​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅហើយ ត្រូវ​គូ​ដណ្តឹង​ជះ​ទឹក​អាស៊ីត​ខូច​មុខ​អស់​មួយជីវិត

1428
ចែករម្លែក

​អ្នក​ពន្លត់អគ្គីភ័យ​វៀតណាម​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជះ​ទឹក​អាស៊ីត​ដាក់​មុខ​គូ​ដណ្តឹង​របស់គាត់​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី ដោយសារតែ​កំហឹង​ភ្លើង​ប្រច័ណ្ឌ​។​

​លោក ង្វៀន ត្រឿ​ង​ណាំ​ហៃ អាយុ ២៤ ឆ្នាំ ជា​អនុប្រធាន​ទី​២​នៃ​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​នៃ​ទីក្រុង​ដា​ណា​ង​ភាគ​កណ្តាល​ប្រទេស​វៀតណាម ត្រូវបាន​ចោទប្រកាន់ថា​បាន​ជះ​សារធាតុ​គីមី​កាច​សាហាវ​ដាក់​មុខ​អនាគត​កូនក្រមុំ ដែលមាន​ឈ្មោះថា ឡេ ឡាន​វី អាយុ ២៤ ឆ្នាំ​។​

​នៅលើ​ផុស​ហ្វេ​ស​ប៊ុ​ក នាង​វី​បាន​ចោទប្រកាន់​ហៃ​ថា​បាន​វាយ​នាង ពីព្រោះ​នាង​បាន​ព្យាយាម​រក​ផ្លូវ​ចេញពី​ពិធីមង្គលការ​របស់​ពួកគេ​ទាំងពីរ បន្ទាប់ពី​គាត់​ចាប់ផ្តើម​មាន​ចរិត​ហិង្សា​។​

​នាង​បាន​និយាយថា ហៃ​ជា​អ្នក​ផ្តើម​ស្រឡាញ់​នាង​មុន ដូច្នេះហើយ​នាង​បាន​យល់ព្រម​រៀបការ​ជាមួយ​គាត់​កាលពី​ខែធ្នូ ហើយ​គូស្នេហ៍​ទាំងពីរ​នេះ​បាន​ចុះបញ្ជី​អាពាហ៍ពិពាហ៍​រួចហើយ​។​

​ប៉ុន្តែ​ខណៈដែល​ថ្ងៃ​រៀបការ​ខិតជិត​មកដល់ នាង​វី​បាន​អះអាងថា​លោក​ហៃ​បាន​ក្លាយជា​មនុស្ស​ហិង្សា​និង​រមែង​វាយ​ធ្វើបាប​នាង​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​។​

​នាង​និយាយថា​នាង​បាន​ព្យាយាម​ចាក​ចេញពី​ទំនាក់ទំនង​នេះ ប៉ុន្តែ​លោក​ហៃ​បាន​ទទូច​ឱ្យ​គ្រួសារ​ទាំងពីរ​អង្គុយ​ចុះ​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​របស់​អ្នក​ទាំងពីរ​។​

​គ្រួសារ​ទាំងពីរ​បាន​ជួបគ្នា​នៅ​ថ្ងៃទី ១ ខែមករា ហើយ​នៅពេលដែល​ហៃ​មកដល់​ផ្ទះ​របស់​ជនរ​ង​គ្រោះ នាង​វី​និយាយថា គាត់​បាន​ដើរចូល​ផ្ទះបាយ រួច​ជះ​ទឹក​អាស៊ីត​លើ​មុខ​របស់​នាង​តែម្តង​។​

​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​បានឱ្យដឹងថា នាង​ទទួលរង​ការ​រលាក​យ៉ាងធ្ងន់ធ្ងរ​នៅលើ​ផ្ទៃមុខ​ដៃ​និង​ជើង​របស់​នាង ខណៈ​ឪពុកម្តាយ​របស់​នាង​ក៏​រងរបួស​ស្រាល​ផងដែរ​។​

​យោងតាម​ម្តាយ​ជនរងគ្រោះ​បានឱ្យដឹងថា នាង​វី​បាន​ឆ្លងកាត់​ការវះកាត់​ជិត ១០ ដង​ក្នុង​រយៈពេល ៥ ខែ​ចុង​ក្រោយនេះ ហើយ​បាន​ខូច​ទ្រង់ទ្រាយ​មុខមាត់​យ៉ាងធ្ងន់ធ្ងរ​។​

​ប៉ូលិស​ត្រូវបាន​កោះហៅ​ឱ្យ​ស៊ើបអង្កេត​ហើយ​ឥឡូវនេះ​បានប្រកាស​ការចោទប្រកាន់​ប្រឆាំងនឹង​ហៃ បន្ទាប់ពី​ការស៊ើបអង្កេត​របស់​ពួកគេ​។​

​ហៃ​ក៏​ត្រូវបាន​បណ្តេញ​ចេញពី​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​និង​ដកហូត​តំណែង​ផងដែរ​។ គេ​មិនទាន់​ដឹង​ទេ​ថា​តើ​ការកាត់ទោស​នឹង​ចាប់ផ្តើម​នៅពេលណា​៕ ដោយ៖ កញ្ញាដាលីស

#