អធិការ​ស្រុក​រតនមណ្ឌល​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​ស្នងការ​ខេត្ត ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

818
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: អធិការ​ស្រុក​រតនមណ្ឌល​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែកញ្ញា​ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត ពាក់ព័ន្ធ​ពីបទ​រក្សារ​ទុក ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយពេល​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រតនមណ្ឌល ចាប់ខ្លួនបាន​នៅ​ព្រឹក​ថ្ងៃទី​០៦​ខែកញ្ញា​ឆ្នាំ​២០១៨ នៅ​ចំណុច​ជិត​វិទ្យាល័យ​ស្តៅ​សន្តិភាព ស្ថិត​ក្នុងភូមិ​ដង្គត់ ឃុំ​ស្តៅ ស្រុក​រតន​ម​ណ្ឋ​ល ខេត្តបាត់ដំបង​។​

ជនសង្ស័យ​ទាំងពីរ​នាក់​និង​វត្ថុតាង​

​លោក​វរសេនីយ៍ត្រី ផាន់ ឡុង អធិការ​ស្តីទី​នគរបាល​ស្រុក​រតនមណ្ឌល បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ​ផ្នែក​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតនមណ្ឌល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្តៅ ចុះបង្ក្រាប​ករណី​រក្សារ​ទុក និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ១.​ឈ្មោះ មឿត​.​ឌឿ​ន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​ពេជ្រ​ចង្វា ឃុំ​រស្មី​សង្ហា ស្រុក​រតន​ម​ណ្ឋ​ល ខេត្តបាត់ដំបង និង​២.​ឈ្មោះ ទ្រី​.​សុខ​ណា ហៅ ង៉ា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រតន​ម​ណ្ឋ​ល ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE ម៉ា​ទឹកកក​) ចំនួន ០៤​ថង់​តូច ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង និង​ម៉ូតូ ១​គ្រឿង (​ម៉ាក MSX ពណ៌​ស គ្មាន​ស្លាក​លេខ​)​។​

​លោក​អធិការ​ស្តីទី​បាន​បញ្ជាក់ថា ករណីនេះ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕ ល​