះឃើញ​សព​ក្មេងស្រី​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ​រំលោភ​ហើយ​សម្លាប់ ដោយ​សភាព​សព​ក្មេងស្រី​ហើម​និង​មាន​ក្លិនស្អុយ​។​

​នៅក្នុង​គេហទំព័រ បាន​សរសេរ​ទៀតថា តាម​ការរៀប​រាប់រប​ស់​ក្រុមគ្រួសារ​រងគ្រោះ​គឺ​ជ​នេ​ង​គ្រោះ​មានឈ្មោះ ស៊ីវ សុធា​រី​ហៅ​ក្រិ​ល អាយុ​១៧​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​៕សរន