អធិកា​ប​តី​អាល្លឺម៉ង់​អង្គុយ​ពេល​គោរព​ភ្លេងជាតិ​ក្នុងអំឡុង​ទស្សនកិច្ច​ចិន​

5369
ចែករម្លែក

​អធិកា​ប​តី​អាល្លឺម៉ង់ លោកស្រី អង់​ហ្គេ​ឡា មឺ​កែល កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​០៦​កញ្ញា តែ​សុខភាព​របស់​លោកស្រី​ប្រហែលជា​មិន​មាំទាំ​ល្មម​អោយ​លោកស្រី​ឈរ​​គោរព​ភ្លេងជាតិ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចប់​។ លោក​ស្រី​ត្រូវ​អង្គុយ​លើ​កៅអី ខណៈ​នាយករដ្ឋមន្ត្រី​ចិន​លោក​លី ឃឹ​ឈាំ​ង បាន​ឈរ​តាម​ទម្លាប់​ធម្មតា​ក្នុងពេល​គោរព​ភ្លេងជាតិ​ក្នុង​​ពិធី​ស្វាគមន៍​កាលពី​ថ្ងៃ​សុក្រ​។​

​ក្នុង​ពិធីត្រួតពល​នៅ​ទីលាន​មុខ​សភា​ជាតិចិន ពួក​អ្នក​យក​ព័ត៌មាន​ក៏​ចាប់​អារម្មណ៍​ស្ថានភាព​សុខភាព​មិន​មាំទាំ​របស់​មឺ​កែល ដោយ​មុខ​លោកស្រី​មិន​ញញឹម​។​

​ក្នុងអំឡុង​កិច្ចពិភាក្សា​នៅ​ក្រុង​ប៉េកាំង លោកស្រី​មឺ​កែល និយាយថា សិទ្ធិ​និង​សេរីភាព​អ្នកក្រុង​ហុងកុង​គួរ​ត្រូវ​ការពារ​និង​ដំណោះស្រាយ​មួយ​ចំពោះ​វិបត្តិ​នយោបាយ​នៃ​ទីក្រុង​របស់​​ចិន​មួយ​នេះ​អាច​សំរេច​បាន​តែ​តាម​ការចរចា ហើយ​បញ្ចៀស​អំពើ​ហិង្សា​។​

​មេដឹកនាំ​អាល្លឺម៉ង់​រូបនេះ​និយាយថា លោកស្រី​បាន​បញ្ជាក់​ក្នុងអំឡុង​កិច្ចពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន​ថា «​សិទ្ធិ​និង​សេរីភាព​ដែល​មានចែង​ក្នុង​ច្បាប់​គោល​របស់​ហុងកុង​​គួរ​ត្រូវ​ការពារ​»​។​លោកស្រី​ចង់​និយាយ​សំដៅ រដ្ឋធម្មនុញ្ញ​ជាក់ស្តែង​របស់​ហុងកុង ដែល​សន្យា​ផ្តល់​អោយ​ទឹកដី​ពាក់កណ្តាល​ស្វ័យ​ត​នេះ​នូវ​សិទ្ធិ​ប្រជាធិបតេយ្យ​ដែល​មិន​មាន​នៅ​ចិន​​ដី​គោក​។​

​មឺ​កែល​បាន​បន្ថែមថា ការចរចា​នយោបាយ មិនមែន​អំពើហិង្សា ជា​ផ្លូវ​ឆ្ពោះទៅ​រក​ដំណោះស្រាយ​មួយ​។​

​ក្រៅពី​និយាយ​អំពី​រឿង​នយោបាយ មឺ​កែលក៏​ពិភាក្សា​បញ្ហា​សេដ្ឋកិច្ច ហើយ​ត្រូវ​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី ស៊ី ជីន​ពីង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​បន្ទាប់ពី​ជួបពិភាក្សា​ជាមួយ​នាយក​​រដ្ឋមន្ត្រី​នៅ​ពេល​ព្រឹក​។​

​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​តែ​១​របស់​អាល្លឺម៉ង់​កាលពី​ឆ្នាំ​មុន​ដោយ​ទំហំ​ពាណិជ្ជកម្ម​មាន​ចំនួន​១៩៩​ពាន់​លាន​ដុល្លារ​។​ទំនាក់ទំនង​ជាមួយ​ចិន​មាន​សារសំខាន់​ចំពោះ​សេដ្ឋកិច្ច​ធំ​​បំផុត​នៅ​អឺរ៉ុប​(​អាល្លឺម៉ង់​) ជាពិសេស​ក្នុងពេល​អាល្លឺម៉ង់​ត្រូវគេ​គិត​ថា​កំពុង​ធ្លាក់​ចូល​ក្នុង​ការដើរថយក្រោយ​នៅក្នុង​ត្រីមាស​បច្ចុប្បន្ន​។​

​ផលប្រយោជន៍​សេដ្ឋកិច្ច​នេះ​ធ្វើអោយ​លោកស្រី​ពិបាក​លើក​បញ្ហា​សិទ្ធិមនុស្ស និង​ចលាចល​នៅ​ហុងកុង​នាពេល​បច្ចុប្បន្ន​មក​និយាយ​ជាមួយ​ចិន​៕​ដោយ​៖​វាសនា​

​​នាយករដ្ឋមន្ត្រី​ចិន លី ឃឹ​ឈាំ​ង និង​មឺ​កែល ត្រួតពល​និង​គោរព​ភ្លេងជាតិ​នៅក្នុង​ពិធី​ក្នុង​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​